កាលពីថ្ងៃទី24 ឧសភា ម្សិលមិញ ទីភ្នាក់ងារព័ត៌មានAP បានរាយការណ៍ពីបរិយាកាសនៃការសម្រាកលម្ហែរបស់ពលរដ្ឋអាមេរិកាំង ក្នុងអំឡុងថ្ងៃឈប់សម្រាកចុងសប្ដាហ៍ Memorial Day ត្រូវនឹងថ្ងៃដែលបង្ហាញពីសញ្ញានៃការឈានចូលដល់រដូវក្ដៅ យ៉ាងមិនទាន់ផ្លូវការនៅក្នុងសហរដ្ឋអាមេរិកថា នៅតាមឆ្នេរសមុទ្រជាច្រើនកន្លែង ពេញទៅដោយមនុស្សម្នាចំនួនដ៏ច្រើន ដែលទោះជាសហរដ្ឋអាមេរិកនៅតែមានចំនួនអ្នកឆ្លងមេរោគកូវីដ-19 កើនឡើងជារឿយៗ និងមានចំនួនអ្នកស្លាប់ឡើងជិតដល់ 100,000នាក់ហើយក៏ដោយ។
បណ្ដាអាជ្ញាធរតំបន់ និងអង្គភាពការពារតាមឆ្នេរសមុទ្រ ត្រូវនៅចាំដាស់តឿនប្រជាជនឱ្យរក្សាគម្លាតរវាងគ្នានឹងគ្នា តែក៏ជារឿងមួយ ពិបាកខ្លាំងណាស់ដែរ ដូចជានៅឆ្នេរ ដេយ៍ថូណា ប៊ីជឆ៍ រដ្ឋហ្វ្លរីដាជាដើម នៅទីនោះពេញទៅដោយមនុស្សម្នា មានទាំងធ្វើផារធីជប់លៀងនៅលើឆ្នេរសមុទ្រ ដែលមានមនុស្សចូលរួមជាង 200នាក់ និងថែមទាំងនៅពេលព្រលប់ មានកើតហេតុប៉ះទង្គិចគ្នា មានស្នូរកាំភ្លើងលាន់ឮឡើងនៅក្នុងពិធី និងមានមនុស្សរងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យទៀតផង។
ដូចគ្នានឹងទីក្រុងធែមប៉ា រដ្ឋហ្វ្លរីដាដដែលដែរ នៅទីនោះមានប្រជាជនចំនួនដ៏ច្រើនបាននាំគ្នាហែទៅលេងមាត់សមុទ្រ រហូតដល់កន្លែងចតរថយន្ត ពេញណែន។ ចំពោះស្ថានការណ៍នេះ ធ្វើឱ្យលោកស្រីវេជ្ជបណ្ឌិត ដេប្រាហ៍ ប៊ើកស៍ អ្នកទំនាក់ទំនងក្រុមប្រតិបត្តិការទប់ទល់នឹងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ប្រចាំសេតវិមាន និយាយថា ជារឿងដែលគួរឱ្យវិតក្កកង្វល់ជាទីបំផុត។
លោកស្រីវេជ្ជបណ្ឌិត ថ្លែងថា “យើងចង់ឱ្យច្បាស់លាស់ថា ការរក្សាគម្លាតរវាងគ្នានឹងគ្នា គឺជារឿងសំខាន់ខ្លាំងណាស់ បើអ្នកមិនអាចរក្សាគម្លាតឆ្ងាយពីគ្នាបាន ហើយចេញក្រៅផ្ទះនោះ យ៉ាងហោចណាស់ ក៏ត្រូវពាក់ម៉ាស់អនាម័យការពារដែរ”។
នៅឯទីក្រុងនីវយ៉ក ស្ថានការណ៍ការឆ្លងរាលដាលរបស់មេរោគកូវីដ-19 បានធូរស្រាលខ្លះហើយ មានមនុស្សម្នាចេញមកគេងសំដិលថ្ងៃ នៅក្នុងសួនច្បារសាធារណៈ ដែលមានគូសរង្វង់ទុកគម្លាតឆ្ងាយពីគ្នា ដោយអ្នកដែលមកទីនោះបាននាំគ្នានិយាយថា មានអារម្មណ៍ល្អ ដែលបានចេញមកទទួលយកខ្យល់អាកាសក្រៅផ្ទះបែបនេះខ្លះ។
សម្រាប់សហរដ្ឋអាមេរិក មានអ្នកឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះរួចហើយចំនួន 1.6លាននាក់ មានអ្នកស្លាប់ចូលជិតដល់ 1សែននាក់ហើយ បើប្រៀបធៀបនឹងទ្វីបអឺរ៉ុបទាំងមូល ដែលមានអ្នកស្លាប់ 169,000នាក់។ នីវយ៉ក ថាមស៍ សាព័ត៌មានដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក បានចំណាយផ្ទៃនៅលើទំព័រ1 បោះពុម្ពផ្សាយពីបញ្ជីឈ្មោះអ្នកស្លាប់នៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងដាក់ចំណងជើងធំៗថា “ការបាត់បង់ដែលមិនអាចគណនាបាន”។
ចំណែកលោកប្រធានាធិបតីដូណាល់ ត្រាំ វិញ បានចំណាយពេលវេលានៃថ្ងៃឈប់សម្រាក ទៅវាយកូនហ្គោល ជាប់ៗគ្នា 2ថ្ងៃនៅឯក្លិបផ្ទាល់ខ្លួនរបស់លោក នៅក្នុងរដ្ឋវើជីនៀ ក្រោយពីមិនបានលេងកីឡានេះជាយូរមកហើយ។
កាលពីពេលមុននេះ លោកត្រាំ បានបង្ហើបឱ្យដឹងថា លោកខ្លួនឯងបានលេបថ្នាំ ហាយដ្រុកស៊ី ក្លូរ៉ូគីន និងហ្ស៊ិង ដើម្បីការពារមេរោគវីរុសមួយនេះ ដែលធ្វើឱ្យកើតមានការរិះគន់យ៉ាងសន្ធឹកថា តើវាជាវិធីដែលមានសុវត្ថិភាពដែរឬ? ព្រោះថ្នាំមួយនេះ ប្រើសម្រាប់តែការព្យាបាលជំងឺគ្រុនចាញ់(ម៉ាឡារៀ) និងនៅមិនទាន់ការធានារ៉ាប់រងថា វាអាចការពារមេរោគកូវីដ-19 បាននៅឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស