សំឡេងផ្ទុះរបស់ភ្នំភ្លើងនៅ ប្រទេសតុងហ្គា លាន់ឮដល់ សហរដ្ឋអាម៉េរិក ខណៈដែលរលកកញ្ឆក់ (Shockwave) របស់វា ចល័តជុំវិញពិភពលោក និងត្រូវបានរកឃើញនៅ ប្រទេសអង់គ្លេស។
ស្ថាប័នឧតុនិយមជាតិរបស់ អាម៉េរិក កាលពីម្សិលមិញ បានប្រកាសថា ស្ថានីយតាមដានភ្នំភ្លើង Alaska បានកត់ត្រាឮសំឡេងផ្ទុះពីហេតុការណ៍ផ្ទុះភ្នំភ្លើងនៅ តុងហ្គា កាលពីថ្ងៃទី ១៥ មករា។ ចម្ងាយពីភ្នំភ្លើងដែលកំពុងផ្ទុះ ទៅកាន់ស្ថានីយតាមដានភ្នំភ្លើង Alaska គឺប្រមាណជិត ១០,០០០ គីឡូម៉ែត្រ។ ស្ថាប័នភូគព្ភសាស្ត្រអាម៉េរិក ឱ្យដឹងថា ករណីផ្ទុះភ្នំភ្លើងនេះ មានកម្លាំងប្រហាក់ប្រហែលនឹងហេតុការណ៍រញ្ជួយដីកម្លាំង ៥.៨ រិចទ័រ។
ស្ថានីយឧតុនិយម Fife នៅ ស្កុតឡែន ក៏បានឱ្យដឹងថា ករណីផ្ទុះភ្នំភ្លើងនេះធ្វើឱ្យសម្ពាធខ្យល់កើនឡើងខ្ពស់។ «ពិតជាគួរឱ្យភ្ញាក់ផ្អើល នៅពេលគិតដល់កម្លាំងដែលអាចបង្ករលកកញ្ឆក់ចល័តជុំវិញពិភពលោក» ស្ថាប័ននេះបង្ហោះសារដូច្នេះនៅលើ Twitter កាលពីពេលថ្មីៗនេះ។
ក្រោយការផ្ទុះកាលពីថ្ងៃទី ១៤ មករា ភ្នំភ្លើង Hunga Tonga-Hunag Ha’apai បន្តផ្ទុះកាលពីថ្ងៃទី ១៥ មករា ហើយប៉ុន្មាននាទីក្រោយមក វាក៏បានបង្កជារលកយក្សកម្ពស់ប្រហែល ១.២ ម៉ែត្រ វាយលុករដ្ឋធានី Nuku’alofa របស់ តុងហ្គា។
រដ្ឋាភិបាលតុងហ្គា មិនទាន់បញ្ចេញរបាយការណ៍ស្ដីពីការខូចខាតដោយសារហេតុការណ៍នេះនៅឡើយ ប៉ុន្តែ នៅលើបណ្ដាញសង្គម គេឃើញថា ទឹកបានឡើងលិចផ្លូវក្បែរឆ្នេរសមុទ្រ ហូរចូលផ្ទះសម្បែង និងបានកួចយករថយន្តផងដែរ។ តំបន់ជាច្រើននៅលើកោះ Tongatapu របស់ ប្រទេសតុងហ្គា ត្រូវដាច់ចរន្តអគ្គិសនី ខណៈដែលប្រព័ន្ធទំនាក់ទំនងក៏រអាក់រអួល។
បណ្ដាប្រទេសនៅលើឆ្នេរទាំង ២ របស់មហាសមុទ្រប៉ាស៊ីហ្វិក បានព្រមានអំពីរលកយក្ស ក្នុងនោះមាន សហរដ្ឋអាម៉េរិក នូវែលសេឡង់ និង កាណាដាផងដែរ។ ចំណែកស្ថាប័នឧតុនិយមរបស់ ជប៉ុន ក៏បានឱ្យដឹងថា រលកយក្សបានមកដល់ប្រទេសនេះនៅយប់ថ្ងៃទី ១៥ មករា និងវេលាទៀបភ្លឺនៃថ្ងៃទី ១៦ មករា ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយហេតុការណ៍ផ្ទុះភ្នំភ្លើងនៅ តុងហ្គា។