(វីដេអូ) កាំជ្រួចរុញ​ច្រាន​​​របស់​ SpaceX បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​ បន្ទាប់​ពី​ជើង​​ហោះ​ហើរ​ជា​ប្រវត្តិ​សាស្ត្រ

កាំជ្រួច​រុញ​ច្រាន​ Falcon 9 ត្រូវ​បាន​នាំ​ពី​មហាសមុទ្រ​អាត្លង់ទិក (Atlantic Ocean) ចូល​ទៅកាន់​កំពង់​ផែន Florida ដោយ​កប៉ាល់​គ្មាន​មនុស្ស​បើក​ “Of Course I Still Love You”​ របស់​ក្រុម​ហ៊ុន​អវកាស​ SpaceX ក្រោយ​ពី​បាន​រុញ​ច្រាន​យាន​អវកាស​​ទៅ​ដល់​គោល​ដៅ​។

កាំជ្រួច​រុញ​ច្រាន​2​ជាន់​ Falcon 9 របស់​ SpaceX បាន​ហោះ​ឡើង​​ពី​​មជ្ឈមណ្ឌល​អវកាស​ Kennedy របស់ NASA ក្នុង​រដ្ឋ​ Florida កាល​ពី​ថ្ងៃទី​30​ឧសភា​ នាំ​យាន​អវកាស​ Crew Dragon ដែល​មាន​ដឹក​អវកាស​យានិក​​2​នាក់​របស់​ NASA (លោក Bob Behnken និង​លោក Duog Hurley) ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​(ISS) ដោយជោគ​ជ័យ​។ ក្រោយ​រយៈ​ពេល​ប្រហែល​9​នាទី​បន្ទាប់ពី​បាន​បាញ់​បង្ហោះ​​ ក្បាល​រុញ​​​ជាន់​ទី​1​របស់កាំជ្រួច​ Falcon 9 បាន​ចុះ​ចត​នៅ​លើ​​កប៉ាល់​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​ដែល​​មាន​​ឈ្មោះថា “Of Course I Still Love You” របស់ SpaceX ដែល​ស្ថិត​នៅ​លើ​លម្ហ​សមុទ្រ​​ចម្ងាយ​ពី​ Florida ជា​ច្រើន​រយ​គីឡូម៉ែត្រ​។ ក្រោយ​ពីបាន​ទទួល​ការ​ចុះ​ចត​របស់​កាំជ្រួច​ Falcon 9 កប៉ាល់​គ្មានមនុស្ស​បើក “Of Course I Still Love You” ​នេះ​ ក៏​បាន​ធ្វើ​ដំណើរ​សំដៅ​ចូល​កំពង់ផែ​​ Canaveral កាល​ពីថ្ងៃទី​2​មិថុនា​។

ក្រុម​ហ៊ុន​ SpaceX តែង​ធ្វើ​ការ​កែ​ច្នៃ​ និង​ប្រើ​ប្រាស់​កាំជ្រួច​​រុញ​ច្រាន​ Falcon 9 និង​កាំជ្រួច​ Falcon Heavy របស់​ខ្លួន​ឡើង​វិញ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​។ ក៏ប៉ុន្តែ កាំជ្រួច​រុញ​ច្រាន​ដែល​បាន​ប្រើ​នៅក្នុង​ជើង​ហោះ​ហើរ​ Demo-2 ប្រហែល​ជា​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​ទៀត​នោះ​ទេ​។ SpaceX មិន​ទាន់​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​របស់​ខ្លួន​ក្នុង​ការ​ប្រើ​ប្រាស់​ កាំជ្រួច​នេះ​នោះ​ដែរ តែ​បើ​តាម​ការ​ស្មាន​ ក្រុម​ហ៊ុន​នេះ​អាច​នឹង​រក្សា​វា​ទុក​​​ជា​ភ័ស្តុតាង​ប្រវត្តិ​សាស្ត្រ​។ កន្លង​មក ក្បាល​រុញ​ច្រាន​ដំបូង​របស់​កាំជ្រួច​ Falcon 9 ដែល​ធ្លាប់​បាន​ចុះ​ចត​ដោយ​ជោគជ័យ​ កំពុង​ត្រូវ​បាន​រក្សា​ទុក​នៅ​ខាង​ក្រៅ​ទីស្នាក់​ការ​កណ្ដាល​របស់​ SpaceX ក្នុង​តំបន់ Hawthorne នៃ​រដ្ឋ​ California សហរដ្ឋ​អាមេរិក​។ ក្បាល​រុញ​ច្រាន​ដែល​ត្រូវ​បាន​ប្រើ​កាល​ពីថ្ងៃទី​30​ឧសភា មាន​លក្ខណៈ​ពិសេស​ ដោយ​មាន​​ឡូហ្គូ​របស់​ NASA។

Demo-2 គឺជា​ជើង​ហោះ​ហើរ​​ដំបូង​បង្អស់​ដែល​បាន​នាំ​​មនុស្ស​​ចេញ​ពី​ទឹក​ដី​អាមេរិកាំង​​ទៅកាន់​អវកាស​ តាំង​ពី​ NASA ផ្អាក​ប្រើប្រាស់​យាន​អវកាស​ Space shuttle ចាប់​ពី​ឆ្នាំ​2011​។ នេះ​គឺជា​ជើង​ហោះ​ហើរ​មួយ​ដែល​ជា​លទ្ធ​ផល​នៃ​កិច្ច​សហការ​រវាង​ SpaceX ជាមួយ​នឹង​ NASA។

SpaceX ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ដែល​មាន​តម្លៃ​ 2.6​ពាន់​លាន​ដុល្លារ​​ក្នុង​កម្មវិធី​ Commercial Crew ដើម្បី​ធ្វើ​ការ​បញ្ជូន​យាន​អវកាស​មាន​មនុស្ស​បើក​​ចំនួន​6ជើង​​ឡើង​ទៅកាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS)។ Demo-2 ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​វាយ​តម្លៃ​ទៅ​លើ​ស្ដង់​ដា​សុវត្ថិ​ភាព​ និង​ភាព​គួរ​ទុក​ចិត្ត​របស់​យាន​អវកាស​ Crew Dragon និង​កាំជ្រួច​ Falcon 9 សម្រាប់​ការ​ហោះ​ហើរ​នោះ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement