អ៊ុយក្រែន បានចេញបញ្ជាឱ្យលើកទឹកចិត្ត និងស្នើបុរសដែលមានអាយុចាប់ពី ១៨ ដល់ ៦០ ឆ្នាំ មិនត្រូវចាកចេញពីប្រទេស ក្នុងពេល រុស្ស៊ី បើកការឈ្លានពាន។
បទបញ្ជាខាងលើត្រូវបានប្រធានាធិបតី Volodymyr Zelensky ចុះហត្ថលេខាកាលពីចុងថ្ងៃទី ២៤ កុម្ភៈ ដើម្បី «ធានាកម្លាំងការពារជាតិ ជួយដល់សមត្ថភាពក្នុងការត្រៀមប្រយុទ្ធ និងការប្រមូលកម្លាំងប្រដាប់អាវុធរបស់ អ៊ុយក្រែន ក៏ដូចជាកងកម្លាំងយោធាផ្សេងទៀត»។
យោងតាមបទបញ្ជាដែលមានសុពលភាព ៩០ ថ្ងៃនេះ ទាហានកាតព្វកិច្ច និងទាហានបម្រុងនៅ អ៊ុយក្រែន នឹងត្រូវបានប្រមូល។
កម្លាំងការពារព្រំដែនរបស់ អ៊ុយក្រែន ឱ្យដឹងថា ពលរដ្ឋដែលមានអាយុពី ១៨ ដល់ ៦០ ឆ្នាំ ត្រូវបានហាមចាកចេញពីប្រទេសក្នុងអំឡុង ៩០ ថ្ងៃខាងលើ។ ប្រធានាធិបតី Zelensky មុននោះក៏បានប្រកាសថា នឹងផ្ដល់អាវុធដល់ ពលរដ្ឋអ៊ុយក្រែន ទាំងអស់ ដែលត្រូវការ។ លោកក៏បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយ រុស្ស៊ី ផងដែរ។
ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃទី ២៤ កុម្ភៈ បានប្រកាសបើកយុទ្ធនាការយោធាពិសេសនៅ អ៊ុយក្រែន ក្រោមហេតុផលថា «ប្រទេស» នៅតំបន់ភាគខាងកើតរបស់ អ៊ុយក្រែន បានស្នើសុំជំនួយយោធា។
កងទ័ពរុស្ស៊ី បានសម្រុកចូលឈ្លានពានលើ អ៊ុយក្រែន ពីច្រើនទិស ខណៈកងកម្លាំងផ្ដាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែន ក៏បើកការវាយប្រហារសំដៅតំបន់ដែលកំពុងគ្រប់គ្រងដោយអាជ្ញាធររដ្ឋាភិបាលអ៊ុយក្រែន និងដណ្ដើមបានទីរួមស្រុកចំនួន ២ នៅ Luhansk។
អ៊ុយក្រែនប្រកាសថា មនុស្ស ១៣៧ នាក់បានស្លាប់ និង ៣១៦ នាក់ រងរបួង បន្ទាប់ពី រុស្ស៊ី បានបើកការវាយលុក។ ជនភៀសខ្លួនរបស់ អ៊ុយក្រែន កំពុងរត់ទៅប្រទេសជិតខាង ហើយ អាម៉េរិក ក៏បានប្រកាសទទួលយកជនភៀសខ្លួនទាំងនោះ។