អាជ្ញាធរទីក្រុង Perth បានអនុម័តគម្រោងសាងសង់អគារកម្ពស់ 191.2 ម៉ែត្រ ដែលប្រើប្រាស់ឈើបន្ទះកុងផ្លាកេផ្សំជាមួយនឹងបេតុងស្នូលដែកថែប។
កាលពីថ្ងៃទី 05 តុលា អាជ្ញាធរទីក្រុង Perth បានអនុម័តសំណើសាងសង់អគារកប់ពពកដែលមានឈ្មោះថា C6 របស់ Grange Development។ យោងតាម CNN អគារនេះនឹងខ្ពស់ជាងជិតពីរដងបើធៀបនឹងអគារឈើ-បេតុងខ្ពស់បំផុតក្នុងលោកនាបច្ចុប្បន្ន។ ម្ចាស់សំណង់នេះឱ្យដឹងថា 42% នៃអគារនេះនឹងសាងសង់ពីឈើ ខណៈសសរធ្វើពីបេតុង និងដែក។
ក្រោយពីបានសាងសង់រួចរាល់ អគរ C6 នឹងបំបែកកំណត់ត្រាអគារឈើ-បេតុងខ្ពស់ជាងគេលើពិភពលោក Ascent នៅទីក្រុង Milwaukee រដ្ឋ Wisconsin សហរដ្ឋអាម៉េរិក ដែលមាន 25 ជាន់ កម្ពស់ 86 ម៉ែត្រ។ C6 នឹងស្ថិតនៅក្នុងក្រុង Charles ភាគខាងត្បូងទីក្រុង Perth និងខ្ពស់ជាងអគារកូនកាត់ឈើ-បេតុង Atlassian Headquarters នៅទីក្រុង Sydney នាពេលខាងមុខ។ Atlassian Headquarters ក៏ត្រូវបានសាងសង់ដើម្បីបំបែកកំណត់ត្រារបស់ Ascent ប៉ុន្តែមិនទាន់រួចរាល់។
ដូចទៅនឹង Atlassian អគារ C6 នឹងមានធ្នឹមធ្វើពីឈើកុងផ្លាកេច្រើនស្រទាប់ដែលមានស៊ុមដែកការពារ។ យោងតាម Grange Development អគារកម្ពស់ 50 ជាន់ និងមានខុនដូជាង 200 នេះ គឺជាអគារស្នាក់នៅដែលមិនបំភាយឧស្ម័នកាបូនដំបូងគេនៅ Western Australia។ C6 នឹងប្រើប្រាស់ឈើ 7,400 ម៉ែត្រគុបដែលបានពីដើមឈើ 600 ដើម។
ក្រៅពីឈើ គម្រោងរបស់ក្រុមហ៊ុនខាងលើក៏រួមមានទាំងតំបន់បៃតងជាច្រើន មានដូចជា សួនរុក្ខជាតិលើដំបូលអគារ កសិដ្ឋានបែបទីក្រុង និងមានការផ្ដល់រថយន្តអគ្គិសនី Tesla Model 3s ចំនួន 80 គ្រឿងដល់អតិថិជនផងដែរ៕