ថត​បាន​ទិដ្ឋភាព​យ៉ាងច្បាស់​និង​ស្រស់ស្អាត​នៃ​កាឡាក់ស៊ី​មួយ​ដែលមាន​ចម្ងាយ 65 លាន​ឆ្នាំ​ពន្លឺ​ពី​ផែនដី

កែវយឹត​អវកាស Hubble បាន​បញ្ជូន​រូបថត​ថ្មី​និង​ស្រស់ស្អាត​នៃ​កាឡាក់ស៊ី​រាងគូទខ្យង ដែល​អ្នកវិទ្យាសាស្ត្រ​ដាក់ឈ្មោះ​ឱ្យ​ថា NGC 2217។

មាន​ចម្ងាយ​ប្រមាណ 65 លាន​ឆ្នាំ​ពន្លឺ​ពី​ផែនដី និង​ស្ថិតនៅក្នុង​កញ្ចុំ​ផ្កាយ Canis Major កាឡាក់ស៊ី NGC 2217 ដែលមាន​រាង​ដូច​គូទ​ខ្យ​ង់​និង​មាន​ខ្សែ​ធូលី​កាត់​ទទឹង​មួយ​កំណាត់​ដ៏​ពិសេស​នេះ គឺជា​កាឡាក់ស៊ី​មួយ​ដែលមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​កាឡាក់ស៊ី Milky Way របស់​មនុស្ស ដោយមាន​អង្កត់ផ្ចិត​ប្រវែង 100,000 ឆ្នាំ​ពន្លឺ។

នៅក្នុង​រូបថត​ថ្មី​ដែល​ទើប​ត្រូវបាន​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) និង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) យើង​ឃើញថា​មាន​គន្លង​ពណ៌​ប្រផេះ​ដ៏​វែង​មួយ​កំណាត់​នៅ​តំបន់​កណ្ដាល និង​ព័ទ្ធជុំវិញ​ដោយ​រង្វង់​មូល​រាង​ពងក្រពើ ជា​កន្លែង​ប្រមូលផ្ដុំ​នៃ​ផ្កាយ​យ៉ាងច្រើន​សន្ធឹក ដែលមាន​តួនាទី​សំខាន់​នៅក្នុង​វិវត្តន៍​របស់​កាឡាក់ស៊ី។

«កំណាត់​ខ្សែទទឹង​របស់ NGC 2217 កំពុង​នាំយក​ឧស្ម័ន និង​ធូលី​ពី​ថាស​ជុំវិញ ចូលទៅក្នុង​ចំណុចកណ្ដាល​របស់​កាឡា​ក់​ស៊ី ដើម្បី​បង្កបង្កើត​ផ្កាយ​ថ្មី និង​ចិញ្ចឹម​ប្រហោង​ខ្មៅ​ខ្នាត​យក្ស។ កាឡាក់ស៊ីធំៗស្ទើរតែ​ទាំងអស់ សុទ្ធ​តែមាន​ប្រហោង​ខ្មៅ​យក្ស​នៅ​ចំ​កណ្ដាល និង​មាន​ម៉ាស​ធ្ងន់​ជាង​ព្រះអាទិត្យ​ចាប់ពី​រាប់រយ រហូតដល់​ជាង 1 ពាន់​លាន​ដង​ឯណោះ»។

ទិដ្ឋភាព​ខាងលើ ត្រូវបាន​ថត​ដោយ​កាមេរ៉ា​សង្កេត​កម្រិត​ខ្ពស់ (ACS) របស់​តេ​ឡេ​ស្កុប​អវកាស Hubble និង​ត្រូវបាន​បន្ថែម​ពណ៌​ដោយយោង​ទៅតាម​ទិន្នន័យ​ពី​កែវយឹត​សង្កេត​ទិដ្ឋភាព​ទូលាយ & ប្រព័ន្ធ​ប្រតិកម្ម​រហ័ស (PanSTARRS)៕

ប្រភព៖ SciTech Daily

Advertisement