ភព​ចំនួន​ពីរ​ដែល​អាច​មាន​អរិយធម៌​ជឿនលឿន​ជាង​ផែនដី​ប្រាំពាន់​លាន​ឆ្នាំ

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់​អង់គ្លេស​បាន​បង្ហាញ​ទីតាំង​ដែល​កំពុង​លាក់​បាំង​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​យ៉ាង​តិច​ពីរ​ ដែល​មាន​ទ្វីប​ «ចាស់» ជាង​ផែនដី​រហូត​ដល់ប្រាំ​ពាន់​លាន​ឆ្នាំ និង​អាច​មាន​ជីវិត​ដែល​ជឿន​លឿន​ជាង​មនុស្ស​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​ Cardiff (អង់គ្លេស) បាន​ឱ្យ​ដឹង​​ថា នៅ​ជុំវិញ​ផ្កាយ​ពីរ​ដួង​ដែល​មាន​ឈ្មោះ​ថា HD 76932 និង HD 201991 អាច​មាន​លាក់បាំង​​ភព​យ៉ាង​តិច​ពីរ​ដែល​កកើត​ទ្វីប​មុន​ផែនដី​រហូត​ដល់ចាប់​​ពី 4 ទៅ 5 ពាន់​លាន​ឆ្នាំ​។

យោង​តាម Live Science ខាងលើ​នេះ​គឺជា​លទ្ធផល​នៃ​ការ​ចម្រាញ់​ពី​ផ្កាយ​ 29 ដួង​ដែល​ត្រូវ​បានចាត់​ទុក​ថា​ មាន​សក្ដានុពល​ក្នុង​ការ​គាំទ្រ​ឱ្យ​មាន​ការ​កកើត​ភព​ទាំង​ឡាយ​ដែល​អាច​ទ្រទ្រង់ជីវិត​។

ជាង​នេះ​ទៀត ក្រុម​អ្នក​ស្រាវជ្រាវ​នេះ​ក៏​ជឿ​ថា ភព​ដែល​វិល​ជុំវិញ​ផ្កាយ HD 76932 និង HD 201991 ទំនង​ជា​មាន​ជីវមណ្ឌល (Biosphere) ជឿន​លឿន​ជាង​ផែនដី​ទៅ​ទៀត​។ ប្រការ​នេះ​នាំ​ឱ្យ​មាន​ការ​រំពឹង​ថា រយៈ​ពេល​ពីបួន​ដល់​ប្រាំ​ពាន់​លាន​ឆ្នាំ​ បាន​អនុញ្ញាត​ឱ្យ​ភព​ទាំង​នេះ​មាន​ភាវៈរស់​ ឬ​មាន​អរិយធម៌​ជឿន​លឿន​ជាង​អ្វី​ដែល​កំពុង​កើត​មាន​នៅ​លើ​ផែនដី​​។

ក្រុម​ស្រាវជ្រាវ​កំណត់​បាន​ «ដែន​ដីដែល​មាន​សក្ដានុពល» សម្រាប់​ភាវៈរស់​នេះ​ តាម​រយៈ​ការ​រកឃើញ​អ៊ុយរ៉ាញ៉ូម-239 និង​ប៉ូតាស្យូម​ក្នុង​បរិមាណ​ច្រើន​ ដែល​មាន​នៅ​ក្នុង​ផ្កាយ​ទាំង​ពីរ​ដួង​ខាងលើ ក៏ដូចជា​អាយុ​របស់​ផ្កាយ​ដែល​ត្រូវ​បាន​វាស់​ស្ទង់​ដោយ​ផ្កាយ​រណប Gaia របស់​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប (ESA)។

យោង​តាមរបាយ​ការណ៍​នៅលើ​ Research Notes of the American Astronomical Society  ផ្កាយ HD 76932 និងផ្កាយ HD 201991 មានចម្ងាយ​ពី​ផែនដី​ប្រហែល 70 និង 110 ឆ្នាំ​ពន្លឺ​ (​មួយ​ឆ្នាំ​ពន្លឺ​មាន​ចម្ងាយ​ប្រហែល​ 9.46 (9,460,000,000,000) ទ្រីលាន​គីឡូម៉ែត្រ​) និង​ស្ថិត​តំបន់​ជាយ​របស់​​​កាឡាក់ស៊ី​មីលគីវ៉េ។ ផែនដី​របស់​មនុស្ស​ក៏​ស្ថិត​នៅ​ក្នុង​តំបន់​ក្បែរ​ជាយ​កាឡាក់ស៊ី​នេះ​ផង​ដែរ​៕

Advertisement