អ្នកគាំទ្រ​ស៊ិចស៊ីបំផុត​នៅ​ World Cup Qatar 2022 រង​ការ​រិះគន់

Ivana Knoll គឺជាតារាបង្ហាញម៉ូដដ៏ល្បីឈ្មោះមួយរូបនៅ ក្រូអាត

តារា​បង្ហាញ​ម៉ូដរបស់ ក្រូអាត Ivana Knoll ​រង​ការ​រិះគន់​ថា មិន​បាន​គោរព​ចំពោះ​​ប្រពៃណី​ ទំនៀម​ទម្លាប់​របស់​ ប្រទេស​កាតា​ នៅ​ពេល​បង្ហោះ​វីដេអូ​​មួយ​​ដែល​ក្នុង​នោះ​​បង្ហាញ​ថា នាង​ស្លៀក​ពាក់​ឈុត​ហែល​ទឹក​យ៉ាង​ស៊ិច​ស៊ី ដើរ​នៅ​លើ​ដង​ផ្លូវ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​។

Ivana Knoll គឺជា​តារា​បង្ហាញ​ម៉ូដ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​ ក្រូអាត និង​​មាន​អ្នក​តាម​ដាន​ជាង 650,000 នាក់​នៅ​លើ​ Instagram ហើយ​នាង​ក៏​ជា​អ្នក​គាំទ្រ​បាល់​ទាត់​ដ៏​ខ្លាំង​ក្លា​ម្នាក់​ផងដែរ​។​ នាង​មក​កាន់​ កាតា ដើម្បី​គាំទ្រ​ក្រុម​​ជម្រើស​ជាតិ​របស់ ក្រូអាត នៅ​ World Cup 2022។ តារា​ម៉ូដែល​រូប​នេះ​ក៏​ធ្លាប់​បាន​ទៅ​កាន់​ ប្រេស៊ីល ក្នុង​ឆ្នាំ 2014 និង រុស្ស៊ី ឆ្នាំ​ 2018 នៅ​ពេល​ World Cup ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ទាំង​នេះ​។ ដូច្នេះ​ហើយ​បាន​ជា​ Ivana Knoll ត្រូវ​បាន​អ្នក​យក​ព័ត៌មាន​​ផ្ដល់​រហ័ស​នាម​ថា «អ្នកគាំទ្រ World Cup ស៊ិចស៊ី​បំផុត»។

កាល​ពី​ថ្ងៃទី 24 វិច្ឆិកា Knoll បាន​បង្ហោះ​​វីដេអូ​មួយនៅ​លើ Instagram ​ដែល​ក្នុង​នោះ​នាង​ស្លៀក​ឈុត​ហែល​ទឹក​​ក្រឡា​​ការ៉ូពណ៌​ក្រហម​លាយ​ស ដើរ​លើ​ដង​ផ្លូវ​មួយ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​នៅ ប្រទេស​កាតា។ សកម្មភាព​របស់ Knoll បន្ទាប់​មក​ក៏​ត្រូវ​រង​ការ​រិះគន់​ពី​អ្នក​លេង​បណ្ដាញ​សង្គម​។ គណនី​មួយ​បញ្ចេញ​មតិ​ថា «ពិត​ជា​គួរ​ឱ្យ​អាម៉ាស។ ចូរ​គោរព​ដល់​ប្រពៃណី​ ទំនៀម​ទម្លាប់​របស់​ប្រទេស​ដទៃ​ផង»។

«នាង​កំពុង​ស្ថិត​នៅ ​ប្រទេស​កាតា មិន​មែន ក្រូអាត​ ទេ។ នាង​ត្រូវ​គោរព​ការ​កំណត់​នានា នេះ​គឺជាប្រទេស​អ៊ីស្លាម» គណនី​មួយ​ទៀត​សរសេរ​​បញ្ចេញ​មតិ​ដូច្នេះ​។

យោង​តាម​ទំព័រ Mirror តារា​ម៉ូដែល Knoll ប្រហែល​ជា​នឹង​ត្រូវ​បាន​ក្រុម​មន្ត្រី​របស់ កាតា ទាក់​ទង​ដើម្បី​សួរ​នាំ​។  មុន​ពេល​ World Cup ត្រូវ​បាន​​សម្ពោធ​បើក​ការ​ប្រកួត​កាល​ពី​ថ្ងៃទី 20 វិច្ឆិកា ក្រុម​មន្ត្រី​របស់ កាតា បាន​ព្រមាន​ថា ភ្ញៀវ ទាំង​បុរស ទាំង​ស្ត្រី គួរ​តែ​គោរព​វប្បធម៌​របស់​ប្រទេស​នេះ​ ចៀស​វាង​ការ​ស្លៀក​ពាក់​ស៊ិចស៊ីហួស​ហេតុ​នៅ​ទីសាធារណៈ​។ ពួក​គេ​ណែនាំ​ថា ភ្ញៀវ​គួរ​តែ​​ស្លៀក​ពាក់​ឱ្យ​បាន​ជិត​ស្មា និង​ក្បាល​ជង្គង់​។

ក្រោយ​ការ​ប្រកួត​ជាមួយ​ ម៉ារ៉ុក ដែល​ទទួល​បាន​លទ្ធផល 0-0 ក្រុម​ក្រូអាត នៅ World Cup នឹង​បន្ត​ការ​ប្រកួត​​នៅ​ថ្ងៃទី 27 វិច្ឆិកា ដោយ​ប៉ះនឹង​ក្រុម​របស់ កាណាដា​។ ការ​ប្រកួត​ចុង​ក្រោយ​របស់ ក្រូអាត នៅ​ក្នុង​វគ្គ​ជម្រុះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី 01 ធ្នូ ដោយ​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​របស់ បែលហ្ស៊ិក៕

Advertisement