សូរ្យគ្រាស «រង្វង់​មូល​ភ្លើង» ឆ្នាំ 2023 នឹង​កើតឡើង​នៅ​ខែតុលា

បាតុភូត​សូរ្យគ្រាស «រង្វង់​មូល​ភ្លើង» នេះ នឹង​អាច​មើលឃើញ​ពីរ​ដ្ឋ​ចំនួន 8 របស់​សហរដ្ឋ​អាម៉េរិក នៅ​ថ្ងៃទី 14 តុលា​ឆ្នាំនេះ។

នៅ​ថ្ងៃទី 14 តុលា 2023 បាតុភូត​សូរ្យគ្រាស​រូបរាង​ចិញ្ចៀន ឬ​ហៅថា «រង្វង់​មូល​ភ្លើង» នឹងធ្វើ​ដំណើរ​ឆ្លងកាត់​អាម៉េរិក​ខាងជើង ហើយ​មនុស្ស​ភាគច្រើន​​មាន​ឱ​កាស​​មើល​ឃើញ​បាតុភូត​នេះ​ម្ដង​ក្នុង​ជីវិត នៅ​រដ្ឋ​មួយចំនួន 8 ​របស់​សហរ​ដ្ឋ​អាម៉េរិក។

ក្នុងអំឡុងពេល​បាតុភូត​នេះ​កើតឡើង ប្រជាជន​ដែល​ស្ថិតនៅ​អាម៉េរិក​ខាងជើង អាម៉េរិក​កណ្ដាល និង​អាម៉េរិក​ខាងត្បូង នឹង​មើលឃើញ​សូរ្យគ្រាស​មួយផ្នែក​ក្នុង​រយៈពេល​ប្រហែល​បី​ម៉ោង ប៉ុន្តែ​បាតុភូត​រង្វង់​មូល​ភ្លើង បង្ហាញខ្លួន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ។

សូរ្យគ្រាស​រាង​រង្វង់​មូល​ភ្លើង​ខុសពី​សូរ្យគ្រាស​ពេញវង់​ដែល​នឹង​កើតឡើង​ក្នុង​ថ្ងៃទី 08 មេសា ឆ្នាំ 2024 នៅ​ម៉ិ​ក​ស៊ិ​ក សហរដ្ឋ​អាម៉េរិក និង​កាណាដា។

អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា ចំពោះ​បាតុភូត​សូរ្យគ្រាស​រាង​រង្វង់​មូល​ភ្លើង មនុស្ស​មិនអាច​មើលឃើញ​ស្រមោល​ងងឹត និងមាន​​សីតុណ្ហភាព​ទាប​ជាង ប៉ុន្តែ​អ្វីដែល​ទទួលបាន​គឺ «រង្វង់​មូល​ភ្លើង»។

បាតុភូត​សូរ្យគ្រាស​រាង​រង្វង់​មូល​ភ្លើង គឺជា​លទ្ធផល​ដែល​កើតឡើង​នៅពេល​ព្រះ​ចន្ទ​គោចរ​មក​ដល់​ចំណុច​​​ចន្លោះ​ព្រះអាទិត្យ និង​ផែនដី ហើយ​ស្ថិតនៅ​ឆ្ងាយ​ពី​ផែនដី​ជាង​ធម្មតា ដោយសារតែ​គន្លង​គោចរ​របស់​ព្រះ​ចន្ទ​មាន​រាង​ស្រដៀង​នឹង​ពងក្រពើ។

ក្នុង​បាតុភូត​ខាងលើ ព្រះ​ចន្ទ​នឹង​បាំង​ពន្លឺដែល​ជះ​​ពី​ព្រះអាទិត្យ​​មក​កាន់​ផែនដី​ប្រមាណ 91%។ ដូច្នេះពន្លឺ​នៅ​សល់​ 9% ទៀត​ក៏​បង្កើតបានជា​រូបរាង​រង្វង់​មូល​ភ្លើង៕

Advertisement