ស្ថាប័ន Guinness កាលពីថ្ងៃទី 01 សីហា ប្រកាសថា Lionel Messi កំពុងកាន់កាប់កំណត់ត្រាពិភពលោកចំនួន 41 ច្រើនជាង Cristiano Ronaldo ចំនួនមួយកំណត់ត្រា។
ក្នុងចំណោមកំពូលតារាបាល់ទាត់ពិភពលោក Messi និង Ronaldo មានកំណត់ត្រាពិភពលោកច្រើនជាងគេ ដោយមាន 81 កំណត់ត្រា ដែលត្រូវបាន Guinness ទទួលស្គាល់។ ក្រៅពីនេះ ពុំមានកីឡាករដទៃរូបណាដែលមានកំណត់ត្រាលើសពី 10។ ខ្សែប្រយុទ្ធ Robert Lewandowski ដែលឈរលំដាប់ទីបីដោយមាន 9 កំណត់ត្រា ខណៈ Kylian Mbappe មាន 5 និង Neymar មាន 4។
កំណត់ត្រាថ្មីបំផុតរបស់ Messi ដែលត្រូវបានទទួលស្គាល់ដោយ Guinness គឺ «កីឡាករដែលលេងបានច្រើនប្រកួតបំផុតនៅ World Cup» ដោយចូលរួមលេងបាន 26 ប្រកួត និង «កីឡាករដែលរកបានគ្រាប់បាល់ឈ្នះនៅ World Cup ច្រើនជាងគេក្នុងតួនាទីជាប្រធានក្រុម» ដោយរកបាន 7 គ្រាប់។ កំណត់ត្រាទាំងពីរនេះសុទ្ធតែត្រូវបានសាងឡើងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup កាលពីថ្ងៃទី 18 ធ្នូ 2022 ពេលដែល Messi រកបានពីរគ្រាប់ ជួយឱ្យអាហ្សង់ទីនក្លាយជាជើងឯក។
នៅ World Cup 2022 Messi ក៏ទទួលបានកំណត់ត្រាមួយផ្សេងទៀតពី Guinness នោះគឺ «កីឡាករដំបូងគេដែលបង្កឱកាសរកបានគ្រាប់បាល់នៅ World Cup ចំនួន 5 រដូវកាល។
ចំណែក Ronaldo វិញ កំណត់ត្រាថ្មីបំផុតដែលបានទទួលពី Guinness គឺ «បុគ្គលដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Instagram» ដោយមានអ្នកតាមដានជាង 565 លាននាក់ គិតត្រឹមថ្ងៃទី 24 មីនា 2023។ នៅថ្ងៃនោះ Ronaldo ក៏ទទួលបានកំណត់ត្រាមួយផ្សេងទៀត គឺ «បុរសដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram»។ បច្ចុប្បន្ន ចំនួនគណនីដែលតាមដាន Ronaldo នៅលើ Instagram បានកើនឡើងដល់ជាង 598 លាននាក់។
Ronaldo ក៏ធ្លាប់បង្ហោះរូបថតស្ដីពីកំណត់ត្រា Guinness មួយរបស់ខ្លួននៅលើបណ្ដាញសង្គម ពេល CR7 យកឈ្នះលើ Ali Daei ដោយបានក្លាយជាកីឡាករដែលទាត់ចូលទីបានច្រើនគ្រាប់បំផុតសម្រាប់ក្រុមជម្រើសជាតិ។ Ronaldo រកបាន 123 គ្រាប់ នៅក្នុង 200 ប្រកួតដែលបានទាត់ឱ្យព័រទុយហ្កាល់៕