មន្ត្រីសន្តិសុខរបស់ អ៊ុយក្រែន បានឱ្យដឹងថា កងទ័ពប្រទេសនេះបានបំផ្លាញដោយជោគជ័យនូវផែនការធ្វើឃាតរបស់ក្រុមពិសេសមកពី សាធារណរដ្ឋឆេឆេនី។
«បេសកកម្មដែលធ្វើឡើងដោយសមាជិកក្រុមពិសេស Kadyrovites របស់ សាធារណរដ្ឋឆេឆេនី ដើម្បីធ្វើឃាតប្រធានាធិបតីរបស់ អ៊ុយក្រែន ត្រូវបានយើងរកឃើញនៅថ្ងៃនេះ» លេខានៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិអ៊ុយក្រែន លោក Oleksiy Danilov កាលពីថ្ងៃទី ១ មីនា បានប្រកាសដូច្នេះនៅលើទូរទស្សន៍រដ្ឋ Rada TV។
យោងតាម Danilov កម្លាំងពិសេស Kadyrovites ត្រូវបានបែងចែកជាពីរក្រុម ក្នុងនោះ ពាក់កណ្ដាលត្រូវបានកងទ័ពរបស់ អ៊ុយក្រែន គ្រប់គ្រងនៅ Hostomel ក្បែរ រដ្ឋធានីកៀវ ចំណែកក្រុមមួយទៀតកំពុងប្រយុទ្ធគ្នាទល់នឹងកងកម្លាំងរបស់ អ៊ុយក្រែន។ បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា ក្រុមនេះបានទៅដល់ទីណានៅឡើយ។
ប្រធានាធិបតី ហ្សេឡែនស្គី ធ្លាប់បានថ្លែងថា លោកគឺជា «គោលដៅទីមួយ» ចាប់តាំងពី រុស្ស៊ី បានប្រកាសបើកការឈ្លានពានលើ អ៊ុយក្រែន។ អាម៉េរិក ក៏ធ្លាប់បានស្នើឱ្យធ្វើការឈ្លៀសប្រធានាធិបតីរូបនេះផងដែរ ដើម្បីការពារសុវត្ថិភាព ក៏ប៉ុន្តែ លោក ហ្សេឡែនស្គី បានបដិសេធ។
មេដឹកនាំរបស់ សាធារណរដ្ឋឆេឆេនី លោក Ramzan Kadyrov គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ រុស្ស៊ី។ ឆេឆេនី កាលពីប៉ុន្មានថ្ងៃមុននេះ បានបញ្ចាក់ថា កងទ័ពរបស់ខ្លួន កំពុងចូលរួមជួយ រុស្ស៊ី នៅក្នុងការឈ្លានពាន អ៊ុយក្រែន។