ប្រេង Brent និង WTI នាំគ្នាឡើងថ្លៃ នៅពេលរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតនាំគ្នាប្រកាសបន្តអនុវត្តវិធានការរឹតបន្តឹងប្រភពផ្គត់ផ្គង់រហូតដល់ដាច់ឆ្នាំនេះ។
ប្រេងឆៅអាម៉េរិក WTI នៅព្រឹកនេះមានពេលខ្លះឡើងថ្លៃ 1.3% ដោយត្រូវបានលក់ចេញក្នុងតម្លៃ 87 ដុល្លារក្នុងមួយធុងបារ៉ែល។ តម្លៃប្រេង Brent ក៏កើនឡើងដល់ 90.2 ដុល្លារក្នុងមួយធុង។ តម្លៃប្រេងឆៅទាំងពីរប្រភេទនេះសុទ្ធតែកំពុងហក់ឡើងជិតដល់ចំណុចកំពូលរបស់ខែវិច្ឆិកា 2022។
តម្លៃកើនឡើងនេះកើតមានបន្ទាប់ពីរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតចេញសេចក្ដីប្រកាសកាលពីថ្ងៃទី 05 កញ្ញា។ អារ៉ាប៊ីសាអូឌីតប្រកាសថា បន្តការកាត់បន្ថយការផលិតមួយលានធុងក្នុងមួយថ្ងៃក្នុងរយៈពេលបីខែទៀត ដើម្បីជួយលើកតម្លៃប្រេងពិភពលោក ដោយប្រទេសនេះនឹងផលិតតែ 9 លានធុងក្នុងមួយថ្ងៃ។ ចំណែករុស្ស៊ីវិញ ក៏បានប្រកាសបន្តកាត់បន្ថយការផលិត 3 សែនធុងក្នុងមួយថ្ងៃ រហូតដល់ដាច់ឆ្នាំនេះ។ អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីគឺជាប្រទេសនាំមុខគេក្នុងអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+)។
យុទ្ធសាស្ត្ររបស់រាជធានីរីយ៉ាត់ និងមូស្គូ នឹងធ្វើឱ្យប្រភពផ្គត់ផ្គង់ប្រេងទូទាំងសកលលោកត្រូវបានរឹតបន្តឹងជាបន្តទៀត។ តម្លៃប្រេងបានកើនឡើងខ្ពស់ខ្លាំងក្នុងត្រីមាសនេះ ក្រោយពី OPEC+ អនុម័តគោលនយោបាយកាត់បន្ថយការផលិតក្នុងទ្រង់ទ្រាយធំ ហើយបណ្ដាសមាជិកនៃអង្គការនេះក៏បានស្ម័គ្រចិត្តកាត់បន្ថយបន្ថែមទៀត។ ប្រការនេះកើតឡើងក្នុងពេលដែលអង្គការថាមពលអន្តរជាតិ (IEA) ព្យាករថា តម្រូវការប្រើប្រាស់ប្រេងឆៅទូទាំងពិភពលោកនឹងកើនឡើងខ្ពស់ជាងពេលណាៗទាំងអស់៕