អ៊ីស្រាអែល ប្រកាសថា បានវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងផលិតរ៉ុក្កែត របស់ក្រុម ហាម៉ាស នៃចលានា ប៉ាលេស្ទីន បន្ទាប់ពីកងជីវពលនេះបង្ហោះប៉ោងប៉ោងបំពាក់ជាតិផ្ទុះចូលទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
ក្រសួងការពារជាតិអ៊ីស្រាអែល បានប្រកាសថា កងទ័ពប្រទេសនេះបានវាយប្រហារទៅលើទីតាំងជាច្រើន ក្នុងនោះមានទាំងមូលដ្ឋានអភិវឌ្ឍរ៉ុក្កែតរបស់ក្រុមប្រដាប់អាវុធ ហាម៉ាស នៅទីក្រុង Khan Younis ក្នុងតំបន់ ហ្គាហ្សា កាលពីយប់ថ្ងៃទី 6 កញ្ញា និងបានបន្ថែមថា នេះគឺជាការសងសឹកទៅនឹងករណីបង្ហោះប៉ោងប៉ោងភ្ជាប់ជាតិផ្ទុះបង្កអគ្គិភ័យចំនួនបីលើកទៅលើតំបន់ភាគខាងត្បូងរបស់ អ៊ីស្រាអែល។
វីដេអូក្នុងបណ្ដាញសង្គមបង្ហាញថា ករណីផ្ទុះជាច្រើន រួមជាមួយនឹងអណ្ដាតភ្លើង បានកើតឡើងដោយសារការបាញ់ប្រហារពីយន្តហោះចម្បាំងរបស់ អ៊ីស្រាអែល។ សាក្សីមួយចំនួននិយាយថា ស្របពេលនោះក៏មានសំឡេងកាំភ្លើងធំបន្លឺឡើង ទំនងជាបាញ់សំដៅយន្តហោះចម្បាំងដែលកំពុងហោះពីលើតំបន់ ហ្គាហ្សា។
អ៊ីស្រាអែល បានវាយប្រហារតាមអាកាសជាច្រើនលើកទៅលើតំបន់ ហ្គាហ្សា រាប់ចាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយ ហាម៉ាស ក្រោយការប្រយុទ្ធគ្នា 11 ថ្ងៃ ដែលបានបណ្ដាលឱ្យជនជាតិប៉ាលេស្ទីន 260 និងជនជាតិអ៊ីស្រាអែល 13 បានស្លាប់កាលពីខែឧសភា។
មូលហេតុដែលនាំឱ្យ អ៊ីស្រាអែល បើកការវាយប្រហារសងសឹក ត្រូវបាន អ៊ីស្រាអែល អះអាងថា មកពីការបង្ហោះប៉ោងប៉ោងដែលមានភ្ជាប់ជាតិផ្ទុះ និងការបាញ់រ៉ុក្កែត ចូលទឹកដី អ៊ីស្រាអែល ពីសំណាក់កងជីវពល ហាម៉ាស៕