Telegram អាប់ឌែត ថែមមុខងារកែច្នៃរូបភាព និងវីដេអូ ឱ្យមានភាពរស់រវើក

ថ្មីៗនេះ​ក្រុមហ៊ុន Telegram បាន​កែសម្រួល​មុខងារ​កែ​រូបភាព ដែល​អាចឱ្យ​អ្នកប្រើប្រាស់​បញ្ចូល Animated Stickers និង​អាច​កែ​វីដេអូ​ឱ្យ​កាន់តែ​ល្អ​បាន​ថែមទៀត។

កាលពី​ឆ្នាំ2015 កម្មវិធី​នេះ​បានដាក់​ឱ្យប្រើ​ប្រាស់​មុខងា​រ​កែ​រូបភាព ដែល​លោកអ្នក​អាច​បញ្ចូល​គំនូរ stickers និង​ពាក្យពេចន៍​ក្នុង​រូបភាព​បាន។

តែ​មុខងារ​ថ្មី​នេះ លោកអ្នក​អាច​បន្ថែម Animated Stickers ទៅក្នុង​ទាំង​រូបភាព និង​វីដេអូ​ដើម្បី​ឱ្យមាន​ភាពរស់រវើក ព្រមទាំង​ធ្វើឱ្យ​រូបភាព​ក្លាយជា GIF ហើយ​លោកអ្នក​អាច​ធ្វើការ​រក្សាទុក​សម្រាប់​ប្រើ​ថ្ងៃក្រោយ​បាន​ទៀតផង។

ក្រៅពី​ការកែលម្អ​បន្ថែម​មុខងារ​កែ​រូបភាព ក្រុមហ៊ុន​ក៏បាន​ធ្វើ​កំណែ​សម្រួលការ​ប្រើប្រាស់ Folder ឱ្យ​កាន់តែ​ងាយស្រួល Add/Remove សារ​ក្នុង Folder ហើយ​សម្រាប់​អ្នកប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ក្រុមហ៊ុន​ក៏បាន​កែសម្រួល​ឱ្យ​កាន់តែ​ប្រសើរ​ក្នុង​ការផ្ញើ កែ និង​លុប​សារ​ផងដែរ ចំណែកឯ​វីដេអូ​ដែលមាន​រយៈពេល​ខ្លី​ជាង 30វិនាទី នឹងត្រូវ​បាន​ចាក់​បង្ហាញ​ម្ដង​ហើយ ម្ដងទៀត​ដោយ​ស្វ័យប្រវត្តិ (Loop)។

កម្មវិធី​តេ​ឡេ​ក្រាម គឺជា​កម្មវិធី​មួយ​ដែលមាន​ភាព​ពេញនិយម​ខ្លាំង​គ្រាន់បើ ដែល​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​នៅ​ប្រទេសផ្សេងៗទៀត​ជុំវិញ​ពិភពលោក ព្រោះ​កម្មវិធី​នេះ​ជា​កម្មវិធី​ផ្ញើ​សារ​មួយ​ក្នុងចំណោម​កម្មវិធី​ផ្ញើ​សារ​ផ្សេងទៀត​ដែល​ផ្ដល់​មុខងារ end-to-end encryption មុនគេ៕

Advertisement