កម្មករ​ចំនួន​ ២១ នាក់ កំពុង​ជាប់​ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​លិច​ទឹក នៅ ប្រទេស​ចិន

អាជ្ញាធរខេត្ត Shanxi ភាគ​ខាងជើង​នៃ ប្រទេស​ចិន នា​ថ្ងៃទី ១៧ ធ្នូ នេះ បានឱ្យដឹងថា កងកម្លាំង​ជួយសង្គ្រោះ​កំពុង​ដុតដៃ ដុតជើង សង្គ្រោះ​កម្មករ ២១ នាក់ ដែល​ជាប់​នៅក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​កំពុង​លិច​ទឹក មួយកន្លែង​នៅ​ខេត្ត​នេះ។

ក្រុម​សង្គ្រោះ​ដែលមាន​គ្នា​ជាង ៤០០ នាក់ កំពុង​រត់ប្រណាំង​នឹង​ពេលវេលា​ដើម្បី​ចូលទៅ​ឱ្យដល់​កន្លែង​ដែល​កម្មករ​ទាំងនេះ​កំពុង​ជាប់គាំង នេះ​បើតាម​អាជ្ញាធរ​ក្នុង​តំបន់។ ពួកគេ​បាន​ដំឡើង​ម៉ាស៊ីនបូមទឹក​មួយចំនួន​ដើម្បី​រំដោះ​ទឹក​ចេញពី​អណ្ដូងរ៉ែ ហើយ​មកដល់​វេលា​ម៉ោង ៦ ព្រឹក ថ្ងៃទី ១៧ ធ្នូ ទឹក​នៅក្នុង​អណ្ដូងរ៉ែ បាន​ថយចុះ ២.១ ម៉ែត្រ។

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល ២៣ យប់ នៃ​ថ្ងៃទី ១៥ ធ្នូ នៅក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​មួយ ក្នុង​ទីក្រុង Xiaoyi របស់​ខេត្ត Shanxi។

យោងតាម​ការស្រាវជ្រាវ​ដំបូង ការទាញយក​រ៉ែ​ខុសច្បាប់​គឺជា​មូលហេតុ​ដែលនាំឱ្យ​កើតមាន​គ្រោះថ្នាក់​នេះ។ សីតុណ្ហភាព​ថយចុះ ខណៈដែល​ខ្យល់​បក់​ខ្លាំង​គឺជា​កត្តា​ដែល​បណ្ដាលឱ្យ​បេសកកម្ម​ជួយសង្គ្រោះ​ប្រែជា​លំបាក​ជាង​មុន។

សមត្ថកិច្ច​បាន និង​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ជនសង្ស័យ ៧ នាក់ ដែល​ទាក់ទិន​នឹង​ហេតុការណ៍​នេះ និង​កំពុង​ស្វែងរក​ជន​មួយចំនួនទៀត​ដែល​បច្ចុប្បន្ន​បានគេច​ខ្លួន​បាត់ស្រមោល​ពី​កន្លែងកើតហេតុ៕

Advertisement