Google ដាក់ពាក្យសុំការលើកលែងជាមួយអាមេរិក ដើម្បីអាចឱ្យខ្លួនបានបន្តផ្ដល់អាជ្ញាប័ណ្ណដល់ Huawei

Google បាន​ដាក់​ពាក្យ​សុំ​នូវ​ការ​លើក​លែង​មួយ​ជា​មួយ​នឹង​រដ្ឋាភិបាល​អាមេរិក​ ដើម្បី​អាច​ឱ្យ​ខ្លួន​បានបន្ត​​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់ Huawei ឱ្យ​ប្រើ​ប្រាស់​ Mobile Services របស់​ខ្លួន។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ល្បីៗ​នានា។

Huawei គឺ​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋអាមេរិក​ ចាប់​តាំង​ពី​ខែ​ឧសភា​ ឆ្នាំ2019មក​ម្ល៉េះ ដែល​មាន​ន័យ​ថា ​គឺមិន​អាច​រក​ស៊ី​ជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​​របស់​អាមេរិក​បាន​ឡើយ ក្នុង​នោះ​​រួម​មាន​ Google ជា​ដើម។ លុះត្រាតែ​មាន​ការ​​លើក​លែង​ពិសេស​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក។

Microsoft គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ទទួល​បាន​ការ​លើក​លែង ហើយ​ពេល​នេះ​អាច​ធ្វើ​ការ​ជា​មួយ Huawei រួច​មក​ហើយ។

ប្រសិន​បើ​ Google ផ្ដល់​ការ​លើក​លែង​ស្រដៀង​គ្នា​នេះ Huawei អាច​នឹង​ធ្វើ​ការ​អាប់ឌែត​ឧបករណ៍​របស់​ខ្លួន​ជា​មួយ Google Mobile Services បាន​ភ្លាមៗ ដែល​មាន​ន័យ​ថា​ ​​កម្មវិធី និង​សេវាកម្ម​ដូច​ជា Play Store, Maps, Photos, YouTube និង Gmail អាច​ដំណើរ​ការ​លើ​ស្មាតហ្វូន Android របស់ Huawei បាន។

ឥឡូវនេះ Huawei មាន​នូវ​ Huawei Mobile Services ផ្ទាល់​ខ្លួន ដែល​សម្រាប់​ជំនួស Google Mobile Services ប៉ុន្តែ HMS នៅ​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​នៅ​ឡើយ​ទេ ដ្បិត​ថា​ Huawei ចំណាយ​ថវិកា​ច្រើន​សន្ធឹក​ក្នុង​ការ​បង្កើត​វា​​ក្ដី៕

Advertisement