ក្រុមហ៊ុនបច្ចេកវិទ្យាប្រព័ន្ធប្រសាទ Neuralink ដែលត្រូវបានបង្កើតឡើងដោយមហាសេដ្ឋីអាម៉េរិក Elon Musk កំពុងអភិវឌ្ឍកូនឈីប «អ៊ីនធើហ្វេសខួរក្បាល-កុំព្យូទ័រ» សម្រាប់ដាំក្នុងខួរក្បាលមនុស្ស។
កាលពីខែឧសភា 2023 រដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក (FDA) បានយល់ព្រមផ្ដល់សិទ្ធិឱ្យ Neuralink ធ្វើការសាកល្បងវះកាត់ដាំកូនឈីប «អ៊ីនធើហ្វេសខួរក្បាល-កុំព្យូទ័រ» (brain-computer interface) ក្នុងខួរក្បាលមនុស្សដំបូងគេបង្អស់។
កាលពីថ្ងៃទី 19 កញ្ញា 2023 ក្រុមហ៊ុន Neuralink ប្រកាសថា បានទទួលការអនុញ្ញាតពីក្រុមប្រឹក្សាវាយតម្លៃឯករាជមួយដើម្បីចាប់ផ្ដើមធ្វើតេស្តឈីបខួរក្បាលដំបូងសម្រាប់ក្រុមអ្នកជំងឺដែលស្លាប់អវយវៈ។ ក្រុមហ៊ុននេះក៏ឱ្យដឹងថា បានចាប់ផ្ដើមស្វែងរកអ្នកស្ម័គ្រចិត្តសម្រាប់ការពិសោធនេះហើយ។
អ្នកជំងឺស្ម័គ្រចិត្តដែលចូលរួមការពិសោធនេះនឹងត្រូវបានរ៉ូបូតវះកាត់ដាំកូនឈីបកុំព្យូទ័រទៅក្នុងតំបន់ខួរក្បាលដែលមានតួនាទីបញ្ជាលើការកម្រើករបស់អវយវៈ។ អ្នកជំនាញសង្ឃឹមថា ឧបករណ៍បច្ចេកវិទ្យាដែលមានឈ្មោះថា «The Link» នេះ នឹងអនុញ្ញាតឱ្យអ្នកជំងឺដែលពិការអវយវៈ អាចបញ្ជាគ្រាប់ចុច ឬទស្សន៍ទ្រនិច (Cursor) របស់កុំព្យូទ័របាន ដោយការប្រើកម្លាំងនៃការគិត។
គោលដៅនៃការធ្វើតេស្តខាងលើគឺដើម្បីត្រួតពិនិត្យបញ្ហាសុវត្ថិភាព និងប្រសិទ្ធភាពរបស់ «អ៊ីនធើហ្វេសខួរក្បាល-កុំព្យូទ័រ» របស់ Neuralink។ «The Link» គឺជាឧបករណ៍សម្រាប់បំពាក់ភ្ជាប់ទៅនឹងប្រព័ន្ធសរសៃប្រសាទ ដែលផលិតឡើងដើម្បីបកស្រាយរលកសញ្ញាខួរក្បាល និងជំរុញសកម្មភាពរបស់ខួរក្បាល។
បើសិនទទួលបានជោគជ័យ បច្ចេកវិទ្យារបស់ Neuralink នឹងអាចជាបដិវត្តន៍សម្រាប់វិស័យជាច្រើន មានជាអាទិ៍ វិស័យថែទាំសុខភាព ទូរគមនាគមន៍ និងអន្តរកម្មរវាងមនុស្សជាមួយនឹងកុំព្យូទ័រ ក៏ដូចជាបច្ចេកវិទ្យាទំនើបដទៃទៀត៕