តើមានរឿងអ្វីកើតឡើង ពេលលោក ត្រាំ សួរមេ Apple រឿងបង្កើតបច្ចេកវិទ្យា 5G ?

ប្រធានាធិបតី​នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter ថា៖ “លោកបានសួរនាំលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ឱ្យបង្កើតបច្ចេកវិទ្យា 5G ឡើង ព្រោះសហរដ្ឋអាមេរិក មានស្ទើរតែទាំងអស់ទៅហើយ ដូចជា ថវិកា បច្ចេកវិទ្យា ទស្សនវិស័យ និងជាពិសេសមានមេ Apple ថែមទៀតផង” ដោយលោកបានសួរបែបនេះ នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅការិយាល័យកណ្ដាល របស់ Apple តម្លៃ ១ លានដុល្លារ នៅរដ្ឋតិចសាស់ កាលពីថ្ងៃ21 ខែវិឆ្ឆិកា ឆ្នាំ2019 កន្លងទៅ។

មិនបានប៉ុន្មាននាទីផង បណ្ដាញសារព័ត៌មានបរទេសធំៗបានចុះផ្សាយព្រោងព្រាត។ ជាក់ស្ដែងគេហទំព័របច្ចេកវិទ្យាឈានមុខ The Verge បានសរសេរចំណងជើងធំៗថា៖ ត្រាំ ពឹងឱ្យមេ Apple បង្កើត 5G ទាំងដែលក្រុមហ៊ុន Apple មិនមែនជាអ្នកផ្គត់ផ្គង់សេវាណិតវើកសោះឡើយ។ ប្រភពដដែលបានលើកជាចម្ងល់ថា ហេតុអ្វីបានលោក ត្រាំ មិន Mentions ឬពឹងក្រុមហ៊ុនជំនាញដូចជា Verizon, AT&T, T-Mobile និង Sprint ផង? ពួកគេសុទ្ធតែជាជើងខ្លាំងខាងផ្គត់ផ្គង់សេវាណិតវើក ទូទាំងសហរដ្ឋអាមេរិកដែរតើ?!។

The Verge បកស្រាយថា ជាការពិត បើនិយាយអំពីបច្ចេកវិទ្យា 5G ទោះជា Apple អាចបង្កើត iPhone 5G ចេញលក់នៅខែក្រោយបានក៏ពិតមែន តែវាក៏មិនអាចទទួលបានដែនសេវា 5G ពេញលេញដែរ។ ប្រការនេះ គឺហាក់ដូចជា ប្រើមនុស្សធ្វើការ មិនចំជំនាញអ៊ីចឹងដែរ។

ម្យ៉ាងទៀត ក្រុមហ៊ុន Apple មិនមែនជាអ្នកផលិតម៉ូឌឹម 5G និងផ្នែករឹងជាច្រើនទៀត(Hardware) ស្ទើរទាំងស្រុងលើ iPhone និង iPad នោះដែរ ព្រោះមានការសហការបង្កើតដោយ Intel ជាពិសេសក្រោយមានរឿងរ៉ាវប្ដឹងផ្តល់គ្នាកាលពីពេលមុនរួចមក ឆាប់ៗនេះ Apple កំពុងតែចង់ចាប់ដៃ Qualcomm ជំនួសវិញ។

ត្រឡប់ទៅកាលពីឆ្នាំ2016 នាយកប្រតិបត្តិ Apple ក៏ធ្លាប់បានផ្តល់បទសម្ភាសមួយដែរត្រង់ចំណុចនេះថា៖ “អ្នកជំនាញរបស់យើង ពុំមានឯកទេសផ្នែកផ្គត់ផ្គង់សេវាណិតវើកទេ យើងប្រឹងប្រែងបង្កើតបច្ចេកវិទ្យា e-SIMs ប៉ុន្តែការងារនេះ វាពាក់ព័ន្ធនឹងផ្នែកខាងសេវាណិតវើកឯណោះទេ”

ប្រភព៖ https://www.theverge.com/2019/11/21/20975733/trump-tim-cook-build-5g-network-united-states-carrier?fbclid=IwAR3WUJMAXFeoBaXrfK-V2DBqVqmpP3B6JFTI2FlgVodpFfxSttCYF3qMAeo

Advertisement