គម្រោងវិនិយោគថ្មីចំនួន7 មានទុនសរុបជាង 174លានដុល្លារ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យដំណើរការ

ជាការឆ្លើយតបទៅតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិកាលពីពេលកន្លងទៅ រដ្ឋាភិបាលតាមរយៈ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន7 ថ្មីបន្ថែមទៀត ដែលមានទំហំទឹកប្រាក់វិនិយោគសរុបចំនួន 174.1លានដុល្លារ បង្កើតឱកាសការងារបានចំនួន 3,328នាក់។

ក្រុមហ៊ុនទាំង7 ដែលទទួលបានការអនុញ្ញាតឱ្យចាប់ដំណើរការវិនិយោគពីរដ្ឋាភិបាល រួមមានឈ្មោះដូចខាងក្រោម៖

1- ក្រុមហ៊ុន PRECISE ELECTRIC MANUFACTURING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ 5លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 65កន្លែង។

2- ក្រុមហ៊ុន JU WANG FOOTWEAR CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ6A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ 6,1លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 1,400កន្លែង។

3- ក្រុមហ៊ុន  IMPERIAL STAR SOLAR (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ 7.9លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 298កន្លែង។

4- ក្រុមហ៊ុន  TOPEC ELECTRIC CO., LTD.  គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើងគ្រប់ប្រភេទ (Wires, Cables) និងផ្គុំដំឡើងសម្ភារបរិក្ខារអគ្គិសនី (Meter Box) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ 8.6លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 579កន្លែង។

5- ក្រុមហ៊ុន  VISCOT PRODUCTS CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារតុបតែងសក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសម្តេចឳ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ 11.6លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 264កន្លែង។

6- ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD  គម្រោងបង្កើតរោងចក្រផលិតសម្បកកង់រថយន្តគ្រប់ប្រភេទ និងគ្រឿងផ្គុំកង់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ 32.9លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 332កន្លែង។

7-ក្រុមហ៊ុន KEPSTAR DATA CENTRE MANAGEMENT CO., LTD. គម្រោងសាងសង់ និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន 102លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 390កន្លែង។

Advertisement