ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល ត្រូវបាន តា​លី​បង់ ព្រមាន​ជាមុន

អា​ហ្វ​ហ្គា​នី​ស្ថាន៖ មេដឹកនាំ​ម្នាក់​របស់ តា​លី​បង់ បាន​ព្រមាន​ថា «ជន​ព្រៃផ្សៃ​មួយចំនួន» កំពុង​ត្រៀម​វាយប្រហារ​ភេរវកម្ម តែ​ប៉ុន្មាន​ម៉ោង​ម៉ោង​ប៉ុណ្ណោះ មុននឹង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ដែល​បានសម្លាប់​មនុស្ស 70 នាក់​ស្លាប់​នៅ កា​ប៊ុល ត្រូវបាន​ធ្វើឡើង។

«យើង​បានទទួល​ព័ត៌មាន​ថា ក្រុម​ជន​ព្រៃផ្សៃ កំពុង​រៀប​គម្រោង​វាយប្រហារ​ភេរវកម្ម​សំដៅលើ​ពលរដ្ឋ​សាមញ្ញ។ យើង​កំពុង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​រារាំង​ហេតុការណ៍​នេះ» Abdul Qahar Balkhi មេដឹកនាំ​ក្រុមប្រឹក្សា​វប្បធម៌​របស់ តា​លី​បង់ បានឱ្យដឹង​កាលពី​ថ្ងៃទី 26 សីហា មុន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រៅ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល។

Abdul Qahar Balkhi មេដឹកនាំក្រុមប្រឹក្សាវប្បធម៌របស់ តាលីបង់

ក្រុមមន្ត្រី​របស់ តា​លី​បង់ មិនបាន​បញ្ជាក់​ឱ្យដឹង​ច្បាស់​អំពី​ការគំរាមកំហែង​នេះនោះ​ទេ។

ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ចំនួន​ពីរលើក នៅ​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​កា​ប៊ុល កាលពី​ថ្ងៃទី 26 សីហា បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ជាង 70 នាក់ ក្នុងនោះ​មាន 13 នាក់​ជា​ទាហាន អាមេរិក ខណៈ​អ្នករងរបួស​បាន​កើន​ដល់ 140 នាក់។

សហរដ្ឋអាមេរិក បាន​ចោទ​ក្រុម​រដ្ឋ​អ៊ីស្លាម Khorasan (ISIS-K) ដែលជា​សាខា​ប្រកបដោយ​អំពើហិង្សា របស់​ក្រុម រដ្ឋ​អ៊ីស្លាម (IS) ថា ជា​អ្នក​នៅ​ពីក្រោយ​អំពី​ភេរវកម្ម​នេះ។

ISIS-K បាន​ចេញមុខ​ទទួលខុសត្រូវ និង​អះអាងថា គោលដៅ​របស់​ពួកគេ​គឺ​ទាហាន អាមេរិក និង​សម្ព័ន្ធមិត្ត។ ប្រធានាធិបតី​អាមេរិក លោក Joe Biden ប្រកាសថា នឹង​សងសឹក។

ចាប់តាំងពី តា​លី​បង់ ដណ្ដើមបាន​អំណាច​ក្នុងការ​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល ព្រលានយន្តហោះ Hamid Karzai តែង​ស្ថិតក្នុង​ភាពវឹកវរ ដោយសារតែ​មនុស្ស​រាប់​ម៉ឺន​នាក់​នាំគ្នា​មកកាន់​ទីនេះ​ដើម្បី​រក​ផ្លូវ​ចាក​ចេញពី​ប្រទេស៕

Advertisement