ណា​សា​រកឃើញ​រលកសញ្ញារ​បស់​យានអវកាស​ស្ថិត​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ

Voyager 2 កំពុងផ្លាស់ទីឆ្លងកាត់លំហអវកាសក្នុងតំបន់អន្តរតារា និងមានចម្ងាយពីផែនដីចំនួន 19.9 ពាន់លានគីឡូម៉ែត្រ

ក្រុម​វិស្វករ​របស់​ណា​សា បានទទួល​រលកសញ្ញា​ពី Voyager 2 ដែល​នេះ​នាំមក​នូវ​ក្ដីសង្ឃឹម​នៅក្នុង​ការតភ្ជាប់​ទំនាក់​ទំនង​ឡើងវិញ​ជាមួយនឹង​យានអវកាស​នេះ​បាន​ឆាប់​ជាង​ច្រើន​ខែ ធៀប​នឹង​ការគ្រោងទុក។

ជាង​មួយ​សប្ដាហ៍​បន្ទាប់ពី​បាន​ដាច់​ទំនាក់ទំនង​ជាមួយនឹង​យានអវកាស​អន្តរ​តារា Voyager 2 ក្រុម​អ្នកជំនាញ​របស់​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) ក៏​ទទួលបាន​រលកសញ្ញា​ដែល​អាចឱ្យ​ពួកគេ​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ។ ការទទួលបាន​រលក​សញ្ញា​នេះ​កើតឡើង​កាលពី​ថ្ងៃទី 01 សីហា នៅពេល Voyager 2 កំពុង​ផ្លាស់​ទី​ឆ្លងកាត់​លំហ​អវកាស​ក្នុង​តំបន់​អន្តរ​តារា និង​មាន​ចម្ងាយ​ពី​ផែនដី​ចំនួន 19.9 ពាន់​លាន​គីឡូម៉ែត្រ។

អ្នកជំនាញ​របស់​ណា​សា និយាយថា «សញ្ញា «ចង្វាក់បេះដូង» នេះ បង្ហើប​ឱ្យដឹងថា យាន Voyager 2 នៅតែ​ធ្វើ​សកម្មភាព»។

ក្រោយពី​រលកសញ្ញា​ត្រូវបាន​បញ្ជាក់ ណា​សា​នឹង​សាកល្បង​បញ្ជូន​កូដ​បញ្ជា​យាន​ទៅកាន់ Voyager 2 ដើម្បីឱ្យ​វា​បង្វែរ​ទិស​របស់​អង់​តែ​ន​តម្រង់​មកកាន់​ផែនដី។ តាម​ធម្មតា កូដ​បញ្ជា​យាន​នេះ​ត្រូវការ​ពេល​ប្រហែល 18.5 ម៉ោង ទើប​ទៅដល់​យាន Voyager 2 ហើយ​ថែម​ប្រហែល 18.5 ម៉ោង​ទៀត ដើម្បីឱ្យ​មនុស្ស​អាច​ទទួលបាន​ទិន្នន័យ​ពី​យាន​នេះ។

បើសិន​ការសាកល្បង​ខាងលើ​មិនបាន​ជោគជ័យ យាន Voyager 2 នឹង​តម្រង់ទិស​អង់​តែ​ន​របស់​វា​ឡើងវិញ​ដោយ​ខ្លួនឯង​នៅ​ថ្ងៃទី 15 តុលា 2023 ទៅតាម​ការកំណត់​នៅក្នុង​កម្មវិធី​ដែល​បំពាក់​លើ​យាន។

ណា​សា​ឱ្យដឹងថា ពួកគេ​បាន​ដាច់​ទំនាក់ទំនង​ជាមួយនឹង​យាន Voyager 2 តាំងពី​ថ្ងៃទី 21 កក្កដា 2023 បន្ទាប់ពី​កូដ​បញ្ជា​យាន​មួយចំនួន​បានធ្វើឱ្យ​អង់​តែ​ន​របស់​យានអវកាស​នេះ ត្រូវ​បែរ​ល្អៀង​ពីមុខ​ព្រួញ​មកកាន់​ផែនដី​ប្រហែល 2 ឌឺ​ក្រេ។ កំហុស​នេះ​ធ្វើឱ្យ​ណា​សា​មិនអាច​ទទួល​ទិន្នន័យ​ដែល​បញ្ជូន​មកពី Voyager 2។ យានអវកាស​នេះ បច្ចុប្បន្នកំពុង​គោចរ​តែលតោល​នៅក្នុង​លំហ​អវកាស​ងងឹត ក្រោយពី​បាន​ហោះ​ផុតពី​តំបន់​ព្រំដែន​ខាងក្រៅ​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​កាលពី​ខែវិច្ឆិកា​ឆ្នាំ 2018។

យានអវកាស Voyager 1 និង Voyager 2 ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ខី​សីហា និង​កញ្ញា ឆ្នាំ 1977 ក្នុងនោះ Voyager 2 ត្រូវបាន​បាញ់​បង្ហោះ​មុន។ យាន​ទាំងពីរ​នេះ​សុទ្ធតែ​បាន​ហោះ​កាត់​ពីមុខ​បណ្ដា​ភព​ដែល​នៅ​ជាយ​ប្រព័ន្ធ​ព្រះអាទិត្យ មុនពេល​ឆ្លងកាត់​ព្រំដែន​ឆ្ងាយ​បំផុត​របស់​តំបន់​ហេ​លី​អូ​ស្ពែ​រ (Heliosphere) ជា​ស្រទាប់​ក្រៅ​បង្អស់​នៃ​បរិយាកាស​ព្រះអាទិត្យ​ដែល​បែងចែក​ប្រព័ន្ធ​ព្រះអាទិត្យ​ពី​តំបន់​អន្តរ​តារា។

យាន Voyager 1 បាន​ទៅដល់​តំបន់​អន្តរ​តារា​មុន ដោយបាន​ឆ្លងកាត់​ហេ​លី​អូ​ស្ពែ​រ​កាលពី​ខែសីហា 2012។ បច្ចុប្បន្ន យាន​នេះ​កំពុងស្ថិត​ឆ្ងាយ​ពី​ផែនដី 23.8 ពាន់​លាន​គីឡូម៉ែត្រ។ Voyager 1 និង Voyager 2 នៅសល់​ថាមពល​ដែល​អាចឱ្យ​ប្រើប្រាស់​បានរ​ហូត​ដល់​យ៉ាងតិច​ត្រឹម​ឆ្នាំ 2025។

Voyager 1 និង Voyager 2 នឹង​នៅតែ​អាច​បន្ត​បំពេញបេសកកម្ម​ផ្ញើ​សារ​ទៅកាន់​ភាវៈ​រស់នៅក្នុង​ប្រព័ន្ធ​ផ្កាយ​នានា បន្ទាប់ពី​ពួកវា​អស់​ថាមពល ដោយសារ​តែមាន​បំពាក់​ថាស​ដែល​ផ្ទុក​សារ​ពី​មនុស្សលោក ក្នុងនោះ​មាន​ទាំង​សំឡេង​នានា និង​ផែនទី​ផ្កាយ​របស់​ផែនដី​ជាដើម៕

Advertisement