រថយន្ត​ជិត ១,០០០ គ្រឿង ត្រូវបាន​ដុតបំផ្លាញ​នៅក្នុង​រាត្រី​ឆ្លង​ឆ្នាំ នៅ​ប្រទេស បារាំង

រថយន្ត​ចំនួន ៨៧៤ គ្រឿង នៅ​ពាសពេញ​ទឹកដី​របស់ បារាំង ត្រូវបាន​ដុតបំផ្លាញ​ចោល​នៅក្នុង​រាត្រី​ឆ្លង​ឆ្នាំ ជា​ផ្នែក​មួយ​នៃ «ទំនៀមទម្លាប់» ដែល​បាន​កើតមាន​តាំងតែ​ពី​រាប់​ទសវត្សរ៍​មុន​នៅ​ប្រទេស​នេះ។

ការដុត​រថយន្ត​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​ជាច្រើន​របស់​ប្រទេស បារាំង ធ្វើឱ្យ​ក្រុម​សមត្ថកិច្ច​ពិបាក​ក្នុងការ​ប្រមូល​ទិន្នន័យ និង​ស្រាវជ្រាវ​រក​ជនដៃដល់។ មកដល់​ថ្ងៃទី ១ មករា រថយន្ត​ដែល​ត្រូវបាន​គេ​ដុតចោលថ្មីៗ ត្រូវបាន​នាំមក​កន្លែង​ប្រមូលផ្ដុំ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការខាតបង់។

ដោយសារតែ​មានការ​រឹតត្បិត​លើ​ការ​ដើរហើរ​ក្នុង​បំណង​ទប់ស្កាត់ កូ​វីដ-១៩ ចំនួន​រថយន្ត​ដែល​ត្រូវគេ​ដុត​នៅក្នុង​ឆ្នាំនេះ ទាប​ជាង​ធៀប​នឹងឆ្នាំមុន។ ឆ្នាំ ២០១៩ មាន​រថយន្ត ១,៣១៦ គ្រឿង​ត្រូវបាន​គេ​ដុត និង​មនុស្ស​ចំនួន 376 នាក់​ត្រូវបាន​ប៉ូលិស​សួរនាំ ខណៈដែល​ឆ្នាំ ២០២១ ចំនួន​មនុស្ស​ដែល​ត្រូវ​ប៉ូលិស​សួរនាំ មាន​ចំនួន ៤៤១ នាក់។

ការដុត​រថយន្ត​បាន​ក្លាយជា​សកម្មភាព​ប្រចាំឆ្នាំ​នៅ​តំបន់​ជាយក្រុង​មួយចំនួន​របស់ បារាំង រាប់​ចាប់តាំងពី​ក្រោយ​អំពើហិង្សា​មួយចំនួន​ដែល​កើតឡើង​កាលពី​ឆ្នាំ ២០០៥ នៅក្នុង​ទីក្រុង​មួយចំនួន​របស់​ប្រទេស​នេះ។ សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា ប៉ូលិស និង​កង​អាវុធហត្ថ​ប្រមាណ ៩៥,០០០ នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​រាត្រី​ឆ្លង​ឆ្នាំ​នៃ​ឆ្នាំនេះ ដើម្បី​ការពារ​សន្តិសុខ៕

 

Advertisement