ប្រទេសហ្វ៊ីលីពីន បានប្រកាសអាសន្នកម្រិត ៣ នៅក្នុងកាំប្រកាសអាសន្នដែលមាន ៥ កម្រិត និងចាប់ផ្ដើមឈ្លៀសប្រជាជនរាប់ពាន់នាក់ទៅរកទីសុវត្ថិភាព នៅពេលព្យុះកំណាច Rai បោកបក់ជិតមកដល់។
មជ្ឈមណ្ឌលជូនដំណឹងរួមអំពីព្យុះទីហ្វុង (JTWC) បានព្យាករថា ព្យុះកំណាច Rai ឬហៅថា Odette នៅ ប្រទេសហ្វ៊ីលីពីន នឹងធ្វើដំណើរក្នុងល្បឿន ២៦០ គីឡូម៉ែត្រ/ម៉ោង នៅពេលបោកបក់ចូលដល់ដីគោក។ ល្បឿននេះធ្វើឱ្យព្យុះ Rai មានកម្លាំងប្រហាក់ប្រហែលនឹងព្យុះកម្រិត ៥ ឬ ព្យុះសង្ឃរា។
ស្ថាប័នឧតុនិយមរបស់ ហ្វ៊ីលីពីន បានព្យាករដែរថា ចាប់ពីព្រឹកថ្ងៃទី ១៦ នេះ រហូតដល់ថ្ងៃទី ១៧ ធ្នូ ព្យុះ Rai នឹងបង្កឱ្យមានភ្ញៀងធ្លាក់ខ្លាំង។ ភ្លៀងធំត្រូវបានអាជ្ញាធរព្រមានថា អាចបណ្ដាលឱ្យមានទឹកជំនន់ទ្រង់ទ្រាយធំ និងបំណាក់ដី។
បច្ចុប្បន្ន អាជ្ញាធររបស់ ហ្វ៊ីលីពីន កំពុងប្រកាសអាសន្នកម្រិត ៣ អំពីព្យុះកំណាច Rai នៅតំបន់ភាគខាងកើតនៃប្រជុំកោះ Visayas និងភាគខាងជើងនៃកោះ Mindanao។ ក្រោយពីព្យុះបានវាយប្រហារលើដីគោក ស្ថាប័នឧតុនិយមរបស់ប្រទេសនេះ អាចនឹងបង្កើនកម្រិតនៃការប្រកាសអាសន្នឡើងដល់កម្រិត ៤ ឬកម្រិត ៥ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងកាំប្រកាសអាសន្នអំពីព្យុះ។
ហ្វ៊ីលីពីន តែងតែរងគ្រោះដោយសារព្យុះត្រូពិចជាមធ្យម ២០ ករណី រៀងរាល់ឆ្នាំ ដែលបង្កការខូចខាតធ្ងន់ធ្ងរចំពោះមនុស្ស និងសេដ្ឋកិច្ច។ កាលពីឆ្នាំមុន ប្រទេសនេះក៏បានរងគ្រោះដោយសារព្យុះ Goni ដែលជាព្យុះខ្លាំងបំផុតក្នុងពិភពលោកនៅឆ្នាំ ២០២០ បណ្ដាលឱ្យមនុស្សរាប់សិបនាក់បាត់បង់ជីវិត រាប់ពាន់នាក់បាត់បង់ទីជម្រក ខណៈសេដ្ឋកិច្ចត្រូវខាតបង់ប្រាក់ជាង ៣៧០,០០០ ដុល្លារអាម៉េរិក៕