កងកម្លាំងពិសេសអង់គ្លេស​ប្រើ​ប្រាស់​ឈុត “Iron Man” ហោះពីទូកល្បាតតូចទៅចុះចតលើនាវាល្បាត​ នៅ​លើ​ផ្ទៃសមុទ្រ (វីដេអូ)

កងកម្លាំងពិសេសអង់គ្លេសប្រើប្រាស់ឈុត “Iron Man” ហោះពីទូកល្បាតតូចទៅចុះចតលើនាវាល្បាត នៅលើផ្ទៃសមុទ្រ (វីដេអូ)

នៅក្នុងការហោះហើរសាកល្បងមួយ កងកម្លាំងពិសេសរបស់ប្រទេសអង់គ្លេសបានប្រើប្រាស់ឈុតសម្លៀកបំពាក់ដែលដូចទៅនឹង “មនុស្សដែក” (Iron man) ហោះហើរចេញពីទូកល្បឿនលឿនសំដៅទៅចុះចតនៅលើនាវាល្បាតដែលកំពុងធ្វើដំណើរយ៉ាងលឿននៅលើផ្ទៃសមុទ្រ។

“កងទ័ពជើងទឹកអង់គ្លេសបានសាកល្បងកម្លាំងវាយឆ្មក់ដោយប្រើប្រាស់ឧបករណ៍ហោះហើរថ្មីបំពាក់នៅលើខ្លួនមនុស្ស ដែលមានឈ្មោះថា Jet Suit ក្នុងបំណងវាយតម្លៃឱ្យដឹងថា តើឈុតហោះហើរដែលដូចទៅនឹងមនុស្សដែក (Iron man) នេះ អាចជួយពួកគេឡោមព័ទ្ធ និងសម្រុកឡើងលើនាវាដែលជាគោលដៅរបស់ពួកគេបានដែរ ឬយ៉ាងអត់។ បញ្ជាការដ្ឋានយុទ្ធនាការពិសេសរបស់សហរដ្ឋអាមេរិក ក៏កំពុងតែវាយតម្លៃទៅលើឧបករណ៍ហោះហើរមួយដែលអាចហោះបានរហូតដល់320គម/ម៉ោងផងដែរ” នេះបើតាមវិទ្យាស្ថានកងទ័ពជើងទឹកអាមេរិក ដែលបានបង្ហោះសារនេះនៅលើទំព័រ Twitter កាល​ពី​ថ្ងៃ​ទី​17​តុលា។

កងកម្លាំងពិសេសអង់គ្លេសប្រើប្រាស់ឈុត “Iron Man” ហោះពីទូកល្បាតតូចទៅចុះចតលើនាវាល្បាត នៅលើផ្ទៃសមុទ្រ (វីដេអូ)វីដេអូដែលមានថេរវេលាជាង1នាទីនេះបានបង្ហាញថា កងកម្លាំងពិសេសរបស់កងទ័ពជើងទឹកអង់គ្លេសដែលស្លៀក​ឈុត Jet Suit បានហោះហើរចេញពីទូកល្បាតល្បឿនលឿន ហើយហោះព័ទ្ធជុំវិញ រួចក៏ចុះចតលើនាវាល្បាត មុននឹងហោះត្រលប់មកកាន់ទូកល្បាតដើមវិញ។ យ៉ាងនេះក្ដី ទីតាំងនៃការហោះហើរសាកល្បងនេះ មិនត្រូវបានគេបង្ហើបឱ្យដឹងនោះឡើយ។

Jet Suit ត្រូវបានបំពាក់ម៉ាស៊ីនប្រតិកម្ម (ម៉ាស៊ីនសម្រាប់យន្តហោះ) ខ្នាតតូចចំនួន5គ្រឿង ក្នុងនោះមាន​4​គ្រឿងត្រូវដាក់នៅលើដៃទាំងសងខាងដើម្បីប្ដូរទិសដៅ និង1គ្រឿងនៅខាងក្រោយខ្នង ដែលអាចដំណើរការបាន​8​​នាទី​ និង​មាន​ល្បឿន​88​គម​/​ម៉ោង។ ​ឈុតហោះហើរនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Gravity Industries នៅប្រទេសអង់គ្លេស។

Richard Browning ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Gravity Industries ធ្លាប់បានពាក់ឈុត Jet Suit នេះនៅក្នុងការហោះហើរសម្ដែងនៅពាសពេញពិភពលោក និងត្រូវបានគេដាក់រហ័សនាមឱ្យថា “Iron Man ពិតៗ”។

កាលពីខែកញ្ញាកន្លងទៅ ឈុត Jet Suit ដែលប្រើប្រាស់សម្រាប់កិច្ចការសង្គ្រោះបន្ទាន់ ត្រូវបានក្រុមហ៊ុនផ្ដល់សេវាកម្មសង្គ្រោះបន្ទាន់ផ្នែកអាកាសចរណ៍ Great North យកទៅធ្វើការហោះហើរសាកល្បងនៅតំបន់ Lake District។ ការសាកល្បងនោះបានបង្ហាញថា បុគ្គលិកសង្គ្រោះបន្ទាន់ អាចទៅដល់គោលដៅដែលនៅភ្នំ និងគោល​ដៅដែលស្ថិតក្នុងភូមិសាស្ត្រលំបាកបានយ៉ាងឆាប់រហ័ស ដោយចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ នៅពេលប្រើប្រាស់​ឈុតហោះហើរ Jet Suit នេះ៕

ប្រភព៖ Sputnik

Advertisement