ក្រោយជោគជ័យលើទីផ្សារនាឡិកាឆ្លាតវៃ ក្រុមហ៊ុន Apple កំពុងសម្ងំអភិវឌ្ឍកម្មវិធីថ្មីមួយទៀតដែលអាចត្រួតពិនិត្យជាតិស្ករដែលមានក្នុងឈាម ដើម្បីងាយស្រួលក្នុងការតាមដាន ការរៀបចំរបបអាហារ ថាតើមុខម្ហូបណាខ្លះអាចបង្កផលប៉ះពាល់ ហើយតើការហាត់ប្រាណរបៀបណាមានប្រសិទ្ធភាព អាចកាត់បន្ថយ ឬទប់ស្កាត់វាបាន។
តាមការចុះផ្សាយលើគេហទំព័រ CNBC កាលពីថ្ងៃទី18 ខែឧសភា ឆ្នាំ2017 បានឱ្យដឹងថា ក្រុមវិស្វកររបស់ Apple ចង់ផ្ដោតខ្លាំងទៅលើការការពារជំងឺទឹកនោមផ្អែម ដែលបច្ចេកវិទ្យាមួយនេះវាមានការលំបាកក្នុងការបង្កើត ប៉ុន្តែក្រុមនេះចង់ធ្វើវាឱ្យលេចមុខឡើង ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នាឡិកា Apple Watch តាមរយៈការតាមដានជាតិគ្លុយកូសដោយមិនចាំបាច់ពិនិត្យឈាម។
ប្រភពបានបន្ថែមទៀតថា មុខងារមួយនេះត្រូវបានគេប្រទះឃើញលោក Tim Cook នាយកប្រតិបត្តិ Apple កំពុងពាក់ជាប់នឹងដៃ ដែលគេជឿជាក់ថា វាបានចេញជារូបរាងហើយ ប៉ុន្តែស្ថិតក្នុងការសាកល្បង។ ដំណឹងមួយនេះ ត្រូវបាននាយកប្រតិបត្តិរបស់ Apple រូបនេះ ធ្លាប់បានបង្ហើបប្រាប់ទៅដល់ក្រុមនិសិ្សតក្នុងអំឡុងពេលទទួលសញ្ញាបត្រកិត្តិយសនៅសាកលវិទ្យាល័យ Glasgow ថា រូបលោកបានពាក់ឧបករណ៍តាមដានជាតិគ្លុយកូសនេះជាច្រើនថ្ងៃមកហើយ។ លទ្ធផលដែលទទួលបាន គឺវាល្អប្រសើរ ព្រោះលោកអាចយល់ដឹងថា តើជាតិស្ករនៅក្នុងឈាមមានប្រតិកម្មយ៉ាងណាជាមួយអាហារដែលបានបរិភោគ។
ចំពោះដំណឹងដ៏ល្អមួយនេះ ប្រសិនបើ Apple ធ្វើតេស្ដបានជោគជ័យ វានឹងផ្តល់ផលប្រយោជន៍ដល់អ្នកជំងឺទឹកនោមផ្អែមរាប់លាននាក់ឱ្យអាចគ្រប់គ្រងកម្រិតជាតិស្កររបស់ពួកគេ ហើយអ្នកមិនកើតជំងឺនេះក៏អាចគ្រប់គ្រងសុខភាពមិនឱ្យឈានទៅដល់ការកើតជំងឺបានដែរ ព្រមជាមួយនឹងការចេះបែងចែកប្រភេទអាហារ ដែលចាំបាច់ចំពោះសុខភាពទៀតផង៕
ប្រភេទ៖ CNBC