អ្នកជំងឺវ័យ 58 ឆ្នាំម្នាក់ត្រូវដាច់សរសៃឈាមខួរក្បាលជាង 24 ម៉ោង និងមានអាការៈភ្លេចភ្លាំងស្មារតី មិនអាចកម្រើកបាន ដូច្នេះ បើសិនវះកាត់តាមធម្មតា នឹងមានហានិភ័យកើតជំងឺស្លាប់អវយវៈណាមួយ ប៉ុន្តែបើវះកាត់យកកំណកឈាមក្នុងខួរក្បាលដោយមិនចាក់ថ្នាំសន្លប់ និងប្រើប្រាស់បច្ចេកវិទ្យារ៉ូបូត AI (បញ្ញាសិប្បនិម្មិត) អ្នកជំងឺអាច «ច្រៀង» ជាមួយក្រុមវេជ្ជបណ្ឌិតបានក្នុងគ្រាកំពុងវះកាត់។
កាលពីថ្ងៃទី 10 សីហា អ្នកជំងឺខាងលើ (នៅក្រុងព្រៃនគរ) ត្រូវបានគ្រួសារនាំមកកាន់មន្ទីរពេទ្យពហុព្យាបាលតាមអាញ់ទីក្រុងហូជីមិញ (Tam Anh Hospital) ក្នុងស្ថានភាពរង្វេងរង្វាន់ ដៃជើងកម្រើនស្ទើរមិនបាន។ លទ្ធផលនៃការថត MRI 3 Tesla បញ្ជាក់ថា អ្នកជំងឺនេះមានដុំឈាមកកក្នុងខួរក្បាលទំហំ 4 សង់ទីម៉ែត្រ។ បើមិនវះកាត់បន្ទាន់ អ្នកជំងឺត្រូវប្រឈមនឹងបញ្ហាស្លាប់មួយចំហៀងខ្លួន ពិបាកក្នុងការនិយាយ ស្រវាំងភ្នែក ឬអាចបាត់បង់ជីវិត។
ក្រុមវេជ្ជបណ្ឌិតបានជ្រើសយកវិធីវះកាត់ខួរក្បាលបែបថ្មី ដែលអនុញ្ញាតឱ្យអ្នកជំងឺនៅដឹងខ្លួន ដោយចាក់តែថ្នាំស្ពឹក និងប្រើប្រាស់រ៉ូបូត AI Modus V Synaptive រួមនឹងប្រព័ន្ធកំណត់ទិស Neuro-Navigation AI ជំនាន់ថ្មីបំផុត។
ការវះកាត់បែបថ្មីនេះនឹងជួយឱ្យអ្នកជំងឺគេចផុតពីគ្រោះថ្នាក់បានលឿន ការវាយតម្លៃលើប្រសិទ្ធភាពនៃការវះកាត់មានភាពរលូន ដោយសារតែអ្នកជំងឺអាចកម្រើក និងឆ្លើយឆ្លងជាមួយក្រុមវេជ្ជបណ្ឌិត។ ក៏ប៉ុន្តែ វិធីវះកាត់ថ្មីនេះមានភាពស្មុគស្មាញច្រើន និងគ្រោះថ្នាក់ជាង ធៀបនឹងការវះកាត់ដោយចាក់ថ្នាំសន្លប់។ ក៏ប៉ុន្តែ បើចាក់ថ្នាំសន្លប់ វេជ្ជបណ្ឌិតនឹងមិនអាចវាយតម្លៃផ្ទាល់ដោយការសួរអ្នកជំងឺក្នុងពេលវះកាត់។
ក្នុងពេលវះកាត់ វេជ្ជបណ្ឌិតវៀតណាម និយាយជាមួយអ្នកជំងឺថា «ខ្ញុំកំពុងយកកំណកឈាមចេញពីខួរក្បាល លោកមានអារម្មណ៍ស្រួលខ្លួនជាងមុនទេ?»។ អ្នកជំងឺឆ្លើយថា «ធូរស្រាលជាងមុនឆ្ងាយណាស់ អរគុណគ្រូពេទ្យ»។
ក្រុមវេជ្ជបណ្ឌិតសួរនាំ និងស្នើឱ្យអ្នកជំងឺលើកដៃជើងជាបន្តបន្ទាប់ ដើម្បីប្រាកដថា សរសៃប្រសាទនានាត្រូវបានការពារក្នុងកម្រិតខ្ពស់បំផុត។
ដោយសារការត្រេកអរខ្លាំងបន្ទាប់ពីកំណកឈាមត្រូវបានយកចេញពីខួរក្បាល និងមានអារម្មណ៍ធូរស្រាល ទាំងវេជ្ជបណ្ឌិត ទាំងអ្នកជំងឺ នាំគ្នាច្រៀងរអ៊ូៗ គ្រាដែលក្រុមជំនួយការបន្តដាក់ភ្ជាប់លលាដ៍ក្បាល និងដេរស្បែកក្បាល។
ក្រោយរយៈពេលជាង 30 នាទីនៃការវះកាត់ ក្រុមវេជ្ជបណ្ឌិតដ៏នាំគ្នាហ៊ោក្នុងភាពត្រេកអរ នៅពេលប្រធានក្រុមវេជ្ជបណ្ឌិតប្រកាសថា «ការវះកាត់បានទទួលជោគជ័យ អបអរសាទរលោកហៃ និងអរគុណគ្រប់គ្នា»។
30 នាទីបន្ទាប់មកទៀត អ្នកជំងឺក៏បានជួបសាច់ញាតិ និងហៅទូរស័ព្ទទៅកាន់អ្នកផ្ទះ។ កន្លះថ្ងៃក្រោយមក លទ្ធផលនៃការថត CT 768 បង្ហាញថា លែងមានកំណកឈាមក្នុងខួរក្បាល ហើយអ្នកជំងឺក៏មានសភាពដូចធម្មតាទាំងស្រុង៕