​បច្ចេក​វិទ្យា​​ «ផលិត​ និង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី» កំពុង​ទាក់​ទាញ​ការវិនិយោគ​​នៅ​អង់គ្លេស

បណ្ដា​សាកល​វិទ្យាល័យ​ និង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​នៅ​ប្រទេស​អង់គ្លេស​នឹង​ទទួល​បាន​ប្រាក់​ 5.4 លាន​ដុល្លារ​អាម៉េរិក​ពី​រាជ​រដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផលិត​អគ្គិសនី​​នៅ​ទីអវកាស​។

បច្ចេកវិទ្យា​ទាញ​យក​ថាមពល​ពី​ព្រះ​អាទិត្យ​តាម​រយៈ​ផ្ទាំង​សូឡា​នៅ​លើ​ផ្កាយ​រណប​ និង​បាញ់​បញ្ជូន​អគ្គិសនី​​មក​កាន់​ផែនដី​ មាន​សក្ដានុពល​ធំធេង​នៅ​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ថាមពល​របស់​ប្រទេស​អង់គ្លេស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 12 មិថុនា 2023 ​​របស់​គេហទំព័រ​ Guardian។

ក្នុង​ចំណោម​សាកល​វិទ្យាល័យ​ និងស្ថាប័ន​​នានា​ដែល​ទទួល​បាន​ប្រាក់​វិនិយោគ 5.4 លាន​ដុល្លារ​អាម៉េរិក​ពី​ការ​ប្រកួត​អភិវឌ្ឍ​ថាមពល​ព្រះ​អាទិត្យ​នៅ​ទី​អវកាស​របស់​​រាជ​រដ្ឋាភិបាល​​អង់គ្លេស​ ក៏​មាន​សាកល​វិទ្យា​ល័យ​ Cambridge និង​សាកល​វិទ្យាល័យ Queen Mary ផងដែរ​។ ស្ថាប័ន​ទាំង​នេះ​​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​គ្មាន​ខ្សែ​ដែល​អនុញ្ញាត​ឱ្យ​ទាញ​យក​ថាមពល​ព្រះ​អាទិត្យ​ និង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​

បច្ចេក​វិទ្យា​ខាង​លើ​នេះ​កំពុង​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​រដ្ឋាភិបាល​នានា​នៅ​លើ​ពិភព​លោក​។ កាល​ពី​ដើម​ខែ​មិថុនា 2023 សហរដ្ឋ​អាម៉េរិក​​ប្រកាស​ថា​ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​ទាញ​យក​ថាមពល​ព្រះ​អាទិត្យនៅ​ទី​អវកាស​​ និង​បាញ់បញ្ជូន​មក​កាន់​ស្ថានីយ​ទទួល​នៅ​លើ​ដី​។​

ការ​ផលិត​អគ្គិសនី​ពី​អវកាស​​នឹង​មាន​ប្រៀប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ការ​ផលិត​នៅ​លើ​ផែនដី​ ព្រោះ​ថា ក្នុង​អវកាស ​កម្ដៅ​របស់​ព្រះ​អាទិត្យ​មិន​រង​ការ​រំខាន​ពី​វដ្ដ​របស់​ថ្ងៃ​​​ និង​យប់​។ ការ​សិក្សា​ស្រាវជ្រាវ​របស់​អង់គ្លេស​កាល​ពី​ឆ្នាំ​ 2021 បង្ហាញ​ថា ថាមពល​ព្រះ​អាទិត្យ​នៅ​ទី​អវកាស​អាច​ឱ្យ​ប្រទេស​នេះ​​ផលិត​អគ្គិសនី​បាន​រហូត​ដល់ 10 GW ជា​រៀង​រាល់​ឆ្នាំ ដែល​ស្មើ​នឹង ¼ នៃ​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​​​អង់គ្លេស​ នៅ​ឆ្នាំ​ 2050​៕

Advertisement