(វីដេអូ)-ពលរដ្ឋ​ចំណាកស្រុក ម៉ា​រ៉ុ​ក រាប់ពាន់នាក់ ហែល​ឆ្លង​សមុទ្រ​​ពេល​យប់ ដើម្បី​បាន​ចូល​ប្រទេស​អេ​ស្ប៉ា​ញ

នៅ​ចំពោះមុខ​ស្ថានភាព​ឆ្លងដែន​ខុសច្បាប់​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​អេ​ស្ប៉ា​ញ ត្រូវបញ្ជូន​ទាហាន និង​ប៉ូលិស ទៅកាន់​តំបន់ Ceuta នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​ទ្វីបអាហ្វ្រិក ដើម្បី​ដោះស្រាយ និង​ទប់ស្កាត់​បញ្ហា។

យោងតាម​គេហទំព័រ news.sky.com កងទ័ព​អេ​ស្ប៉ា​ញ បាន និង​កំពុង​ធ្វើ​សកម្មភាព ដើម្បី​ទប់ស្កាត់​ការហូរចូល​នៃ​ជន​ចំណាកស្រុក​បរទេស ខណៈដែល​មនុស្ស​រាប់ពាន់​នាក់ ក្នុងនោះ​មាន​ទាំងក្មេងៗផងដែរ បាន​ហែល​ឆ្លង​សមុទ្រ ចូល​ទឹកដី Ceuta។ ទីក្រុង​ស្វយ័ត Ceuta នៃ​ប្រទេស​អេ​ស្ប៉ា​ញ ដែលមាន​ប្រជាជន​ជាង 80,000នាក់ ស្ថិតនៅ​តំបន់​មជ្ឈិមបូព៌ា និង​មាន​ព្រំដែន​គោក​ជាប់​នឹង​ប្រទេស​ម៉ា​រ៉ុ​ក។ Ceuta តែងតែ​ជាទី​តាំង​ដែល​ក្រុម​អ្នក​ចំណាកស្រុក​មកពី​អាហ្វ្រិក ជ្រើសរើស ដើម្បី​ចូលទៅ​កាន់​តំបន់​អឺរ៉ុប ដោយសារតែ​ការគ្រប់គ្រង​ព្រំដែន​នៅ​ធូររលុង។

គិត​ចាប់ពី​វេលា​ទៀបភ្លឺ នៃ​ថ្ងៃទី17 ខែឧសភា រហូតដល់​ព្រឹក​ថ្ងៃទី18 ខែឧសភា ជន​ចំណាកស្រុក​ប្រមាណ 6,000នាក់ ក្នុងនោះ​មានក្មេងៗចំនួន 1,500នាក់ បាន​ហែល​ឆ្លង​សមុទ្រ មកកាន់​តំបន់ Ceuta នេះ។ ក្នុងចំណោម​នោះ ក៏មាន​ម្នាក់​បាន​លង់ទឹក​ស្លាប់ នៅពេល​ហែល​លើ​សមុទ្រ។

ពលរដ្ឋ​ចំណាកស្រុក ម៉ា​រ៉ុ​ក ទាំងនេះ សុទ្ធតែ​ទទឹកជោក បន្ទាប់ពី​ហែល ឬ​ប្រើប្រាស់​ទូក​កៅស៊ូ ឆ្លងកាត់​សមុទ្រ ចូល​ទឹកដី​របស់ អេ​ស្ប៉ា​ញ។ ក្នុង​ថ្ងៃទី18 ខែឧសភា ជន​ចំណាកស្រុក នៅតែ​មកកាន់​តំបន់​នេះ Ceuta ប៉ុន្តែ​មាន​ចំនួន​តិចជាង​ថ្ងៃទី17 ដោយសារ អេ​ស្ប៉ា​ញ បាន​បន្ថែម​កម្លាំងយោធា និង​ប៉ូលិស ដើម្បី​គ្រប់គ្រង​ស្ថានការណ៍។

កងកម្លាំងប្រដាប់អាវុធ ត្រូវបាន​ដាក់ពង្រាយ​នៅ​ឆ្នេរសមុទ្រ និង​បាន​ចាប់ខ្លួន​មនុស្ស​មួយចំនួន​ដែល​ព្យាយាម​ឆ្លងដែន​ដោយ​ខុសច្បាប់។ មនុស្សពេញវ័យ ត្រូវបាន​នាំទៅ​កាន់​ទីលាន​បាល់ទាត់​មួយកន្លែង រួច​បញ្ជូន​ទៅកាន់​ប្រទេស ម៉ា​រ៉ុ​ក។ ចំណែក​កូនក្មេង​វិញ ត្រូវបាន​បញ្ជូន​ទៅកាន់​អគារ​មួយ​នៅក្នុង​តំបន់។

គិត​មកដល់​ថ្ងៃត្រង់​នៃ​ថ្ងៃទី18 ខែឧសភា ពលរដ្ឋ​ចំណាកស្រុក​ប្រមាណ 2,700នាក់ ត្រូវបាន​បញ្ជូន​ត្រលប់​ទៅកាន់​ប្រទេស ម៉ា​រ៉ុ​ក។

នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ Pedro Sanchez បានឱ្យដឹងថា ជន​ណា​ដែល​ចូល​តំបន់ Ceuta ដោយ​ខុសច្បាប់ នឹងត្រូវ​បណ្ដេញ​ត្រលប់​ទៅវិញ។ លោក​និយាយថា ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ចំនួន​ជន​ចំណាកស្រុក គឺជា វិបត្តិ​ធ្ងន់ធ្ងរ​សម្រាប់ អេ​ស្ប៉ា​ញ ក៏ដូចជា​តំបន់​អឺរ៉ុប​ទាំងមូល៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Advertisement