Xiaomi ក្រៅ​ពីលក់​ស្មាតហ្វូនហើយ ​នៅ​មាន​ជំនួញ​លក់​រថយន្ត​ ដែលមាន​គេ​កុម្ម៉ង់​មុន 140គ្រឿង​ហើយ​

ថ្មីៗ​នេះ Xiaomi ​បាន​ប្រកាស​បង្ហាញរថយន្ត​ប្រភេទ SUV គឺ Bestune T77 Xiaomi Edition ដែល​មាន​បំពាក់​ឱ្យ​ប្រើប្រាស់នូវ​មុខងារ​ឆ្លាតវៃ XiaoAI ជា​ពិសេស​តែ​ម្តង។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់​ប្រទេស​ចិន Xiaomi មួយនេះ ក្រៅ​ពី​ប្រឡូក​ក្នុង​វិស័យ​ស្មាតហ្វូន កុំព្យូទ័រ និង​គ្រឿង​បរិក្ខារអេឡិចត្រូនិក​​ប្រើប្រាស់នៅ​ក្នុង​គេហដ្ឋានហើយ ក្រុមហ៊ុននេះ​ក៏​បាន​ចូលរួម​ក្នុង​វិស័យ​ផលិត​យានយន្ត​​ផងដែរ។

ចំពោះបច្ចេកវិទ្យា XiaoAI វិញ នឹងជួយ​ឱ្យអ្នក​បើកបរ​អាច​ដាក់​គោលដៅ​ធ្វើ​ដំណើរ​លើ​ដង​វិថី ឆ្លើយតប​នឹងសំណួរ​ផ្សេងៗ​ទាក់ទិន​នឹង​ចរាចរណ៍ ក៏​ដូច​ជា​ភ្ជាប់​ទៅ​នឹង​ការ​បញ្ជា​បិទ​បើក​ឧបករណ៍​គ្រឿង​បរិក្ខារ​ផ្សេងៗ​នៅ​ឯ​គេហដ្ឋានបាន​តាម​រយៈ​មុខងារ Smart Home System ផងដែរ។

ឧទាហរណ៍៖ ​ប្រសិន​អ្នក​ភ្លេច​បិទ​ម៉ាស៊ីន​ត្រជាក់​នៅ​ឯ​ផ្ទះ ហើយ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​របស់ Xiaomi នោះ​អ្នក​​អាច​បញ្ជាបិទ​ពី​ចម្ងាយ​ក្នុង​ពេល​ធ្វើ​ដំណើរក្នុង​រថយន្តបាន​។ ​កម្លាំង​ម៉ាស៊ីន​រថយន្ត​ Bestune T77 Xiaomi Edition មាន​បំពាក់​នូវ​ម៉ាស៊ីន Turbocharged ​ចំណុះ 1.2លីត្រ អាច​ផលិត​កម្លាំង​បាន 143សេះ ​មាន​ប្រអប់​លេខ​ 2​ប្រភេទ​ជា MT និង AMT។

បច្ចុប្បន្ន​រថយន្ត​នេះ​កំពុង​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍ ​និង​ផលិត​បន្ថែម។ ចំពោះ​តម្លៃវិញ ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ តែ​ចំពោះ​ការ​កុម្ម៉ង់​ទិញ ឥឡូវ​មាន​ដល់​ទៅ 140គ្រឿង​ទុក​ជា​មុនរួចជាស្រេច​ហើយ៕

Advertisement