ថ្មីៗនេះ ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានធ្វើកិច្ចព្រមព្រៀងមួយដែលមានតម្លៃ14.1លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ Nokia ដើម្បីសាងសង់ប្រព័ន្ធ4G នៅលើចន្ទមណ្ឌល។
នេះគឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងដែល NASA កំពុងត្រៀមប្រគល់ឱ្យបណ្ដាក្រុមហ៊ុន នៅពេលពួកគេ (NASA) មានគម្រោងត្រលប់ទៅកាន់ឋានលោកខែជាថ្មី។
កិច្ចព្រមព្រៀងមានតម្លៃ14.1លានដុល្លារដែលត្រូវបានប្រគល់ឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ Bell Labs របស់ Nokia នៅសហរដ្ឋអាមេរិកលើកនេះ គ្រាន់តែជាផ្នែកដ៏តូចមួយតែប៉ុណ្ណោះនៅក្នុងចំណោមទំហំទឹកប្រាក់370លានដុល្លារ ដែលត្រូវបានប្រគល់ឱ្យក្រុមហ៊ុនផ្សេងៗ ក្នុងនោះមាន SpaceX របស់មហាសេដ្ឋី Elon Musk ជាដើម។
លោក Jim Reuter អនុប្រធានផ្នែកគ្រប់គ្រងអវកាសរបស់អង្គការ NASA បានឱ្យដឹងថា ការដំឡើងសេវាចល័ត4G នៅលើឋានព្រះចន្ទ នឹងអនុញ្ញាតឱ្យក្រុមអវកាសចរ អ្នករុករក យានចុះចតនៅលើឋានព្រះចន្ទ និងបរិយាកាសរស់នៅនៅទីនោះ អាចធ្វើការទំនាក់ទំនងគ្នាបានងាយស្រួលជាងមុន។
ប្រព័ន្ធ4G ដែល Nokia គ្រោងនឹងសាងសង់នៅលើឋានព្រះចន្ទនេះ នឹងផ្ដល់មុខងារលេចធ្លោជាងច្រើនបើធៀបនឹងរូបមន្តទំនាក់ទំនងដែលធ្លាប់បានប្រើប្រាស់ នៅក្នុងបេសកកម្មឡើងទៅកាន់ឋានលោកខែនាពេលកន្លងមក។
នេះមិនមែនជាការប្រឹកប្រែងលើកដំបូងក្នុងការដំឡើងប្រព័ន្ធ4G នៅលើឋានព្រះចន្ទនោះទេ។ កាលពីឆ្នាំ2018 Nokia បានរៀបចំផែនការសហការជាមួយក្រុមហ៊ុនអវកាស PTScientists របស់អាល្លឺម៉ង់ និងក្រុមហ៊ុនទូរគមនាគមន៍ Vodafone របស់អង់គ្លេស ដើម្បីដំឡើងប្រព័ន្ធ 4G LTE នៅត្រង់ទីតាំងដែលយានអវកាស Apollo 17 បានចុះចត ក៏ប៉ុន្តែ ផែនការនេះមិនបានទទួលជោគជ័យនោះឡើយ៕
ប្រភព៖ Gizmochina