សាកលវិទ្យាល័យ NTU សិង្ហបុរី បង្កើតបានរ៉ូបូត អាចធ្វើចលនាស្វ័យប្រវត្តិ សម្លាប់មេរោគបាន

សាកលវិទ្យាល័យ NTU សិង្ហបុរី បង្កើតបានរ៉ូបូត អាចធ្វើចលនាស្វ័យប្រវត្តិ សម្លាប់មេរោគបាន

ក្រុមអ្នកស្រាវជ្រាវនៅប្រទេសសិង្ហបុរី បានបង្កើត រ៉ូបូត (មនុស្សយន្ត) មួយឡើង ដើម្បីបាញ់សម្លាប់មេរោគ ដោយមានដៃមួយ អាចធ្វើត្រាប់តាមចលនារបស់មនុស្សជួយសម្រាលបន្ទុកការងារដល់អ្នកសម្អាតក្នុងពេលកំពុងផ្ទុះកូវីដ-19។

រ៉ូបូតនេះឈ្មោះថា “XDBOT” មានរាងដូចប្រអប់មួយ មានកង់ដែលអាចចូលទៅដល់ទីតាំងចង្អៀតៗមួយចំនួន ដូចជានៅក្រោមតុ និងក្រោមគ្រែជាដើម។

រ៉ូបូត ដែលសាងសង់ដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nanyang Technological University (NTU) របស់រដ្ឋក្នុងទីក្រុងនេះ មានក្បាលថាមពលខ្ពស់សម្រាប់បាញ់ថ្នាំសម្លាប់មេរោគ និងអាចបាញ់សម្អាតលើផ្ទៃទីធ្លាធំៗបានយ៉ាងឆាប់រហ័ស។

រ៉ូបូត នេះអាចបញ្ជាបានពីចម្ងាយដោយប្រើកុំព្យូទ័រយួរដៃ ឬថេប្លេត ដោយជួយកាត់បន្ថយហានិភ័យដល់អ្នកសម្អាតក្នុងការឆ្លងមេរោគកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង 140 0000 នាក់នៅទូទាំងពិភពលោក។

អ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ NTU ដែលដឹកនាំគម្រោងនេះ បាននិយាយថា “ដោយប្រើប្រាស់រ៉ូបូតថ្មីរបស់យើងពីចម្ងាយ ប្រតិបត្តិករជាមនុស្សអាចគ្រប់គ្រងបានយ៉ាងច្បាស់លាស់នូវដំណើរការនៃការបាញ់សម្អាតមេរោគដោយមិនចាំបាច់ប៉ះពាល់ជាមួយនឹងផ្ទៃរបស់វត្ថុទាំងនោះឡើយ”។

មនុស្សយន្ត XDBOT ត្រូវបានសាកល្បងនៅបរិវេណសាកលវិទ្យាល័យ NTU ហើយអ្នកបង្កើតវាសង្ឃឹមថា នឹងធ្វើតេស្តវានៅតំបន់សាធារណៈ និងក្នុងមន្ទីរពេទ្យច្រើនទៀត៕

Advertisement