ជាង​ពីរ​ឆ្នាំទៀត​ អូស្ត្រាលី​នឹង​បញ្ជូន​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​

ទីភ្នាក់​ងារ​អវកាស​អូស្ត្រាលី កាល​ពីថ្ងៃទី 05 កញ្ញា បាន​ប្រកាស​ថា ប្រទេស​នេះ​មាន​គម្រោង​បញ្ជូន​រ៉ូបូត​ដំបូង​របស់​ខ្លួន​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ តាម​រយៈ​បេសក​កម្ម​ Artemis របស់​អាម៉េរិក​ នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​។

«ដោយ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​គ្រប់​គ្រង​ពី​ចម្ងាយ​លំដាប់​កំពូល​លើ​ពិភពលោក​របស់​អូស្ត្រាលី រ៉ូបូត​ស្វ័យ​ប្រវត្ត​នឹង​ចាប់​យក​សំណាក​ដី​ ថ្មរបស់​ព្រះ​ចន្ទ ដែល​ហៅ​ថា regolith។ ណាសា​នឹង​ប្រឹង​ប្រែង​ចម្រាញ់​អុកស៊ីសែន​ពី​សំណាក​ដី​។ នេះ​គឺជា​ជំហាន​សំខាន់​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​បង្កើត​វត្តមាន​យូរ​អង្វែង​របស់​មនុស្ស​នៅ​លើ​ឋាន​ព្រះ​ចន្ទ​» ទីភ្នាក់​ងារ​អវកាស​អូស្ត្រាលី (ASA) ឱ្យ​ដឹង​ដូច្នេះ​។

រ៉ូបូត​មិន​ទាន់​មាន​ឈ្មោះ ខណៈ​ ASA កំពុង​បង្កើត​កម្មវិធី​ប្រឡង​មួយ​ដើម្បី​ដាក់​ឈ្មោះ​ឱ្យ​រ៉ូបូត​នេះ​។ ពលរដ្ឋ​នៅ​អូស្ត្រាលី​អាច​ចូល​រួម​ការ​ប្រឡង​ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃទី 20 តុលា​ខាងមុខ។ ASA នឹង​ជ្រើស​រើស​ឈ្មោះ​ចំនួន​បួន​ រួច​ហើយ​បើក​ឱ្យ​មាន​ការ​ជ្រើស​រើស​ជា​សាធារណៈ​។ ឈ្មោះ​ដែល​បាន​ឈ្នះ​ការ​ប្រកួត​​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ដើម​ខែ​ធ្នូ​ 2023​។ ឈ្មោះ​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​រ៉ូបូត​របស់​អូស្ត្រាលី​ដែល​ធ្វើ​ដំណើរ​ទៅ​តាម​យាន​អវកាស​របស់​ណាសា​ក្នុង​បេសកម្ម​ Artemis ដែល​នឹង​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​នៅ​ឆ្នាំ 2026។

ណាសា​កំពុង​ប្រឹង​ប្រែង​ដើម្បី​បង្កើត​វត្តមាន​យូរ​អង្វែង​របស់​មនុស្ស​នៅ​លើ​ និង​ជុំវិញ​ឋាន​ព្រះ​ចន្ទនៅ​ចុង​ទសវត្សរ៍​ឆ្នាំ 2020 តាម​រយៈ​កម្មវិធី​ Artemis។ ចំណេះ​ដឹង​ និង​សមត្ថភាព​ដែល​ប្រមូល​បាន​ពី​កម្មវិធី​នេះ​​នឹង​ជួយ​ឱ្យមនុស្ស​បោះ​ជំហាន​ទៅ​រក​គោលដៅ​ «ហោះ​» ទៅ​កាន់​ភព​អង្គារ​។

Artemis 3 នឹង​នាំ​អ្នក​អវកាស​ចុះ​ចត​​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​នៅ​ចុង​ឆ្នាំ 2025​ ឬ 2026​

គិត​មក​ដល់​ពេល​នេះ ណាសា​បាន​អនុវត្ត​ដោយ​ជោគ​ជ័យ​នូវ​បេសក​កម្ម​មួយ​នៅ​ក្នុង​កម្មវិធី Artemis នោះ​គឺ​ Artemis 1។ ក្នុង​បេសកកម្ម​នេះ​ យាន​ Orion គ្មាន​មនុស្ស​បាន​ហោះ​ទៅ​កាន់​គន្លង​តារា​វិថី​ព្រះចន្ទ​ និង​ត្រលប់​មក​កាន់​ផែនដី​ក្នុង​ឆ្នាំ 2022​។ ណាសា​កំពុង​ត្រៀម​សម្រាប់​បេសកកម្ម​ Artemis 2 ដែល​គ្រោង​នឹង​នាំ​អវកាសចរ​ 4 រូប​ ហោះទៅ​គោចរ​ជុំវិញ​ព្រះ​ចន្ទ​​នៅ​ឆ្នាំ 2024​។ Artemis 3 នឹង​នាំ​អ្នក​អវកាស​ចុះ​ចត​​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​នៅ​ចុង​ឆ្នាំ 2025​ ឬ 2026​ បើ​សិន​គ្រប់​យ៉ាង​ដំណើរ​ការ​ដោយ​រលូន​។

ណាសា​កំពុង​ប្រើ​ប្រាស់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ និង​អន្តរ​ជាតិ​ដើម្បី​សម្រេច​បាន​គោល​ដៅ​ប្រកប​ដោយ​មហិច្ឆតា​របស់ Artemis ។ ដៃគូ​សហការ​របស់​ណាសា​សម្រាប់​គម្រោង​ Artemis រួម​មានជា​អាទិ៍ ទី​ភ្នាក់​ងារ​អវកាស​អឺរ៉ុប (ESA), អូស្ត្រាលី​, SpaceX ។ល។

Advertisement