ការនាំចេញអង្កររបស់ប្រទេសជាប់ព្រំដែនភាគខាងកើតរបស់កម្ពុជា កំពុងសម្រេចបានតួលេខខ្ពស់មិនធ្លាប់មាន ក្នុងនោះ គិតមកដល់ត្រឹមដំណាច់ខែវិច្ឆិកា បរិមាណអង្ករនាំចេញរបស់ប្រទេសនេះ បានកើនដល់ជិត 7.8 លានតោន។
ក្នុងឆ្នាំ 2022 វៀតណាម បាននាំចេញអង្ករចំនួនប្រហែល 7 លានតោន។ ប៉ុន្តែ ក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2023 តួលេខអង្ករដែលបាននាំចេញរបស់ វៀតណាម បានឡើងដល់ 7.8 លានតោន ស្មើនឹងចំណូល 4.4 ពាន់លានដុល្លារអាម៉េរិក ខណៈដែលកំណើននៃការនាំចេញនៅតែបន្ត។
យោងតាមសារព័ត៌មានវៀតណាម ខាងលើនេះគឺជាតួលេខខ្ពស់មិនធ្លាប់មាននៅក្នុងវិស័យនាំចេញអង្កររបស់ប្រទេសនេះ គិតចាប់ពីឆ្នាំ 1989។ ប្រទេសនេះសង្ឃឹមថា ដល់ដំណាច់ខែធ្នូ បរិមាណអង្ករនាំចេញអាចនឹងកើនដល់ 8 លានតោន ដែលមានតម្លៃស្មើនឹង 4.6 ពាន់លានដុល្លារអាម៉េរិក។
ទីផ្សារនាំចេញអង្ករធំៗរបស់ប្រទេសវៀតណាម រួមមានដូចជា ហ្វ៊ីលីពីន ចិន និងឥណ្ឌូណេស៊ី ក្នុងនោះ ហ្វ៊ីលីពីន នៅតែជាទីផ្សារនាំចេញអង្ករធំជាងគេបង្អស់។
>គួរឱ្យចាប់អារម្មណ៍៖ កម្ពុជា នាំចេញអង្ករបានជិត 6 សែនតោន ក្នុង 11 ខែដំបូងនៃឆ្នាំ 2023
ក្រុមអ្នកនាំចេញអង្ករនៅវៀតណាម អះអាងថា ជោគជ័យក្នុងវិស័យនាំចេញអង្ករវៀតណាមនៅក្នុងឆ្នាំនេះ កើតឡើងដោយសារតែអង្ករមានគុណភាពខ្ពស់ ព្រោះតែងតែត្រូវបាននាំចេញភ្លាមៗ បន្ទាប់ពីប្រមូលផលរួច៕