Asus បញ្ចេញកុំព្យូទ័រ Laptopថ្មី 4 ម៉ូដែល ទាំងឡូយទាំងខ្លាំង

ក្នុងពិព័រណ៍បច្ចេកវិទ្យាកុំព្យូទ័រ Computex ក្រុមហ៊ុន Asus បានបញ្ចេញកំពូលកុំព្យូទ័រមានរាងស៊ិចស៊ី និងមានសមត្ថភាពខ្លាំង ចំនួន 4 ម៉ូដែល ដែល 3 ម៉ូដែលជាស៊េរី ZenBook ថ្មី និង 2 ទៀតជាស៊េរី VivoBook។

ប្រធានក្រុមហ៊ុន Asus លោក Jonney Shih បានឱ្យដឹងថា ក្រៅពីកុំព្យូទ័រសម្រាប់អ្នកលេងហ្គេម និងអ្នករចនាហើយ ក្រុមហ៊ុនក៏នៅមានស៊េរីកុំព្យូទ័រជាច្រើនទៀតសម្រាប់តម្រូវចិត្តអ្នកប្រើប្រាស់ទូទៅ ដូចជាការងារការិយាល័យ ការសិក្សា និងការកម្សាន្តផ្សេងៗផងដែរ ដូចជាកុំព្យូទ័រ ZenBook Flip S ដែលលោកកំពុងកាន់ក្នុងដៃនេះ វាមានអេក្រង់ 13.3 អ៊ីញ មានកម្រាស់ស្ដើងត្រឹម 11 មិល្លីម៉ែត្រ ដែលវាស្ដើងជាង MacBook Air ដែលមានកម្រាស់ 17 មិល្លីម៉ែត្រ និងមានទម្ងន់ត្រឹមតែ 1.1 គីឡូក្រាមប៉ុណ្ណោះ។

លោកបន្តថា Flip S បានបំពាក់មកជាមួយនូវ CPUCore i5 និង i7 ជំនាន់ទី 7 ប្រើ Hard Disk ប្រភេទ SSD ដល់ 1TB និងមាន RAM ទំហំ 16GB ប្រភេទ LPDDR3។ អេក្រង់ 13.3 អ៊ីញ របស់វាអាចបង្ហាញរូបភាពដល់កម្រិត 4K ហើយមានថាមពលថ្មកាន់បានយូររហូតដល់ 11.5 ម៉ោង សម្រាប់ Core i7 ហើយនឹងចេញលក់ក្នុងតម្លៃចាប់ពី 1,099 ដុល្លារអាមេរិក។

សម្រាប់ម៉ូដែល ZenBook Pro UX550 វិញ មានអេក្រង់15.6 អ៊ីញអាចបង្ហាញរូបភាពកម្រិត 4K ដូចគ្នា និងមានបំពាក់ក្រាហ្វិកដាច់ GTX 1050 Ti ហើយប្រើ CPU i5 7300HQ និង i7-7700HQ។ ក្នុងនោះវាមានទំហំផ្ទុកទិន្នន័យដល់ 1TB ប្រភេទ SSD និងមាន RAM ទំហំ 4GB ប្រភេទ DDR4។ វាមានកម្លាំងថ្មអាចប្រើបានរហូតដល់ 14 ម៉ោង ភ្ជាប់មុខងារសាកថ្មឆាប់ពេញ ពី 0 ទៅ 60% ប្រើពេលត្រឹម 49នាទីប៉ុណ្ណោះ។ ZenBook Pro UX550 នឹងមានលក់លើទីផ្សារក្នុងតម្លៃចាប់ពី 1,299 ដុល្លារអាមេរិក។
មួយទៀត គឺ ZenBook 3 Deluxe ដែលមានអេក្រង់ 14 អ៊ីញ អាចបង្ហាញរូបភាពត្រឹមកម្រិត 1080p មានកម្រាស់ 12.9 មីល្លម៉ែត្រ ប្រើ CPU i5 និង i7 មាន RAM ទំហំ 16GB ប្រភេទ LPDD3 និងមានអង្គផ្ទុកទិន្នន័យទំហំ 1TB ដូចគេដែរ។ វាក៏មានភ្ជាប់មកនូវរន្ធ Thunderbolt 3 ចំនួន 2 មានមុខងារស្គែនក្រយៅដៃ និងមានតម្លៃចាប់ពី 1,199ដុល្លារអាមេរិកឡើង។

ហើយចុងក្រោយគេ សម្រាប់ម៉ូដែល VivoBook S មានតម្លៃធូរថ្លៃជាងគេ ក្នុងចំណោមកុំព្យូទ័រថ្មីទាំង 5 ម៉ូដែល ដែលវាមានតម្លៃចាប់ពី 499 ដុល្លារឡើង ដែលអាចទទួលបានលក្ខណៈសម្បត្តិគ្រាន់បើ គឺអាចមានអង្គប្រតិបត្តិការដល់ Core i7-7500U ហើយបំពាក់ក្រាហ្វិក GTX 940M។ សូមបញ្ជាក់ថា ចំពោះតម្លៃដែលបានជម្រាបខាងលើ គឺជាតម្លៃដែលលក់នៅលើទីផ្សារអន្តរជាតិ៕

Advertisement