សកម្មភាពបាត់បង់ការគ្រប់គ្រងរបស់កីឡាការិនី Lauren James ក្នុងវគ្គ 1/8 នៅ World Cup នារី 2023 ធ្វើឱ្យគេនឹកឃើញដល់ករណីដូចគ្នានេះដែលបានកើតឡើងជាមួយនឹងកីឡាករ Wayne Rooney និង David Beckham របស់អង់គ្លេស។
នៅនាទីទី 85 ក្នុងការប្រកួតរវាងក្រុមបាល់ទាត់នារីនីហ្សេរីយ៉ា និងអង់គ្លេសកាលពីដើមសប្ដាហ៍នេះ Lauren James មិនអាចគ្រប់គ្រងអារម្មណ៍បាន នៅពេលដើរជាន់ពីលើដងខ្លួនរបស់ Michelle Alozie។ ដំបូងឡើយ អាជ្ញាកណ្ដាលមិនបានឃើញ ប៉ុន្តែសកម្មភាពនេះត្រូវបាន VAR រកឃើញ នាំឱ្យខ្សែប្រយុទ្ធវ័យ 21 ឆ្នាំ ត្រូវទទួលកាតក្រហម។
សកម្មភាពនេះធ្វើឱ្យសារព័ត៌មាន និងអ្នកលេងបណ្ដាញសង្គមនៅអង់គ្លេស នាំគ្នាប្រៀបប្រដួចទៅនឹងករណីបង្កកំហុសឆ្គងរបស់ Wayne Rooney និង David Beckham កាលពីអតីតកាល។
នៅក្នុងវគ្គ ¼ នៃ World Cup 1998 ដែលពេលនោះ Beckham មានអាយុ 23 ឆ្នាំ ត្រូវទទួលកាតក្រហម បន្ទាប់ពីបញ្ចេញកាយវិការសងសឹកនឹង Diego Simeone នៅក្នុងការប្រកួតរវាងអង់គ្លេស និងអាហ្សង់ទីន។ មកដល់វគ្គ ¼ នៃ World Cup 2006 Wayne Rooney អាយុ 21 ឆ្នាំ ក៏ត្រូវបានបញ្ឈប់ការប្រកួត បន្ទាប់ពីយកជើងជាន់ពីលើ Ricardo Carvalho របស់ព័រទុយហ្កាល់។
កំហុសឆ្គងទាំងបីខាងលើនេះ មានចំណុចដូចគ្នាជាច្រើន ក្នុងនោះមានដូចជា ពួកគេគឺជាកីឡាករឆ្នើមកំពុងមានឈ្មោះល្បីជាងគេនៅអង់គ្លេស ដែលឆ្លងកាត់ករណីមិនអាចគ្រប់គ្រងអារម្មណ៍ ពេលក្រុមជម្រើសជាតិកំពុងប្រកួតក្នុងវគ្គជម្រុះផ្ទាល់នៅ World Cup។ ទន្ទឹមនឹងនេះ ក្រុមអង់គ្លេសក៏សុទ្ធតែត្រូវប្រកួតទាត់ប៉េណាំងទីម្ដងម្នាក់នៅក្នុងបីប្រកួតខាងលើ។ ប៉ុន្តែ កីឡាការិនី Lauren James មានសំណាងល្អជាង នៅពេលក្រុមនារីជម្រើសជាតិអង់គ្លេសបានយកឈ្នះលើនីហ្សេរីយ៉ា ចំណែក Beckham និង Rooney បានក្លាយជាកីឡាករមានកំហុសរបស់អង់គ្លេស បន្ទាប់ពីការប្រកួតបានបញ្ចប់។
នៅ World Cup នារី 2023 Lauren James រកបាន 3 គ្រាប់ និងបង្កឱកាសបាន 3 គ្រាប់ ក្នុងចំណោម 8 គ្រាប់របស់ក្រុមនារីអង់គ្លេស។ គ្រូបង្វឹកក្រុមនារីអង់គ្លេស Sarina Wiegman ឱ្យដឹងថា Lauren James បានធ្វើការសូមអភ័យទោសចំពោះករណីដែលនាងបានបង្កឡើង៕