(វីដេអូ)-ក្រុមហ៊ុន​បារាំង បង្ហាញ​យន្ត​ហោះ​​ដែលមាន​ប្រព័ន្ធ​កង្ហារ​ស្ថិតក្នុង​ស្លាប ស្អាត​ជាង​យន្តហោះ​ក្នុង​រឿង អាវ៉ា​តារ (Avatar) ទៅទៀត

(បារាំង)-យន្តហោះ​ដែល​អាច​ហោះ​ឡើង និង​ចុះចត​ត្រង់ ATEA អាច​ដឹក​មនុ​ស្សបាន ៥ នាក់ សមស្រប​សម្រាប់​ប្រើ​ជា​តាក់ស៊ី​ហោះ​នៅក្នុង​ទីក្រុង និង​ជាយក្រុង។

Ascendance Flight Technologies (AFT) ជា​ក្រុមហ៊ុន​មួយ​នៅ​តំបន់ Toulouse ប្រទេស​បារាំង បាន​បង្ហើប​ឱ្យដឹង​អំពី​រចនា​រូបរាង​ដ៏​ទាក់ទាញ​របស់​គំរូ​នៃ​យន្តហោះ​ដែលមាន​ឈ្មោះថា ATEA នេះ​បើតាម​ការចុះផ្សាយ​របស់​ទំព័រ Interesting Engineering កាលពី​ថ្ងៃទី ៣ ធ្នូ។ វា​គឺជា​យន្តហោះ​កូនកាត់​សាំង-អគ្គិសនី ដែលមាន​កៅអី​ចំនួន ៥ ហើយ​កង្ហារ​របស់​វា​ត្រូវបាន​បំពាក់​នៅ​ខាងក្នុង​ស្លាប។

ATEA គឺជា​លទ្ធផល​នៃ​ការស្រាវជ្រាវ និង​អភិវឌ្ឍ​រយៈពេល ៣ ឆ្នាំ របស់​ក្រុមហ៊ុន​ខាងលើ។ វា​ត្រូវបាន​គេ​ហៅថា យន្តហោះ​នៃ​អនាគត ដោយសារតែ​វា​បង្ហាញ​អំពី​គោលដៅ​នៃ​ការកាត់បន្ថយ​ឧស្ម័ន​ពុល​ក្នុង​វិស័យ​អាកាសចរណ៍​របស់ Ascendance Flight Technologies។

ជាមួយនឹង​រង្វង់​ប្រតិបត្តិការ ៤០០ គីឡូម៉ែត្រ និង​ដឹក​បាន ៥ នាក់ ATEA សមស្រប​ដើម្បី​ប្រើប្រាស់​នៅក្នុង​តំបន់​ជាយក្រុង និង​ទីក្រុង ឬ​យក​ធ្វើជា​តាក់ស៊ី​ហោះ ដោយសារ​វា​ងាយស្រួល​ហោះ​ឡើង ចុះចត ក៏ដូចជា​រហ័ស​ជាង​តាក់ស៊ី​នៅលើ​ដី។

ទ្រង់ទ្រាយ​នៃ​យន្ត​ហោះ​ក្នុង​ភាព​យន្ត​រឿង​ Avatar

ក្រៅពី​ជួយ​សន្សំសំចៃ​ប្រេងសាំង និង​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន យន្តហោះ ATEA ក៏​បញ្ចេញ​សំឡេង​ទាប​ជាង ១/៤ ធៀប​នឹង​យន្តហោះ​ធម្មតា​ផងដែរ។ យន្តហោះ​នេះ​មាន​កង្ហារ​លើក​ដែល​បំពាក់​នៅក្នុង​ស្លាប​ឆ្វេង-ស្ដាំ និង​កង្ហារ​រុញច្រាន​នៅខាងមុខ និង​ខាងក្រោយ។

«ATEA នឹងមាន​គំរូ​យន្តហោះ​ពិត​ពេញលេញ និង​អាច​ចាប់ផ្ដើម​ហោះហើរ​សាកល្បង​នៅក្នុង​ឆ្នាំ ២០២។ ដោយមាន​ការគាំទ្រ​ពី​ដៃគូ​ហិរញ្ញវត្ថុ យើង​កំពុង​អភិវឌ្ឍ​វា​យ៉ាងខ្លាំង​ក្លា…និង​ឆ្ពោះទៅរក​ការទទួលស្គាល់​ដោយ​ស្របច្បាប់​នៅ​ឆ្នាំ ២០២៥» Jean-Christophe Lambert សហ​ស្ថាបនិក និង​ជា CEO របស់​ក្រុមហ៊ុន AFT បានបញ្ជាក់​ដូច្នេះ៕

Advertisement