ម៉ូឌុល ចំនួន ២ គឺ Wentian និង Mengtian នឹងត្រូវបានបាញ់បង្ហោះទៅកាន់គន្លងគោចរជាបន្តបន្ទាប់ ហើយភ្ជាប់ខ្លួនទៅនឹង ម៉ូឌុលស្នូល Tianhe ជួយឱ្យក្រុមអ្នកវិទ្យាសាស្ត្រ បង្ហើយការងារសាងសង់ស្ថានីយអវកាសចិន។
ឆ្នាំ ២០២១ គឺជាឆ្នាំជោគជ័យនៃបេសកកម្មសាងសង់ស្ថានីយអវកាសរបស់ប្រទេស ចិន។ ម៉ូឌុលស្នូល Tianhe ត្រូវបានបាញ់បង្ហោះឡើងទៅកាន់គន្លងគោចរ ហើយអ្នកអវកាស ២ ក្រុម បានរស់នៅ និងធ្វើការយូរថ្ងៃលើស្ថានីយនេះ។ ឆ្នាំ ២០២២ ក៏ជាឆ្នាំដែលគួរជាទីរំពឹងបំផុត។ នេះគឺជាឆ្នាំដែលដំណាក់កាលសាងសង់ស្ថានីយអវកាស នឹងត្រូវបានបញ្ចប់ជាស្ថាពរទៅតាមផែនការ។
តើប្រទេស ចិន មានគម្រោងធ្វើអ្វីខ្លះនៅក្នុងឆ្នាំ ២០២២ សម្រាប់ស្ថានីយអវកាស? សូមមកស្វែងយល់ក្នុងកម្មវិធី «Tech Breakdown»។
ដើម្បីអាចសាងសង់រួចរាល់នៅចុងឆ្នាំ ២០២២ ប្រទេស ចិន នឹងបាញ់បង្ហោះយានអវកាសដឹកទំនិញ Tianzhou 4 ហើយបន្ទាប់មក បាញ់បង្ហោះយានដឹកមនុស្ស Shenzhou 14។ យាន Tianzhou 4 នឹងផ្គត់ផ្គង់សម្ភារៈដល់ក្រុមអ្នកអវកាសរបស់ Shenzhou 14។
នៅក្នុងអំឡុងអ្នកវិទ្យាសាស្ត្រស្ថិតនៅលើស្ថានីយអវកាស ម៉ូឌុលជាបន្ទប់ពិសោធន៍ចំនួន ២ គឺ Wentian និង Mengtian
នឹងត្រូវបានបាញ់បង្ហោះជាបន្តបន្ទាប់ទៅកាន់ទីអវកាស ហើយនឹងត្រូវបានភ្ជាប់ជាមួយនឹងបន្ទប់ស្នូល Tienhe ដោយប្រើប្រាស់ដៃរ៉ូបូតរបស់ស្ថានីយ បង្កើតបានជាប្រព័ន្ធដែលមានរាងដូចអក្សរ T។ នៅពេលនោះ គេអាចនិយាយបានថា បេសកកម្មសាងសង់ស្ថានីយអវកាស បានបញ្ចប់ជាស្ថាពរ។
យានអវកាសដឹកទំនិញ Tianzhou 5 និងយានដឹកមនុស្ស Shenzhou 15 នឹងត្រូវបានបាញ់បង្ហោះដើម្បីចាប់ផ្ដើមផ្លាស់ប្ដូរអ្នកអវកាសនៅលើស្ថានីយ។ ក្រៅពីនេះ បន្ទប់មួយដែលមានផ្ទុកកែវយឹតអវកាស ក៏នឹងត្រូវបានបាញ់បង្ហោះឱ្យទៅធ្វើដំណើរស្របគ្នាជាមួយនឹងស្ថានីយអវកាស។
ស្ថានីយអវកាសរបស់ ចិន នឹងផ្ដល់ទិន្នន័យនៃការសង្កេតនានាសម្រាប់ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រ។ មន្ត្រីចិន និយាយថា បន្ទាប់ពីសាងសង់រួចរាល់ ស្ថានីយអវកាសនេះនឹងបើកឱ្យមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយនឹងភាគីអន្តរជាតិ។
បណ្ឌិត Yang Yuguang សាស្ត្រាចារ្យនៃក្រុមហ៊ុនឧស្សាហកម្មនិងវិទ្យាសាស្ត្រអាកាសចរណ៍អវកាសចិន បានឱ្យដឹងថា៖ «ស្ថានីយអវកាសនេះមិនត្រឹមតែជាបន្ទប់ពិសោធន៍ជាតិរបស់ប្រទេសចិន នៅលើគន្លងគោចរនោះទេ ប៉ុន្តែ ក៏ជាថ្នាលសំខាន់សម្រាប់កិច្ចសហប្រតិបត្តិអន្តរជាតិផងដែរ»។
លោកបណ្ឌិតបន្តថា៖ «កិច្ចសហប្រតិបត្តិការអន្តរជាតិ មាន ៤ កម្រិត។ ដំបូងគឺការពិសោធរួមដែលកំពុងត្រូវបានធ្វើឡើង។ ក្រៅពីនេះ យើងនៅមានភ្ញៀវទាំងឡាយមកពីបណ្ដាប្រទេស ក្នុងនោះមានប្រទេសមួយចំនួននៅ អឺរ៉ុប ដូចជា អវកាសចរជនជាតិអ៊ីតាលី Samantha Cristoforetti និងអ្នកអវកាសមួយចំនួនទៀតដែលកំពុងត្រូវបានបណ្ដុះបណ្ដាលនៅប្រទេស ចិន»។
«កម្រិតទី ៣ គឺការទទួលយានអវកាសមកពីប្រទេសដទៃ ដូចជាយានដឹកមនុស្ស និងយានដឹកទំនិញជាដើម។ ចំណែកកម្រិតខ្ពស់បំផុតគឺកិច្ចសហប្រតិបត្តិការដែលយោងទៅលើម៉ូឌុល មានន័យថា ម៉ូឌុលពីប្រទេសដទៃ អាចហោះមកភ្ជាប់ និងក្លាយជាផ្នែកមួយដែលស្ថិតនៅជារៀងរហូតរបស់ស្ថានីយអវកាស» លោកបណ្ឌិត Yang Yuguang ថ្លែងដូច្នេះ៕