របក​គំហើញ​ថ្មី​! ភព​ចំនួន​ 7 ដូច​ផែនដី ទំនង​ជា​កំពុង​មាន​ផ្ទុក​ភាវៈ​រស់​

ផ្កាយ​ TRAPPIST-1 បាន​ក្លាយជា​ទី​ជជែក​វែក​ញែក​តាំង​ពី​យូរ​មក​ហើយ នៅ​ពេល​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ព្រួយ​បារម្ភ​អំពី​កត្តា​មួយ​ចំនួន​ពី​ផ្កាយ​មេ​ និង​កត្តា​ផ្ទៃ​ក្នុង​របស់​បណ្ដា​ភព​នេះ ​អាច​រារាំង​លទ្ធភាព​កកើត​ជីវិត​។

ក៏ប៉ុន្តែ​ លទ្ធផល​នៃការ​សិក្សា​ស្រាវ​ជ្រាវ​ដែល​ទើប​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី​វិទ្យា​សាស្ត្រ​ Nature ដែល​នាំ​មុខ​ដោយ​តារា​វិទូ Frank Selsis មក​ពី​សាកល​វិទ្យាល័យ​ Bordeaux (បារាំង​) បាន​នាំ​មក​នូវ​ដំណឹង​ល្អ​ដ៏​ធំ​មួយ​។

TRAPPIST-1 គឺជា​ផ្កាយ​ក្រិន​ពណ៌​ក្រហម​មួយ​ដួង​ មាន​ទំហំ​តូច​ខ្លាំង និង​ត្រជាក់​ជាង​ព្រះ​អាទិត្យ​ឆ្ងាយ​ណាស់​ ហើយមាន​ចម្ងាយ​​ពី​ផែនដី​ត្រឹម​តែ​ 40 ឆ្នាំ​ពន្លឺ​ប៉ុណ្ណោះ​។

ភព​ទាំង​ 7 របស់​ផ្កាយ TRAPPIST-1 មាន​ទំហំ​ និង​រូប​រាង​ខុសៗ​គ្នា និង​សុទ្ធ​តែ​មាន​ចំណុច​ពិសេស​មួយ​ចំនួន​ដែល​ដូច​ទៅ​នឹង​ផែនដី ដែល​អាច​គាំទ្រ​ដល់​ភាវៈ​រស់​។

អ្វីដែល​ធ្វើ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​ចាប់​អារម្មណ៍​ជាង​គេ​​គឺ ភព​ទាំង​ 7 នេះ​សុទ្ធ​តែ​មាន​លទ្ធភាព​ខ្ពស់​ អាច​ផ្ទុក​ទឹក​រាវ​នៅ​លើ​ផ្ទៃ​ ឬ​នៅ​ក្រោម​ដី​។ ក៏ប៉ុន្តែ​ មាន​ឧបសគ្គ​មួយ​ចំនួន​ត្រូវ​បាន​លើក​ឡើង​​នា​ពេល​កន្លង​។ ភាព​ចម្លែក​របស់​ «ភព​មហាសមុទ្ឬ» មួយ​ចំនួន​ក្នុង​ចំណោម​នោះ​ បាន​ធ្វើ​ឱ្យ​​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ព្រួយ​បារម្ភ​។ ពួក​គេ​យល់​ថា ការ​ដែល​ពួក​វា​មាន​ទឹក​ច្រើន​ពេក​ធៀប​នឹង​ផែនដី​ នឹង​បង្ក​ផល​វិបាក​ដល់​ភាវៈ​រស់​។

ក្ដី​បារម្ភ​ធំ​បំផុត​នៅ​តែ​ជា​ផ្កាយ​មេ​ TRAPPIST-1។ ផ្កាយ​ក្រិន​ក្រហម​នេះ​ត្រជាក់មែន​ពិត​ ប៉ុន្តែដោយ​សារ​តែ​​វា​មាន​​វិទ្យុ​សកម្ម​​​ដ៏​ខ្លាំង​ក្លា​ ដូច្នេះ​ទឹក​ក្នុង​បរិយាកាស​ប្រាកដ​ជា​ត្រូវ​ហួត​ទៅ​ក្នុង​ទីអវកាស​ ហើយ​ពួក​វា​នឹង​ក្លាយ​ជា​ «ភព​សុក្រ​» របស់​ផ្កាយ​ TRAPPIST-1 ជំនួស​ឱ្យ​ផែនដី​។

ទោះយ៉ាង​ណា​ក៏ដោយ​ បណ្ឌិត​ Selsis ឱ្យ​ដឹង​ថា ពន្លឺ​ផ្កាយ​ក្រិន​ក្រហម​ដូច TRAPPIST-1 ត្រូវ​​ថយចុះ​ទៅ​តាម​ពេល​វេលា​ ដែល​នេះ​មាន​ន័យ​ថា អនាគត​របស់​ពួក​វា​នៅ​តែ​អាច​មាន​ទឹក​។

រូប​មន្ត​ដែល​លោក Frank Selsis និង​សហការី​បាន​អភិវឌ្ឍ បង្ហាញ​ថា TRAPPIST-1 ដំបូង​ឡើយ​គឺពិត​ជា​បាន​ដុត​កម្ដៅ​ភព​ទាំង​ 7 របស់​វា​ ប៉ុន្តែ​ដោយ​សារ​តែ​ជា​ផ្កាយ​ក្រិន​ក្រហម ដូច្នេះ​វា​នឹង​មិន​មាន​កម្ដៅ​ច្រើន​គ្រប់​គ្រាន់​ដើម្បី​ដុត​រំលាយ​សម្បក​ខាង​លើ​ និង​ស្រទាប់​បន្ទាប់​របស់​បណ្ដា​ភព​ម៉ាក់ម៉ា​នេះ​។

ប្រការ​នេះ​មាន​ន័យ​ថា មាន​ទឹក​ជា​ច្រើន​នៅ​តែ​ស្ថិត​ក្នុង​ថ្ម​ ពោល​គឺថា​ ការ​ដែល​បណ្ដា​ភព​នេះ​លិច​ទឹក​ គឺនាំ​មក​នូវ​​ផល​ប្រយោជន៍​ច្រើន​ផងដែរ​។ ក្នុង​ពេល​ដែល​ផ្កាយ​មេ​ចុះ​ត្រជាក់​ បណ្ដា​មហា​សមុទ្រ​ទឹក​រាវ​ក៏​ទំនង​ជា​បាន​កើត​ឡើង​ ហើយ​មក​ដល់​បច្ចុប្បន្ន ​អាច​មាន​ភាវៈ​រស់​​ប្រកប​ដោយ​ភាព​សម្បូរ​បែប​។

យោង​តាម​ទំព័រ Space ការ​រក​ឃើញ​ខាង​លើ​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មាន​ក្ដីសង្ឃឹម​ច្រើន​ជាង​មុន​នោះ​ទេ តែក៏​បង្កើន​ឱកាស​ច្រើន​ដើម្បីអាច​​បញ្ចាក់​​បាន​ថា មនុស្ស​ជាតិ​មិន​មែន​នៅ​ឯកា​ក្នុង​​កាឡាក់ស៊ី​មីលគីវ៉េ ឬ​ចក្រ​វាល​ទាំង​មូល​ឡើយ​ ព្រោះ​ថា ផ្កាយ​ដូច TRAPPIST-1 គឺជា​ផ្កាយ​ដែល​មាន​ច្រើន​ជាង​​គេ​នៅ​ក្នុង​កាឡាក់ស៊ី​​របស់​ផែនដី​៕

Advertisement