កាលពីថ្ងៃទី 09 វិច្ឆិកា 2023 ឥណ្ឌូណេស៊ីបានសម្ពោធបើកដំណើរការស្ថានីយផលិតអគ្គិសនីពីថាមពលព្រះអាទិត្យអណ្ដែត តម្លៃ 100 លានដុល្លារអាម៉េរិក ដែលនេះគឺជាការបោះជំហានធំមួយក្នុងដំណើរងាកទៅរកថាមពលបៃតង ថាមពលកកើតឡើងវិញ។
ស្ថានីយផលិតអគ្គិសនីដែលទើបត្រូវបានសម្ពោធ និងមានឈ្មោះថា Cirata នេះ គ្រោងនឹងផលិតអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់មនុស្ស 50,000 គ្រួសារ។ ស្ថានីយនេះត្រូវបានសាងសង់លើបឹងមួយដែលមានទំហំ 200 ហិកតា នៅ Java ខាងលិច ដែលមានចម្ងាយពីរដ្ឋធានីហ្សាការតាប្រហែល 130 គីឡូម៉ែត្រ។
គម្រោងនេះគឺជាកិច្ចសហការរវាងក្រុមហ៊ុនអគ្គិសនីជាតិឥណ្ឌូណេស៊ី Perusahaan Listrik Negara (PLN) និងក្រុមហ៊ុន Abu Dhabi Masdar ដោយចំណាយថវិកាប្រហែល 100 លានដុល្លារអាម៉េរិក និងចំណាយពេលសាងសង់ 3 ឆ្នាំ។ ស្ថានីយនេះមានផ្ទាំងសូឡាប្រហែល 340,000 ផ្ទាំង។
បច្ចុប្បន្ន Cirata អាចផលិតអគ្គិសនីបាន 192 មេហ្គាវ៉ាត់ (MW) ហើយគ្រោងនឹងពង្រីកឱ្យបាន 500 MW នាពេលខាងមុខ និង 1,000 MW នៅទីបញ្ចប់។ គម្រោងនេះរួមចំណែកក្នុងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលបានកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់មកនៅស្មើសូន្យចាប់ពីឆ្នាំ 2060៕