SpaceX ទទួលបាន​ប្រាក់ 178 លាន​ដុល្លារ ដើម្បី​នាំ​យាន​របស់ NASA ទៅរក​ជីវិត​លើ​ព្រះ​ចន្ទ​នៃ​ភព​ព្រហស្បតិ៍

ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី Elon Musk បាន​ចុះ​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ 178 លាន​ដុល្លារ​ជាមួយ​ទីភ្នាក់ងារ​អវកាស អាមេរិក NASA ដើម្បី​បាញ់​បង្ហោះ​យាន​ស្រាវជ្រាវ​មួយគ្រឿង ទៅ​ស្វែងរក​ជីវិត​នៅលើ​ឋាន​ព្រះ​ចន្ទ​របស់​ភព​ព្រ​ហស្ប​តិ៍ នៅ​ឆ្នាំ 2024។

រ៉ុក្កែត Falcon Heavy របស់ SpaceX ត្រូវបាន​ជ្រើសរើស ដើម្បី​នាំយក​យានអវកាស Europa Clipper របស់ NASA ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ Europa ដែល​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ខែតុលា ឆ្នាំ 2024 ដោយ​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស Kennedy នៅក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀង​សម្រាប់​ការផ្ដល់ និង​ទទួល​សេវាកម្ម​ខាងលើ មានតម្លៃ​ប្រហែល 178 លាន​ដុល្លារ​អាមេរិក។

កាលពី​ដំបូង​ឡើយ NASA មានបំណង​ប្រើប្រាស់​ប្រព័ន្ធ​បាញ់​បង្ហោះ​ផ្ទាល់ខ្លួន ដើម្បី​បំពេញបេសកកម្ម​នេះ ប៉ុន្តែ ការអភិវឌ្ឍ​មានការ​យឺតយ៉ាវ។

យានអវកាស Europa Clipper ត្រូវបាន​រចនា​ឡើង​ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លម្អិត​អំពី​ព្រះ​ចន្ទ Europa របស់​ភព​ព្រហស្បតិ៍ ក្នុង​បំណង​ឱ្យដឹង​ច្បាស់​ថា ឋាន​ដែល​មហា​សែន​ត្រជាក់​នេះ អាច​ទ្រទ្រង់​ភាវរស់​បានដែរ ឬ​អត់។

ភារកិច្ច​របស់​យានអវកាស​នេះ​គឺ ថតរូប​ភាព​របស់​ព្រះ​ចន្ទ Europa ឱ្យបាន​ច្បាស់​បំផុត និង​ស្វែងយល់​អំពី​សមា​ធាតុ​របស់​វា និង​ស្វែងរក​សញ្ញា​នៃ​បាតុភូត​រញ្ជួយ​ដី​កំពុង​កើតឡើង ឬ​បាន​កើតឡើង​កាលពី​អតីតកាលថ្មីៗនេះ។

យានអវកាស​របស់ NASA នេះ ក៏​នឹង​ត្រូវបាន​បំពាក់​ឧបករណ៍​វាស់​កម្រាស់​នៃ​ស្រទាប់​ទឹកកក​ខាងលើ​របស់ Europa ស្វែងរក​បឹង​ក្រោម​ដី និង​វាស់​ជម្រៅ រួមទាំង​កម្រិត​នៃ​ជាតិ​ប្រៃ​របស់​មហាសមុទ្រ​ក្រោម​ផ្ទាំង​ទឹកកក​ផងដែរ។

ជា​ព្រះ​ចន្ទ​មួយ ក្នុងចំណោម​ព្រះ​ចន្ទ​ធំជាងគេ​ទាំង 4 របស់​ភព​ព្រហស្បតិ៍ Europa បាន​ក្លាយជា​ប្រធានបទ​សំខាន់​នៃ​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​កាលពីពេល​កន្លង។ កាលពី​ឆ្នាំ 2020 ក្រុម​អ្នកវិទ្យាសាស្ត្រ​បានបញ្ជាក់​ឱ្យឃើញថា វិទ្យុសកម្ម​មាន​ជាប្រចាំ ដែល Europa ទទួលបាន​ពី​ភព​ព្រហស្បតិ៍ បណ្ដាលឱ្យ​ព្រះ​ចន្ទ​មួយ​នេះ បញ្ចេញ​ពន្លឺ​នៅក្នុង​ទី​ងងឹត៕

ប្រភព៖ Reuters

Advertisement