ដើម្បីបានរាងកាយមាំមួនក្នុងមជ្ឈិមវ័យ លោក Sunak ដែលជានាយករដ្ឋមន្ត្រីអង់គ្លេសដើមកំណើតឥណ្ឌា តែងបោះបង់អាហារយូរៗម្ដង និងបោះបង់ទម្លាប់ពិសាភេសជ្ជៈផ្អែម។ល។
កាលពីចុងខែឧសភា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak រួមនឹងអត្តពលិកជាង 100 នាក់បានចូលរួមព្រឹត្តិការណ៍រត់ប្រណាំងដែលត្រូវបានធ្វើឡើងនៅ Northallerton ក្នុងតំបន់ North Yorkshire។ ក្នុងវ័យ 43 ឆ្នាំ លោករត់បានចម្ងាយ 10 គីឡូម៉ែត្រ ក្នុងរយៈពេល 47 នាទីនិង 41 វិនាទី។ ក្នុងវ័យកណ្ដាលនេះ លោក Sunak នៅតែរក្សាបានរាងកាយមាំមួន និងសុខភាពល្អ ដោយសារតែ «ទម្លាប់បីយ៉ាង» ខាងក្រោម។
ទីមួយ៖ បោះបង់ការញៀននឹងភេសជ្ជៈកំប៉ុង
កាលពីឆ្នាំ 2019 លោក Sunak ធ្លាប់បានសារភាពថា លោកជាមនុស្សញៀននឹងភេសជ្ជៈកំប៉ុង។ ទម្លាប់នេះបានធ្វើឱ្យលោកមានបញ្ហាធ្មេញ និងត្រូវដាក់ការកំណត់ពិសាតែមួយកំប៉ុង/សប្ដាហ៍។ អ្នកវិទ្យាសាស្ត្រថា ភេសជ្ជៈផ្អែមមួយកំប៉ុងមានផ្ទុកថាមពលប្រហែល 139 កាឡូរី រួមនឹងស្ករ 35 ក្រាម។ ជាតិស្ករនេះស្មើនឹងស្ករឆុងកាហ្វេចំនួន 22 កញ្ចប់តូច។ ដូច្នេះ ការពិសាភេសជ្ជៈផ្អែមក្នុងរយៈពេលយូរនឹងធ្វើឱ្យឡើងទម្ងន់ ធាត់ជ្រុល ឬអាចលើសជាតិស្ករ។ ការបោះបង់ទម្លាប់នេះនឹងជួយឱ្យជៀសផុតពីជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។
ទីពីរ៖ តមអាហារបណ្ដោះអាសន្ន
យោងតាមប្រភពជិតស្និទ្ធ នាយករដ្ឋមន្ត្រី Sunak តែងតែបោះបង់អាហារមួយ ឬពីរពេលជារៀងរាល់សប្ដាហ៍។ ប្រការនេះមានប្រយោជន៍ច្រើនដល់សុខភាព ព្រោះផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់រាងកាយរំលាយអាហារ និងស្រូបយកជីវជាតិក្នុងអាហារ និងកាត់បន្ថយជាតិស្ករ។
ទីបី៖ ហាត់ប្រាណ
«ខ្ញុំពិនិត្យមើលព័ត៌មាន ដំណឹងក្នុងទូរស័ព្ទ រួចហើយខ្ញុំនឹងរត់លើម៉ាស៊ីន ជិះកង់ ឬចូលរួមថ្នាក់លំហាត់ប្រាណ» លោក Sunak ធ្លាប់ឱ្យដឹងដូច្នេះ។
នាយករដ្ឋមន្ត្រីអង់គ្លេសព្យាយាមហាត់ប្រាណប្រើកម្លាំងខ្លាំង (HIIT) មួយដង និងរត់មួយដងក្នុងមួយសប្ដាហ៍។ យោងតាមអ្នកជំនាញ ការរត់ជាញឹកញាប់នឹងជួយដល់សុខភាពបេះដូង និងសរសៃឈាម ជួយឱ្យសម្ពាធឈាម និងខ្លាញ់អាក្រក់ស្ថិតក្នុងបរិមាណល្អ។ ទម្លាប់នេះក៏ជួយកែលំអប្រព័ន្ធការពាររាងកាយ និងបង្កើនកម្លាំងសាច់ដុំផងដែរ៕