ទស្សនា​យន្តហោះ​ទំនើប ថ្មីៗ នៅ​ព្រឹត្តិការណ៍​ពិព័រណ៍​អាកាសចរណ៍​ធំ​បំផុត​របស់​ចិន

ខាងលើ​គឺជា​រូបភាព​យន្តហោះ​ចម្បាំង J-10 របស់​ក្រុម​យន្ត​ហើរ ប៉ា​យី (Bayi Aerobatic Team) នៃ​កងទ័ព​រំដោះប្រជាជន​ចិន ហោះហើរ​សម្ដែង​ក្នុង​ថ្ងៃ​ដំបូង​នៃ​ព្រឹត្តិការណ៍​នេះ។

ប្រទេស​ចិន បង្ហាញ​យន្តហោះថ្មីៗជាច្រើន​ប្រភេទ ដូចជា​យន្តហោះ​ចម្បាំង​អេឡិចត្រូនិក J-16D និង Wz-7 នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អាកាសចរណ៍ ហ្ស៊ូ​ហៃ (Zhuhai)។

ព្រឹត្តិការណ៍​តាំងពិព័រណ៍​យន្តហោះ​ចិន «The 13th China International Aviation and Aerospace Exhibition» ឬ​ហៅថា Airshow China 2021 ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​ហ្ស៊ូ​ហៃ ខេត្ត​ក្វាង​ទុង ចាប់ពី​ថ្ងៃទី 28 កញ្ញា ដល់ 3 តុលា។ នេះ​គឺជា​ពិព័រណ៍​យន្តហោះ​ធំ​បំផុត​នៅ ប្រទេស​ចិន ដែល​បង្ហាញ​អំពី​អំណាច​កាន់តែ​ខ្លាំងក្លា​នៃ​ទ័ពអាកាស​របស់​ប្រទេស​នេះ។

យន្តហោះ​យុទ្ធសាស្ត្រ​អេឡិចត្រូនិក J-16D ត្រូវបាន​ផលិតឡើង​ដើម្បី​បំពេញភារកិច្ច​ជា​អ្នកបង្ក​ការរំខាន​ដល់​ឧបករណ៍​អេឡិចត្រូនិក​របស់​សត្រូវ។ ក្រៅពី​J-16D ប្រទេស​ចិន ក៏​បង្ហាញ​យន្តហោះ​ថ្មី​មួយចំនួន ដូចជា​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) យន្តហោះ​ឈ្លប​ការណ៍ Wz-7 និង UAV ប្រយុទ្ធ CH-6 ជាដើម។

នារី​អ្នកបើកបរ​យន្តហោះ​ចិន ចុះ​ពីលើ​យន្តហោះ​ចម្បាំង J-10 បន្ទាប់ពី​ការហោះហើរ​សម្ដែង បានបញ្ចប់ កាលពី​ថ្ងៃទី 28 កញ្ញា។

ប្រទេស​ចិន កំពុង​បង្កើនល្បឿន​ដើម្បី​សម្រេចបាន​គោលដៅ​នៃ​ការធ្វើ​ទំនើបកម្ម​យោធា បំណង​ធ្វើឱ្យ​សមស្រប​នឹង «សង្គ្រាម​ទំនើប» នៅ​ឆ្នាំ 2035។ ក្រុម​អ្នកជំនាញ​យល់ថា ចិន កំពុង​កាត់បន្ថយ​គម្លាត​យោធា​ជាមួយ សហរដ្ឋ​អាម៉េរិក បើទោះជា​មាន​បច្ចេកវិទ្យា និង​ខ្ទង់​វិនិយោគ​លើ​វិស័យ​អាវុធ នៅ​អន់​ជាង។

ចិន គឺជា​ប្រទេស​ដែល​ផ្គត់ផ្គង់​យន្តហោះ​ប្រភេទ UAV ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយសារតែ សហរដ្ឋ​អាម៉េរិក និង អឺរ៉ុប ស្ទាក់ស្ទើរ​ក្នុងការ​នាំចេញ​អាវុធ​ប្រភេទ​នេះ។ UAV របស់ ចិន ធ្លាប់បាន​ចូលរួម​ប្រយុទ្ធ ឬ​បំពេញបេសកកម្ម​មួយចំនួន​នៅ មជ្ឈិមបូព៌ា និង​តំបន់​ផ្សេងទៀត។

កប៉ាល់​ហោះ AG600 ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាកាសចរណ៍​ចិន (AVIC) កំពុង​សម្ដែង​បង្ហាញ នៅក្នុង​ពិព័រណ៍​កាលពី​ថ្ងៃទី 28 កញ្ញា។

ព្រឹត្តិការណ៍​ពិព័រណ៍​យន្តហោះ​ចិន តែង​ត្រូវបាន​ធ្វើឡើង​ពីរ​ឆ្នាំ​ម្ដង ប៉ុន្តែ កាលពី​ឆ្នាំមុន វា​ត្រូវបាន​ពន្យារពេល ដោយសារតែ COVID-19។ អ្នក​មក​ទស្សនា​ព្រឹត្តិការណ៍​នា​ឆ្នាំនេះ ភាគច្រើន​គឺជា​ជនជាតិ​ចិន។

យន្តហោះ​ព្រមាន​រហ័ស KJ-500 ផលិត​ដោយ​ក្រុមហ៊ុន សាអានស៊ី (Shaanxi)

យន្តហោះ​ចម្បាំង J-10 របស់​ក្រុម​ហោះហើរ Bayi Aerobatic Team

ទាហាន​ចិន​ និង​យន្តហោះ​ចម្បាំង J-10 របស់​ក្រុម​ហោះហើរ Bayi Aerobatic Team

បុគ្គលិក​កំពុង​រៀបចំ​ទីតាំង​សម្រាប់​បង្ហាញ​ឧទ្ធម្ភាគចក្រ​វាយប្រហារ Z-10 នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍

Advertisement