អ្នកជំនាញ៖ ការជូតសម្អាតទូរស័ព្ទ ក៏ជាវិធីការពារខ្លួនពីវីរុសកូរ៉ូណាមួយដែរ

យោង​តាមប្រភព​ពី​អង្គការ​សុខភាព​ពិភពលោក(WHO)បានឱ្យដឹងថា WHO ​បាន​ចេញ​សារាចរ​ណែនាំ​​ដល់ប្រជាជន​ទូទាំង​ពិភពលោក ឱ្យអនុវត្ត​តាម​ចំណុច 3យ៉ាង​សំខាន់​ៗ ដើម្បីកាត់បន្ថយហានិភ័យក្នុងការឆ្លងវីរុស Covid-19​ដូច​ខាង​ក្រោមនេះ៖

1. លាងសម្អាតដៃឱ្យបានញឹកញាប់ ដោយ​ប្រើ​ទឹក​អាល់កុល​សម្លាប់​មេរោគ ឬ​ជាមួយ​សាប៊ូ និង​ទឹកស្អាត។
2. ប្រើ​ក្រដាស​អនាម័យ ឬ​កែង​ដៃ ខ្ទប់​មុខ​នៅ​ពេល​ក្អក ឬ​កណ្ដាស់ រួច​បោះ​ក្រដាស​ចោល​ភ្លាម​ៗ និង​លាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត។
3. ចៀសវាង​ការ​ប៉ះពាល់​អ្នក​ដែល​មាន​ជំងឺ​ផ្ដាសាយ និង​ក្អក។

យ៉ាងណាក្ដី ​​អ្នកជំនាញបានរកឃើញថា COVID-19 អាចទំជាប់លើស្គ្រីនទូរស័ព្ទបានរហូតដល់ 1អាទិត្យឯណោះ។ ​អ្នក​ជំនាញ​ការបានឱ្យ​ដឹង​ថា ​វីរុសអាចរាលដាលតាមរយៈដំណក់ទឹក ដែលត្រូវបានបញ្ចេញតាមរយៈ​ការ​ក្អក និងកណ្តាស់ ហើយ​មេរោគអាចនៅរស់ និងសេសសល់នៅលើផ្ទៃទូរស័ព្ទដៃ បាន 7ថ្ងៃ។

សាស្រ្តាចារ្យ William Keevil មកពីសាកលវិទ្យាល័យ Southampton បានប្រាប់ថា “អ្នកអាចលាងដៃរបស់អ្នកបាន ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមប៉ះអេក្រង់ស្មាតហ្វូនរបស់អ្នកទៀត ហើយបន្ទាប់មកយកដៃមកប៉ះមុខរបស់អ្នក វា​អាច​មាន​សក្តានុពលនៃការឆ្លងមេរោគ”។

ដើម្បី​ជា​ការ​ទប់​ស្កាត់​ការ​ចម្លង​មេរោគ​តាម​រយៈ​ទូរស័ព្ទដៃ​នេះ អ្នក​ជំនាញការបាន​ណែនាំ​ឱ្យឧស្សាហ៍​ជូតសម្អាត​ស្គ្រីន​ទូរស័ព្ទ ​ជាមួយ​អាល់កុល​ឱ្យ​បាន​យ៉ាង​ហោច 2​ដង​ក្នុង​ 1​ថ្ងៃ៕

Advertisement