លោក​ Trump ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ស្ដី​ពី​បញ្ហា​បណ្ដាញ​សង្គម​

លោក​ Trump ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ស្ដី​ពី​បញ្ហា​បណ្ដាញ​សង្គម​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ទាក់​ទិន​នឹង​បណ្ដា​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​28​ឧសភា​ ហើយ​បាន​ហៅ​នេះ​ថាជា “សកម្មភាព​​ដើម្បី​ការ​ពារ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​អាមេរិកាំង​”។

“ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​ភាគ​តិច​កំពុង​កាន់​កាប់​ព័ត៌មាន​ទំនាក់​ទំនង​​សាធារណៈ​និង​ឯក​ជន​ភាគ​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​។ ពួកគេ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ កាត់​បន្ថយ​ កែ​ប្រែ​ លាក់​បាំង​ និង​ផ្លាស់​ប្ដូរ​រាល់​ទំនាក់​ទំនង​គ្រប់​រូប​ភាពរវាង​​ពលរដ្ឋ​ និងសាធារណជន​ ដោយ​មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ​។ យើង​មិន​អាច​អនុញ្ញាត​ឱ្យ​បញ្ហា​នេះ​បន្ត​កើត​មាន​ទៀត​នោះ​ទេ​”។ ប្រធានាធិបតី​ Donald Trump ថ្លែង​បែប​នេះកាល​ពី​ថ្ងៃទី​28​ឧសភា​ បន្ទាប់​ពី​បាន​ចុះ​ហត្ថ​លេខា​​លើ​បទ​បញ្ជា​ទាក់​ទង​នឹង​បញ្ហា​បណ្ដាញ​សង្គម​។

លោក Trump បានអះអាង​ថា បទ​បញ្ជា​​នេះ​គឺ​ដើម្បី​ “ការ​ពារ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ចំពោះ​មុខ​ការ​គំរាម​កំហែង​មួយ​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​​អាមេរិក​។ Twitter លែង​នៅ​ជា​ទី​តាំង​ប្រមូល​ផ្ដុំ​របស់​សាធារណ​ជន​ទៀត​ហើយ​ តែ​វា​បាន​ក្លាយ​ជា​និពន្ធ​នាយក​​ដែល​មាន​ការ​យល់​ឃើញ​ដោយ​ឡែក​។ ខ្ញុំ​គិត​ថា យើង​អាច​និយាយ​អំពី​បញ្ហា​​ដូច​គ្នា​នេះ​ចំពោះ​​ក្រុម​ហ៊ុន​ Google ក្រុម​ហ៊ុន​ Facebook និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត​”។

បទបញ្ជា​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ដក​ហូត​សិទ្ធិ​ទទួល​បាន​ការ​លើក​លែង​ផ្នែក​ច្បាប់​របស់​បណ្ដា​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​ ដូច​ជា​ Twitter ជា​ដើម​ ដោយ​តម្រូវ​ឱ្យ​ស្ថាប័ន​រដ្ឋ​វាយ​តម្លៃ​ថា​តើបណ្ដាញ​សង្គម​ទាំង​នេះ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​​​ឬ​ទេក្នុង​ការ​​ធានា​លើការ​ទទួលខុស​ត្រូវ​​ផ្លូវ​ច្បាប់​សម្រាប់​​ខ្លឹម​សារ​ដែល​​ត្រូវ​បាន​មនុស្ស​រាប់​លាន​នាក់​បង្ហោះ​។

បទ​បញ្ជា​របស់​លោក​ Trump នេះ​ នឹង​ផ្លាស់​ប្ដូរ​ទម្លាប់​ដែល​មាន​តាំង​ពី​រាប់​​ឆ្នាំ​មុន​ ដែល​បាន​ចាត់​ទុក​បណ្ដាញ​សង្គម​ជា​​ផលិត​ករ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ខ្លឹម​សារ​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើប្រាស់​។

Twitter កាល​ពី​ថ្ងៃទី​27​ឧសភា បាន​ដាក់​ tag នៅ​លើ​សារ​ចំនួន​2ឃ្លា​​របស់​លោក Trump ហើយ​បានបន្ថែម​​ឧទាន​សញ្ញា​​​នៅ​ខាង​ក្រោម​សារ​ទាំង​នេះ​។ ពេល​ចុច​ទៅលើ​តំណ​ភ្ជាប់​(link) ដែល​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​​សារនោះ​​​ អ្នក​ប្រើ​ប្រាស់​នឹង​ត្រូវ​បាន​នាំ​ទៅ​កាន់​ទំព័រ​មួយ​ដែល​​គ្រប់គ្រង​ដោយ​ Twitter ដែល​មាន​សរសេរ​ថា ប្រសាសន៍​របស់​ម្ចាស់​សេត​វិមាន​គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។

លោក​ Trump ក្រោយ​មក​ក៏​បាន​ចោទ​ប្រកាន់​ Twitter និង​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ថា “បិទ​មាត់​”​ អ្នក​អភិរក្ស​និយម​។ កាល​ណោះ​ លោក​ Trump បាន​គំរាម​ថា​នឹង​កែ​ប្រែ​ឱ្យ​បាន​ខ្លាំង​ក្លា​ ឬ​បិទ​បណ្ដាញ​សង្គម​ទាំង​នេះ​។ ប៉ុន្តែ ក្រុម​អ្នក​វិភាគ​យល់​ថា លោក​ Trump ពិបាក​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​គំរាម​របស់​លោក​ក្លាយ​ជា​ការ​ពិត​ ព្រោះ​ថា រាល់​ការ​កែ​ប្រែ​​ទៅ​លើ​បណ្ដាញ​សង្គម​នានា​ ទាក់​ទិន​នឹង​ខ្លឹម​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ពួកគេ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ គឺ​តម្រូវ​ឱ្យ​មាន​ការ​អនុម័ត​ពី​រដ្ឋ​សភា​៕

ប្រភព​៖ សារព័ត៌មាន​បរទេស​

Advertisement