ក្រសួងការពារជាតិសហរដ្ឋអាមេរិក កំពុងតែស្វែងរកវិធីផ្គត់ផ្គង់ថង់ផ្លាស្ទិកដាក់សាកសពចំនួន100,000ថង់ ទៅឱ្យតំបន់នានានៅមូលដ្ឋាន ក្នុងគ្រាដែលតួលេខនៃការស្លាប់ដោយសារវីរុសCOVID-19 ក្នុងប្រទេសនេះ ត្រូវបានព្យាករថានឹងកើនឡើងខ្ពស់បន្តទៀត។
ទីភ្នាក់ងារគ្រប់គ្រងអាសន្ននៃសហរដ្ឋអាមេរិក FEMA (Federal Emergency Management Agency) បានបញ្ជូនសំណើរបស់ខ្លួន ទៅកាន់ក្រសួងការពារជាតិអាមេរិកាំង ដោយស្នើសុំថង់ផ្លាស្ទិកដាក់សាកសពចំនួន100,000ថង់។ នេះបើតាមការឱ្យដឹងពីមន្ត្រីម្នាក់នៅមន្ទីរបញ្ចកោណ (មន្ទីរបញ្ចកោណគឺជាទីស្នាក់ការកណ្ដាលរបស់ក្រសួងការពារជាតិអាមេរិកាំង) កាលពីថ្ងៃទី1មេសាកន្លងទៅ។ ទីភ្នាក់ងារភ័ស្តុភារការពារជាតិ DLA (Defense Logistics Agency) កំពុងធ្វើការជាមួយក្រុមហ៊ុន ដើម្បីទទួលបានប្រភពផ្គត់ផ្គង់បន្ថែមទៀត។
ថង់ដាក់សាកសពដំបូងនឹងត្រូវបានដឹកជញ្ជូនពីឃ្លាំងរបស់ DLA ខណៈដែលក្រុមហ៊ុននានាកំពុងបង្កើនការផលិត។ គេមិនទាន់ដឹងថា DLA នឹងបញ្ជូនទំនិញនេះទៅឱ្យ FEMA នៅពេលណាពិតប្រាកដនោះទេ ប៉ុន្តែ FEMA និយាយថា ពួកគេចង់បានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។
កន្លងមក សារព័ត៌មាន Bloomberg បានរាយការណ៍ថា មន្ទីរបញ្ជកោណ កំពុងត្រៀមទិញថង់ដាក់សាកសពបន្ថែមទៀត ហើយនៅចំពោះមុខ ពួកគេនឹងយកថង់ផ្លាស្ទិកដាក់សាកសព ចំនួន50,000ថង់ ពីក្នុងឃ្លាំងរបស់ខ្លួន។ អ្នកនាំពាក្យរបស់ FEMA បានឱ្យដឹងថា ទីភ្នាក់ងារនេះ កំពុងតែរៀបផែនការយុទ្ធសាស្ត្រសម្រាប់តម្រូវការនាពេលខាងមុខ ក្នុងនោះមានការត្រៀមសម្រាប់ទប់ទល់នឹង “ករណីស្លាប់” ដែលកើតឡើងនៅតាមបណ្ដារដ្ឋផងដែរ។
សកម្មភាពខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី Donald Trump និងទីប្រឹក្សាមួយចំនួនរបស់លោក កាលពីថ្ងៃទី1មេសា បានព្រមានថា តួលេខនៃអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក នឹងអាចកើនឡើងដល់240,000ករណី។
បច្ចុប្បន្ន ចំនួនអ្នកស្លាប់ដោយសារវីរុសCOVID-19 នៅសហរដ្ឋអាមេរិក បានកើនដល់5,116ករណី ក្នុងចំណោមអ្នកបានឆ្លងវីរុស 215,417ករណី ខណៈដែលពិភពលោកទាំងមូល មានអ្នកឆ្លងមេរោគសរុប 935,817ករណី ក្នុងនោះមានអ្នកស្លាប់47,208ករណី និងជាសះស្បើយជាង 93,700ករណី៕
ប្រភព៖ សារព័ត៌មានបរទេស