នៅពេលដែលប្រធានាធិបតី Donald Trump ត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ គូបដិបក្ខរបស់លោក គឺលោក Joe Biden និងអនុប្រធានាធិបតីរបស់លោក Trump ទទួលបានលទ្ធផលអវិជ្ជមានជាមួយនឹង COVID-19។
Trump បានឡើងឧទ្ធម្ភាគចក្រចាកចេញពីសេតវិមាន ឆ្ពោះទៅកាន់មន្ទីរពេទ្យយោធាជាតិ Walter Reed ដោយសារតែមានអាការក្ដៅខ្លួន។
ប្រមាណជា17ម៉ោង បន្ទាប់បានទទួលបានលទ្ធផលវិជ្ជមានជាមួយនឹង COVID-19 លោក Trump ត្រូវបានគេឃើញថា បានធ្វើដំណើរយ៉ាងយឺតៗឆ្លងកាត់វាលស្មៅនៅខាងត្បូងនៃសេតវិមាន ដើម្បីឡើងឧទ្ធម្ភាគចក្រទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធា Walter Reed នៅ Bethesda រដ្ឋ Maryland កាលពីថ្ងៃទី2តុលា (វេលាទៀបភ្លឺ ថ្ងៃទី3តុលានៅភ្នំពេញ)។
លោក Trump ពាក់ម៉ាស់ និងមិនបាននិយាយអ្វីជាមួយអ្នកកាសែតនោះឡើយ ដោយគ្រាន់តែលើកដៃស្វាគមន៍ ហើយពេលខ្លះក៏បានលើកម្រាមដៃមេឡើងលើ ដែលបង្ហាញថា លោកមិនថ្វីនោះទេ។ ក្រុមបុគ្គលិកដែលអមដំណើរ និងក្រុមទាហានឈរក្បែរ សុទ្ធតែពាក់ម៉ាស់។
“ខ្ញុំសូមអរគុណចំពោះអ្នកគ្រប់គ្នាដែលបានគាំទ្រយ៉ាងខ្លាំងក្លា។ ខ្ញុំនឹងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Walter Reed។ ខ្ញុំគិតថា ខ្ញុំមិនថ្វីទេ ប៉ុន្តែ យើងត្រូវតែធានាឱ្យប្រាកដថា គ្រប់យ៉ាងដំណើរការបានរលូន។ ភរិយារបស់ខ្ញុំក៏មិនថ្វីដែរ” លោក Trump បាននិយាយបែបនេះនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើទំព័រ Twitter កាលពីថ្ងៃទី2តុលា។
លេខាផ្នែកសារព័ត៌មានរបស់សេតវិមាន អ្នកស្រី Kayleigh McEnany បានឱ្យដឹងថា លោក Trump នឹងធ្វើការនៅក្នុងបន្ទប់ពិសេសមួយនៅក្នុងមន្ទីរពេទ្យ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
សារព័ត៌មាន Reuters បានដកស្រង់ប្រភពព័ត៌មានមួយឱ្យដឹងថា លោក Trump អាយុ74ឆ្នាំ មានអាការក្ដៅខ្លួនតិចៗ។ វេជ្ជបណ្ឌិត Sean P. Conley ដែលប្រចាំការនៅសេតវិមាន បានឱ្យដឹងដែរថា លោក Trump “ហត់នឿយ ប៉ុន្តែស្មារតីនៅល្អណាស់”។
លោក Conley ក៏បានបង្ហើបឱ្យដឹងថា បច្ចុប្បន្ន លោក Trump កំពុងត្រូវបានព្យាបាលដោយប្រើប្រាស់ថ្នាំ REGN-COV2 របស់ Regeneron។ នេះគឺជាប្រភេទថ្នាំមួយក្នុងចំណោមថ្នាំព្យាបាល COVID-19 ដែលកំពុងត្រូវបានប្រើប្រាស់សាកល្បង ដែលត្រូវគេហៅថា Monoclonal antibodies (បកប្រែក្រៅផ្លូវការថា អង្គបដិប្រាណទោល) ដែលត្រូវប្រើដើម្បីព្យាបាលជំងឺជាច្រើនប្រភេទ។ Anthony Fauci ប្រធានវិទ្យាស្ថានអាឡែរហ្ស៊ី និងជំងឺឆ្លងជាតិនៃសហរដ្ឋអាមេរិក រួមនឹងមន្ត្រីសុខាភិបាលជាច្រើនរូបទៀត ធ្លាប់បាននិយាយថា វិធីសាស្ត្រព្យាបាលនេះ ពិតជាអាចសង្ឃឹមបាន។ លោក Trump ក៏ប្រើថ្នាំវីតាមីន D, ថ្នាំស័ង្កសី, ថ្នាំ famotidine, melatonin និងថ្នាំ aspirin រាល់ថ្ងៃផងដែរ។
យោងតាមច្បាប់រដ្ឋធម្មនុញ្ញអាមេរិក ប្រធានាធិបតីត្រូវប្រគល់ការងារគ្រប់គ្រងប្រទេសទៅឱ្យអនុប្រធានាធិបតី ក្នុងករណីសុខភាពមិនអំណោយផល។ អតីតប្រធានាធិបតី Geoge W. Bush ក៏ធ្លាប់បានអនុវត្តតាមច្បាប់នេះ2លើក នៅក្នុងអាណត្តិរបស់ខ្លួន ពេលដែលលោកត្រូវការការព្យាបាលជំងឺ ខណៈដែល អតីតប្រធានាធិបតី Ronald Reagan ក៏ធ្លាប់ធ្វើបែបនេះ1ដង ដើម្បីវះកាត់។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence និងភរិយា Karen កាលពីថ្ងៃទី2តុលា បានទទួលលទ្ធផលអវិជ្ជមានជាមួយនឹងCOVID-19។ មន្ត្រីម្នាក់នៅសេតវិមាន ឱ្យដឹងថា លោក Trump មិនទាន់ប្រគល់អំណាចជូនលោក Pence នៅឡើយ ដោយសារលោកនៅមានសុខភាពល្អ និងអាចបន្តការងាររបស់ខ្លួនបាន។
នៅពេលដែលប្រធានាធិបតី Donald Trump ត្រូវចូលព្យាបាលជំងឺនៅមន្ទីរពេទ្យ គូប្រជែងរបស់លោក គឺលោក Joe Biden ឯណោះវិញ ក៏ទទួលបានលទ្ធផលអវិជ្ជមានជាមួយនឹង COVID-19។ Kevin O’Connor ដែលជាវេជ្ជបណ្ឌិតរបស់លោក Biden បានប្រកាសកាលពីថ្ងៃទី2តុលាថា៖ “អតីតអនុប្រធានាធិបតី Joe Biden និងភរិយា Jill Biden បានធ្វើតេស្ត PCR ក្នុងថ្ងៃនេះ និងរកឃើញថា មិនមានផ្ទុកវីរុសCOVID-19 នោះទេ”៕
ប្រភព៖ Reuters