Mark Zuckerberg យល់ថា គូប្រកួត Elon Musk មិនមានភាពដាច់ខាតក្នុងការនាំគ្នាឡើងលើសង្វៀនប្រដាល់ដូចដែលគាត់បានបបួលគ្រាដំបូង។
«បើសិន Elon ពិតជាម៉ឺងម៉ាត់ជាមួយនឹងការប្រកួតផ្លូវការ គាត់នឹងមានវិធីទាក់ទងមកខ្ញុំ។ បើមិនដូច្នេះទេ គឺដល់ពេលត្រូវដែលបញ្ឈប់រឿងរ៉ាវនេះ» ម្ចាស់ Facebook សរសេរលើបណ្ដាញសង្គម Threads កាលពីថ្ងៃទី 13 សីហាដូច្នេះ។ លោក Zuckerberg បន្ថែមថា «ខ្ញុំនឹងផ្ដោតទៅលើតែការប្រកួតជាមួយនឹងមនុស្សដែលផ្ដល់តម្លៃឱ្យកីឡាមួយនេះតែប៉ុណ្ណោះ»។
Elon Musk បានបបួលប្រកួតប្រដាល់ក្នុងទ្រុងជាមួយនឹង Mark Zuckerberg កាលពីចុងខែមិថុនា។ ប៉ុន្តែ មហាសេដ្ឋីរូបនេះទំនងជាកំពុងគេចពីការប្រកួតប្រដាល់ដោយផ្ទាល់ ព្រោះលោកធ្លាប់បានលើកហេតុផលមួយចំនួនដែលអាចពន្យារពេលការប្រកួត ក្នុងនោះក៏មានហេតុផលសុខភាពផងដែរ។
យោងតាមទំព័រ Oddspedia បើសិនការប្រកួតខាងលើត្រូវបានធ្វើឡើង អត្រាឈ្នះរបស់មហាសេដ្ឋី Zuckerberg គឺ 79% គ្រាដែលឱកាសឈ្នះរបស់មហាសេដ្ឋី Elon Musk មានត្រឹមតែ 21% ប៉ុណ្ណោះ គិតត្រឹមព្រឹកថ្ងៃទី 14 សីហា 2023៕