ក្រុមហ៊ុន Apple ត្រូវបានគេជឿថា កំពុងរៀបចំផែនការដើម្បីរើរោងចក្រផលិតឧបករណ៍បច្ចេកវិទ្យារបស់ខ្លួនចំនួន20% ចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌា ដែលក្នុងនោះក៏មាន iPhone ផងដែរ។
យោងតាម Economic Times នាយកប្រតិបត្តិមួយចំនួនរបស់ក្រុមហ៊ុន Apple បានពិភាក្សាជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់ឥណ្ឌាកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ទាក់ទងទៅនឹងក្រុមហ៊ុនអាមេរិកាំងនេះ ចង់បានការ “បើកផ្លូវ” ដើម្បីអាចបង្កើនចង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា រួមទាំងការរើកម្លាំងផលិតកម្មចំនួន1/5ពីប្រទេសចិន មកកាន់ឥណ្ឌា។
បើសិនជាការផ្លាស់ទីនេះក្លាយជាការពិត Apple ក៏នឹងអាចក្លាយជាក្រុមហ៊ុននាំចេញធំជាងគេនៅឥណ្ឌា។
មន្ត្រីរដ្ឋាភិបាលមួយរូបបានបង្ហើបឱ្យដឹងថាឥណ្ឌាសង្ឃឹមថានឹងផលិតស្មាតហ្វូនដែលមានទំហំទឹកប្រាក់ដល់ទៅ40ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសនេះក្នុងរយៈពេល5ឆ្នាំខាងមុខ ដែលភាគច្រើនគឺដើម្បីនាំចេញ។ ការផលិតនេះ ភាគច្រើនត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Wistron និងក្រុមហ៊ុន Foxconn ដោយយោងទៅលើផលប្រយោជន៍ពីកម្មវិធីលើកទឹកចិត្តទាក់ទាញការផលិត PLI។
PLI (Production Linked Incentive Scheme) គឺជាកម្មវិធីដែលត្រូវបានឥណ្ឌាបង្កើតឡើងក្នុងបំណងលើកទឹកចិត្តដល់ការផលិតក្នុងស្រុក ទាក់ទាញការវិនិយោគ និងការផលិតពីបណ្ដាក្រុមហ៊ុនបរទេស។ Apple នឹងក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមបណ្ដាក្រុមហ៊ុនដំបូងគេដែលទទួលបានផលប្រយោជន៍ពីគោលនយោបាយនេះ បន្ទាប់ពីមាត្រាមួយចំនួនត្រូវបានផ្ដើមអនុវត្តចាប់ពីសប្ដាហ៍ក្រោយ មុនពេលអនុវត្តពេញលេញចាប់ពីថ្ងៃទី1សីហា។
ទាក់ទិននឹងរឿងរ៉ាវខាងលើ ភាគីក្រុមហ៊ុន Apple មិនទាន់មានការបញ្ចេញមតិអ្វីនៅឡើយ។
ប្រទេសឥណ្ឌាមិនមែនជាទីផ្សារធំរបស់ Apple នោះទេ ព្រោះថាក្រុមហ៊ុននេះរកបានចំណូលត្រឹមតែ1.5ពាន់លានដុល្លារប៉ុណ្ណោះពីការលក់ iPhone នៅក្នុងប្រទេសនេះ រាប់ចាប់ពីឆ្នាំ2018ដល់2019 ពោលគឺកាន់កាប់ចំណែកទីផ្សារប្រមាណពី2ទៅ3%ប៉ុណ្ណោះ គឺមិនដល់0.5ពាន់លានដុល្លារនៃតម្លៃឧបករណ៍ដែលត្រូវបានផលិតក្នុងប្រទេសនេះ។ ផ្ទុយទៅវិញ Apple កំពុងតែពឹងផ្អែកច្រើនទៅលើប្រទេសចិន ទាំងការផលិត ទាំងទីផ្សារ។ នៅក្នុងអំឡុងពេលដូចគ្នា បើធៀបជាមួយប្រទេសឥណ្ឌា ក្រុមហ៊ុន Apple នៅប្រទេសចិនបានផលិតឧបករណ៍ដែលមានទំហំទឹកប្រាក់ដល់ដល់220ពាន់លានដុល្លារ ក្នុងនោះមាន185ពាន់លានដុល្លារបានមកពីការនាំចេញ។ ក្រៅពីនេះ Apple ក៏ប្រើប្រាស់កម្មករប្រមាណជា4.8លាននាក់នៅប្រទេសចិន ទាំងការផលិតផ្ទាល់ និងទាំងប្រយោល៕
ប្រភព៖ សារព័ត៌មានបរទេស