ស៊ុយអែត ប្រកាសថា ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩ បានបញ្ចប់​នៅ​ប្រទេស​នេះ

កាលពី​ថ្ងៃទី ៩ កុម្ភៈ ក្រុមមន្ត្រី​សុខាភិបាល​នៃ ប្រទេស​ស៊ុយអែត បានប្រកាសថា ជំងឺ​រាតត្បាត​ដែល​បង្កឡើង​ដោយ វីរុស SARS-CoV-2 (កូ​វីដ-១៩) បានបញ្ចប់​នៅក្នុង​ប្រទេស​អឺរ៉ុប​ខាងជើង​នេះ បើទោះជា​មានការ​ព្រមាន​អំពី​ហានិភ័យ​ឆ្លង​រាលដាល។

សារព័ត៌មាន AP បានឱ្យដឹងថា ឆ្លើយតប​នឹង​សំណួរ​របស់​សារព័ត៌មាន Dagens Nyheter កាលពី​ថ្ងៃទី ៩ កុម្ភៈ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ស៊ុយអែត Lena Hallengren បាន​លើកឡើងថា៖ «ជាមួយនឹង​អ្វីដែល​យើង​បានដឹង​អំពី​ជំងឺ​រាតត្បាត​សកល ខ្ញុំ​និយាយថា វា​បាន​កន្លងផុត​ទៅហើយ…។ បើទោះជា​មិនទាន់​បញ្ចប់​ជា​ស្ថាពរ ប៉ុន្តែ​យើង​ឃើញថា មានការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស។ កូ​វីដ-១៩ ពេលនេះ លែង​ត្រូវបាន​ចាត់ទុកថា​ជាការ​គំរាមកំហែង​ដល់​សង្គម​ទៀតហើយ»។

ក្នុង​ថ្ងៃ​ដដែល ប្រធាន​អាជ្ញាធរ​សុខាភិបាល​សាធារណៈ​របស់ ស៊ុយអែត លោកស្រី Karin Tegmark Wisell ក៏បាន​វាយតម្លៃថា «ប្រាក់​ចំណាយ និង​ភាពចាំបាច់​នៃ​ការធ្វើ​តេស្ត​កូ​វីដ-១៩ លែង​សមស្រប​ទៀតហើយ​នៅ ស៊ុយអែត។ បើសិនជា​ធ្វើតេស្ត​សំណាក​ទូទៅ​លើ​មនុស្ស​គ្រប់គ្នា​ដែល​បាន​ឆ្លង កូ​វីដ-១៩ នោះ​មានន័យថា យើង​នឹងត្រូវ​ចំណាយ​កន្លះ​ពាន់​លាន ក្រូ​ណូ​រ/សប្ដាហ៍ (ប្រហែល ៥៥ លាន​ដុល្លារ​អាម៉េរិក) និង ២ ពាន់​លាន​ក្រូ​ណូ​រ/ខែ (២២០ លាន​ដុល្លារ​អាម៉េរិក)»។

ចាប់ពី​ថ្ងៃទី ៩ កុម្ភៈ ស៊ុយអែត បានបញ្ចប់​ស្ទើរតែ​ទាំងស្រុង​នូវ​វិធានការ​រឹតបន្តឹង​នានា ដើម្បី​ទប់ស្កាត់​ការឆ្លង កូ​វីដ-១៩ ដោយបាន​ផ្អាក​ការធ្វើ​តេស្ត​សំណាក​ស្ទើរតែ​ទាំងអស់។ បណ្ដា​ភោជនីយដ្ឋាន និង​ក្លឹប​រាត្រី​ជាដើម ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​រហូត​ដល់​ក្រោយ​ម៉ោង ២៣ ជា​រៀងរាល់​យប់ ហើយក៏​មិនមាន​ការកំណត់​ចំនួន​ភ្ញៀវ​ដែល​ចូល​ទទួល​សេវាកម្ម។ ចំណែក​កម្មវិធីធំៗដែល​ធ្វើ​នៅឯ​ផ្ទះ ក៏​អាច​ធ្វើឡើង​ដោយ​សេរី ខណៈដែល​ប័ណ្ណ​បញ្ជាក់​អំពី​ការចាក់​វ៉ាក់សាំង ក៏​អាច​លែង​ជា​របស់​ចាំបាច់​ទៀត​ដែរ។

ប្រធានអាជ្ញាធរសុខាភិបាលសាធារណៈរបស់ ស៊ុយអែត លោកស្រី Karin Tegmark Wisell

យោងតាម​ការអនុវត្ត​ថ្មី ការធ្វើ​តេស្ត PCR ដោយ​មិន​គិតថ្លៃ នឹង​ត្រូវបាន​ធ្វើឡើង​ចំពោះតែ​បុគ្គលិក​សុខាភិបាល និង​អ្នក​ថែទាំ​មនុស្ស​ចាស់ និង​អ្នក​ដែលមាន​ហានិភ័យ​រង​ផលប៉ះពាល់​ប៉ុណ្ណោះ នៅពេល​ពួកគេ​មាន​រោគសញ្ញា។ ប្រជាជន​ស៊ុយអែត នឹង​គ្រាន់តែ​ត្រូវ​ស្នើឱ្យ​នៅផ្ទះ បើសិន​ពួកគេ​មាន​រោគសញ្ញា​ដែល​សង្ស័យថា បាន​ឆ្លង កូ​វីដ-១។

កាលពី​ពាក់កណ្ដាល​ខែមករា រដ្ឋាភិបាល​ស៊ុយអែត ក៏​លែង​ស្នើឱ្យ​អ្នក​ទេសចរណ៍​បង្ហាញ​លិខិតបញ្ជាក់​ការធ្វើ​តេស្ត​អវិជ្ជមាន​នឹង កូ​វីដ-១៩ ទៀត​ដែរ នៅពេល​ពួកគេ​ចូល​មកលេង​ប្រទេស​នេះ។

ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅតែមាន​ការព្រួយបារម្ភ។ បច្ចុប្បន្ន មន្ទីរពេទ្យ​នានា​នៅ ស៊ុយអែត នៅតែមាន​អារម្មណ៍​តានតឹង ដោយសារ​តែមាន​អ្នកជំងឺ​កូ​វីដ-១៩ ប្រហែល ២,២០០ នាក់​ទៀត កំពុង​ត្រូវការ​ការថែទាំ​នៅ​មន្ទីរពេទ្យ ប្រហាក់ប្រហែល​នឹង​រលក​នៃ​ការឆ្លង​ទី ២ កាលពី​រដូវ​ផ្កា​រីក ២០២។

ដោយសារតែ​ស្ថាប័ន​នានា​របស់ ក្រសួងសុខាភិបាល បាន​ផ្អាក​ការធ្វើ​តេស្ត​ដោយ​ឥតគិតថ្លៃ ដូច្នេះ ពុំមាន​អ្នកណាម្នាក់​បានដឹង​ច្បាស់​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន​ប៉ុន្មាន​នាក់​នោះឡើយ។

ចាប់តាំងពី កូ​វីដ-១៩ បាន​ផ្ទុះ​ឆ្លង​រាលដាល​រហូតដល់​បច្ចុប្បន្ន ប្រទេស​ស៊ុយអែត មាន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​ជាង ២.៤ លាន​នាក់ ក្នុងនោះ​មាន​ជាង ១៦,០០០ នាក់ បាន​បាត់​បង់ជីវិត និង​ជាង ១ លាន​នាក់ បានជា​សះស្បើយ៕

Advertisement