រដ្ឋប្រហារ​យោធា​នៅ​ ស៊ូដង់! នាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ច្រើន​រូប​ត្រូវ​​បាន​ឃុំខ្លួន

នាយករដ្ឋមន្ត្រី Abdalla Hamdok

កងទ័ព​របស់ ប្រទេស​ស៊ូដង់ ត្រូវបាន​គេ​ជឿថា កំពុង​ឃុំខ្លួន​នាយករដ្ឋមន្ត្រី Hamdok នៅក្នុង​ផ្ទះ និង​ចាប់ខ្លួន​រដ្ឋមន្ត្រី 4 រូប ក្រោយពី​មានការ​ខ្វែងគំនិត​ជាមួយនឹង​អាជ្ញាធរ​ស៊ីវិល​អស់​ជាច្រើន​ខែ។

នាយករដ្ឋមន្ត្រី Abdalla Hamdok ត្រូវបាន​ឃុំខ្លួន​ក្នុងផ្ទះ​ចាប់ពី​ព្រឹក​នេះ បន្ទាប់ពី​អង្គភាព​មួយ​នៃ​កងទ័ព​បាន​ឡោមព័ទ្ធ​ផ្ទះ​របស់លោក​នៅឯ​រដ្ឋធានី Khartoum។ ទូរទស្សន៍ Al Hadath បាន​រាយការណ៍​ថា ក្រុមមនុស្ស​ដែល​ស្លៀក​ឈុត​ទាហាន និង​ប្រដាប់​ដោយ​អាវុធ ក៏បាន​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៅក្នុង​រដ្ឋាភិបាល ក្នុងនោះ​ក៏មាន​ទាំង​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ទីប្រឹក្សា​ផ្នែក​សារព័ត៌មាន​របស់​នាយ​ក​រដ្ឋមន្ត្រី និង​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​អធិបតេយ្យ។

ក្រសួង​ព័ត៌មាន​របស់ ស៊ូដង់ ក្រោយមក​បានចេញ​ប្រកាស​ទទួល​ថា រដ្ឋមន្ត្រី​ជាច្រើនរូប​ត្រូវបាន «កងកម្លាំង​ចម្រុះ» ចាប់ខ្លួន។ «បន្ទាប់ពី​នាយករដ្ឋមន្ត្រី Hamdok បដិសេធ​មិន​ចូលរួម​ធ្វើ​រដ្ឋប្រហារ អង្គភាព​មួយ​របស់​កងទ័ព បាន​ចាប់ខ្លួន​លោក និង​នាំ​ទៅកាន់​ទីតាំង​អាថ៌កំបាំង» សេចក្ដីប្រកាស មាន​ឃ្លា​មួយ​សរសេរ​ដូច្នេះ។

ក្រុម​អ្នកយកព័ត៌មាន​របស់ AFP បានឱ្យដឹងថា បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត ត្រូវបាន​កាត់ផ្ដាច់​ទូទាំងប្រទេស នៅពេល​មាន​បាតុកម្ម​កើតឡើង​នៅតាម​ដងផ្លូវ​ដើម្បី​ប្រឆាំងនឹង​ទង្វើ​របស់​កងទ័ព។ ទាហាន​ត្រូវបាន​គេ​ដាក់ពង្រាយ​នៅតាម​បណ្ដោយ​ផ្លូវ​ទៅកាន់​រដ្ឋធានី ខណៈ​ទូរទស្សន៍​ជាតិ​កំពុង​ចាក់ផ្សាយ​បទ​ចម្រៀង​ស្នេហា​ជាតិ។

សមាគម​អ្នកជំនាញ​ស៊ូដង់ ដែលជា​ក្រុមគាំទ្រ​ប្រជាធិបតេយ្យ បាន​ហៅ​ទង្វើ​របស់​កងទ័ព​ថា​ជា​អំពើ​រដ្ឋប្រហារ​យោធា និង​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ចេញ​ធ្វើបាតុកម្ម​ប្រឆាំង។

អស្ថិរភាព​នយោបាយ​បានកើត​ឡើង​នៅ ប្រទេស​ស៊ូដង់ បន្ទាប់ពី​រដ្ឋប្រហារ​យោធា​បរាជ័យ​មួយ​កាលពី​ខែ​មុន។ កាលណោះ ទាហាន​ប្រហែល 40 នាក់ ត្រូវបាន​ចាប់ខ្លួន​នៅពេល​ពួកគេ​កំពុង​រក​វិធី​គ្រប់គ្រង​អគារ​របស់​ស្ថានីយទូរទស្សន៍​ជាតិ និង​អគ្គបញ្ជាការដ្ឋាន​កងទ័ព។

បណ្ដា​ក្រុម​ដែល​គាំទ្រ​ដោយ​កងទ័ព និង​ក្រុម​ស៊ីវិល​គាំទ្រ​ប្រជាធិបតេយ្យ​នៅ ស៊ូដង់ បាន និង​កំពុង​ប្រកួតប្រជែង​គ្នា​ក្នុងការ​ចែករំលែក​អំណាច បន្ទាប់ពី​មេដឹកនាំ​យូរ​ឆ្នាំ Omar al-Bashir ត្រូវបាន​ផ្ដួលរំលំ​កាលពី​ឆ្នាំ 2019។ Bashir បច្ចុប្បន្ន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​នៅ Khartoum និង​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ជាច្រើន។

ក្រុមប្រឹក្សា​អធិបតេយ្យ​ស៊ូដង់ កំពុង​ទទួលបន្ទុក​ដឹកនាំ​ប្រទេស ទៅតាម​កិច្ចព្រមព្រៀង​ចែករំលែក​អំណាច​រវាង​កងទ័ព និង​កងកម្លាំង​ស៊ីវិល ក្រោយពី Bashir ត្រូវបាន​ផ្ដួលរំលំ។ តាម​គម្រោង ការបោះឆ្នោត​នានា​នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ 2024៕

Advertisement